
ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង
ដោយKaren Huang
October 31, 2025
អេភេសូរ ១:៥-៧
យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់។ អេភេសូរ ១:៧
លោកអនដ្រេស(Andres) គឺជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិកមួយ បានឲ្យរង្វាន់ដល់បុគ្គលិក ដែលបានលក់ផលិតផល ក្នុងកំណត់ត្រាដ៏លេចធ្លោ ដោយឲ្យពួកគេធ្វើដំណើររយៈពេលមួយថ្ងៃ ទៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង។ លោកអនដ្រេក៏បានយកកូនប្រុសគាត់អាយុ៧ឆ្នាំ ឈ្មោះជីមមី(Jimmy) ទៅជាមួយផងដែរ។ មុនពេលចេញដំណើរ គាត់បានកាន់ដៃឪពុកគាត់ដោយចិត្តរំភើបរីករាយ ខណៈពេលដែលអ្នកដំណើរម្នាក់ៗឡើងជិះឡានវែន។ មានបុគ្គលិករបស់គាត់ម្នាក់ បានសួរជីមមី ក្នុងលក្ខណៈលេងសើចថា តើគាត់នឹងចូលរួមដំណើរកម្សាន្តជាមួយពួកគេមែនទេ? តើគាត់លក់ផលិតផលបានប៉ុន្មានដែរ? គាត់ឆ្លើយថា គាត់មិនបានលក់ផលិតផលទេ។ ឪពុករបស់គាត់បានអនុញ្ញាតឲ្យគាត់ចូលរួមដំណើរកម្សាន្តនេះ។
ជីមមី មិនចាំបាច់ត្រូវធ្វើការងារ ដើម្បីឲ្យបានចូលរួមដំណើរកម្សាន្តនេះឡើយ ព្រោះឪពុករបស់គាត់គឺជាអ្នកបង់ថ្លៃធ្វើដំណើរ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏មិនពឹងផ្អែកលើអំពើល្អរបស់យើង ដើម្បីឲ្យបានចូលស្ថានសួគ៌ដែរ។ ព្រះទ្រង់បានបើកផ្លូវឲ្យយើងចូលនគរស្ថានសួគ៌ ដោយសារការសុគតរបស់ព្រះយេស៊ូវជំនួសយើង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ “ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់”(រ៉ូម ៦:២៣) ហើយព្រះលោហិតរបស់ព្រះយេស៊ូវ គឺជា “ថ្លៃលោះ” ដែលបានរំដោះយើងឲ្យរួចពីបំណុល ដែលយើងបានជំពាក់ព្រះអង្គ។ “យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ ព្រះអង្គបានបើកផ្លូវដល់អស់អ្នកណាដែលជឿព្រះអង្គ “មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បវិញ”(យ៉ូហាន ៣:១៦)។ ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ និងជំនឿដែលយើងមានចំពោះព្រះអង្គ អនុញ្ញាតឲ្យយើងទៅរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។
ពេលណាយើងទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ យើងក្លាយជាកូនរបស់ព្រះ។ នេះគឺជា “ព្រះគុណដ៏ឧត្ដមរបស់ទ្រង់” ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ(អេភេសូរ ១:៦)។ យើងក៏អាចមើលទៅព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ហើយនិយាយដោយទំនុកចិត្តថា “ព្រះវរបិតាបានអនុញ្ញាតឲ្យខ្ញុំចូលរួមជាមួយព្រះអង្គ”។—Karen Huang
តើការដឹងថា ព្រះយេស៊ូវបានសុគតជំនួសអ្នក បានធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេច?
តើសេចក្តីពិតនេះមានឥទ្ធិពលយ៉ាងណាមកលើជីវិតអ្នក?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសុគតជំនួសទូលបង្គំ។
ដោយសារព្រះគុណ និងសេចក្តីស្រឡាញ់ ព្រះអង្គបានអត់ទោសឲ្យបាបរបស់ទូលបង្គំ។
ទូលបង្គំអាចទន្ទឹងរង់ចាំពេលដែលទូលបង្គំនឹងបានទៅរស់នៅជាមួយព្រះអង្គជារៀងរហូត។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២២-២៣ និង ទីតុស ១