
មនុស្សមកពីគ្រប់ជាតិសាសន៍
ដោយKirsten Holmberg
November 1, 2025
វិវរណៈ ៧:៩-១០,១៣-១៧
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម។ វិវរណៈ ៧:៩
កាលពីឆ្នាំ២០១០ អ្នកជឿព្រះយេស៊ូវជិត៤ពាន់នាក់ បានជួបជុំគ្នា ក្នុងទីក្រុងខេប ថោន ប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកចូលរួមមកពី១៩៨ប្រទេស មានវត្តមានក្នុងសន្និសីទ ដែលគេបានចាត់ទុកជាការប្រជុំគ្នារបស់ពួកជំនុំគ្រីស្ទបរិស័ទ ដែលមានតំណាងមកពីប្រជាជាតិច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តពួកជំនុំ ជាង២ពាន់ឆ្នាំ ចាប់តាំងពីពេលដែលព្រះយេស៊ូវបានយាងមកចាប់កំណើតនៅលើផែនដី។
ថ្ងៃមួយ នឹងមានការជួបជុំគ្នាដែលមិនត្រូវការឲ្យមានអ្នកតំណាងជាតិសាសន៍នីមួយៗទៀតទេ ព្រោះអ្នកជឿទាំងអស់ ដែលបានសង្គ្រោះ នឹងបានជួបជុំគ្នាដោយផ្ទាល់។ ក្នុងការទទួលការបើកសម្ដែងពីព្រះ សាវ័កយ៉ូហានបានពិពណ៌នា អំពីរឿងនេះថា “ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង”(វិវរណៈ ៧:៩-១០)។
ពួកជំនុំក្នុងតំបន់របស់យើង មិនតែងតែឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នា ដែលកើតមានក្នុងនគរដ៏អស់កល្បរបស់ព្រះឡើយ។ ជួនកាល បញ្ហានេះកើតឡើង ដោយសារកត្តាដែលយើងមិនអាចគ្រប់គ្រងបាន ពេលខ្លះទៀត យើងចង់ថ្វាយបង្គំជាមួយមនុស្សដែលមានវប្បធម៌ស្រដៀងយើង ឬស្ថិតក្នុងជំនាន់ដូចយើង ឬមួយមាននិន្នាការនយោបាយ និងស្ថានភាពសេដ្ឋកិច្ចស្រដៀងយើង។
ប៉ុន្តែ យើងថ្វាយព្រះកិត្តិនាមដល់ព្រះ ពេលណាយើងឱបក្រសោប ឬថែមទាំងស្វែងរកភាពខុសប្លែកគ្នាដ៏ស្រស់ស្អាត ដែលព្រះអង្គបានប្រទានកូនព្រះអង្គផ្សេងៗគ្នា។ ការនេះផ្តល់ឲ្យយើងនូវការរំពឹងទុកជាមុន នូវភាពចម្រុះគ្នា ក្នុងការជួបជុំគ្នានៅស្ថានសួគ៌ នៅពេលដែលអស់អ្នកដែលជឿលើការលះបង់របស់ព្រះយេស៊ូវ នឹងបានថ្វាយបង្គំព្រះអង្គជាមួយគ្នា។—Kirsten Holmberg
តើអ្នកអាចស្វាគមន៍មនុស្សដែលខុសពីអ្នក តាមរបៀបដែលប្រសើរជាងមុន ដូចម្តេចខ្លះ?
តើភាពខុសប្លែកគ្នានោះអាចជួយឲ្យអ្នកមានការយល់ដឹងកាន់តែច្បាស់ អំពីព្រះអម្ចាស់យ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានឱកាសដើម្បីឲ្យទូលបង្គំថ្វាយបង្គំព្រះអង្គ
ជាមួយមនុស្សដែលខុសពីទូលបង្គំ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២