
សិរីល្អ ក្នុងរឿងដ៏សាមញ្ញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 4, 2025
«នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង... ន៉ាអូមី ក៏យកកូនតូចមកបីបម ហើយថែរក្សា» (នាងរស់ ៤:១៤-១៥, ១៦)។
តាមធម្មតា គេយកកូនដំបូងដែលទើបចាប់កំណើតទៅឲ្យជីដូនជីតាឃើញ គឺមិនមែនជាទិដ្ឋភាពចម្លែកអ្វីទេ។ ប៉ុន្តែ ទិដ្ឋភាពនេះមានភាពអស្ចារ្យ ដោយសារប្រវត្តិរបស់នាង ណាអូមី និងអនាគតនៃគ្រួសារតូចមួយនេះ។ នាង ណាអូមី បានត្រឡប់មកភូមិបេថ្លេហិមវិញ បន្ទាប់ពីបានបញ្ចុះសពស្វាមី និងកូនប្រុសទាំងពីរហើយ។ គាត់បានមកដោយដៃទទេ និងពេញទៅដោយការសោកសង្រេង។ ឥឡូវនេះ ជីវិតរបស់គាត់មានភាពពេញលេញឡើងវិញដោយក្តីអំណរ និងក្តីសង្ឃឹម។ កូនតូចនោះគឺជាអ្នកជំនាន់ថ្មីរបស់គ្រួសារគាត់ ដែលនឹងនាំមកនូវភាពរស់រវើក និងភាពស្រស់ថ្លាដល់វ័យចំណាស់របស់គាត់។ មកដល់ចំណុចនេះ កូនតូចនោះនាំមកនូវសេរីភាពដែលកើតចេញពីការប្រោសលោះ។ ប៉ុន្តែ ខណៈពេលដែលយើងក្រឡេកមកមើលទិដ្ឋភាពធម្មតានេះ ដែលមានការចាប់កំណើតរបស់កូនតូច យើងក៏អាចដឹងផងដែរថា រឿងនេះបានប្រកាសដំណឹងដ៏អស្ចារ្យថា ដោយសារការថែរក្សាដែលព្រះទ្រង់មានសម្រាប់ស្ត្រីមេម៉ាយទាំងពីរនាក់នោះ ដោយសារព្រះគុណទ្រង់ នោះព្រះអង្គក៏បានជួយប្រជាជាតិអ៊ីស្រាអែលទាំងមូល ក៏ដូចជាមនុស្សជាតិទាំងអស់។ តាមរយៈនាង រស់ ព្រះទ្រង់បានបន្តវង្សត្រកូលគ្រួសារមួយ ដែលក្រោយមកមានស្ដេច ដាវីឌ ហើយបន្ទាប់មក មានព្រះយេស៊ូវគ្រីស្ទចាប់កំណើត។
សូម្បីតែព្រះយេស៊ូវដែលជាស្ដេចលើអស់ទាំងស្ដេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏បានឆ្លងកាត់ភាពសាមញ្ញក្នុងការរស់នៅផងដែរ។ ព្រះអង្គក៏ធ្លាប់ត្រូវគេបីនៅលើភ្លៅ។ ទ្រង់មានម្តាយជាមនុស្សសាមញ្ញ។ ព្រះអង្គប្រសូតនៅក្នុងក្រោលសត្វ មិនមែននៅក្នុងរាជវាំងនោះទេ។
ជ័យជម្នះរបស់ទ្រង់បានកើតឡើងពីការសុគតនៅលើឈើឆ្កាង ជាការស្លាប់សម្រាប់ឧក្រិដ្ឋជន មិនមែនកើតឡើងនៅលើបល្ល័ង្កដែលទ្រង់ឈ្នះបានពីខ្មាំងសត្រូវ។ មនុស្សភាគច្រើនមិននឹកស្មានថា ព្រះដ៏មានចេស្ដាបានចាប់កំណើតមកយ៉ាងដូចនេះទេ ប៉ុន្តែដែលពួកអ្នកប្រាជ្ញបានស្វែងរកព្រះយេស៊ូវ ជាដំបូងនៅក្នុងរាជវាំងជាយ៉ាងណា (ម៉ាថាយ ២:១-៣) នោះ យើងក៏ច្រើនតែស្វែងរកព្រះអង្គនៅកន្លែងខុសផងដែរ។ ពេលយើងធ្វើដូចនេះ យើងកំពុងតែប្រថុយនឹងការធ្លាក់ខ្លួន ដូចនាង «ម៉ារ៉ា» ជាជាងនាង «ណាអូមី» (នាងរស់ ១:២០) ដែលមានចិត្តជូរល្វីង ជាជាងមានការអរសប្បាយដោយការស្កប់ចិត្ត។
ផែនការដ៏អស់កល្បរបស់ព្រះបានបើកបង្ហាញ ក្នុងចំណោមមនុស្សដែលសាមញ្ញ ដែលកំពុងធ្វើរឿងធម្មតា ក្នុងកន្លែងធម្មតា។ បើអ្នកមានជីវិតសាមញ្ញ រឿងនេះគួរតែបានលើកទឹកចិត្តអ្នក! មានមនុស្សតិចណាស់ ដែលមានឈ្មោះជាប់នៅក្នុងប្រវត្តិសាស្ត្រ។ ទោះអ្នកជាម្តាយសាមញ្ញដែលកំពុងចិញ្ចឹមកូនសាមញ្ញ ដោយធ្វើអ្វីៗដែលសាមញ្ញជារៀងរាល់ថ្ងៃ ឬជាជីតាសាមញ្ញម្នាក់ ដែលនិទានរឿងចាស់ដ៏សាមញ្ញ ឬមួយជាសិស្សសាមញ្ញ ដែលធ្វើកិច្ចការគ្រូដាក់ឲ្យធ្វើនៅផ្ទះ ឬធ្វើសកម្មភាពធម្មតារាល់ថ្ងៃ ហើយទោះអ្នកជាមនុស្សសាមញ្ញយ៉ាងណាក៏ដោយ ក៏អ្នកអាចរកឃើញសិរីល្អទ្រង់នៅជុំវិញខ្លួនអ្នក។ ហើយសេចក្តីស្មោះត្រង់របស់អ្នកក្នុងពេលធម្មតាអាចក្លាយជាមធ្យោបាយ ដែលព្រះទ្រង់ប្រើ ដើម្បីជះឥទ្ធិពលដ៏អស្ចារ្យ ដើម្បីបុព្វហេតុនៃដំណឹងល្អដោយព្រះគុណទ្រង់។
នៅពេលដែលអ្នកជួបការល្បួងឲ្យមានអារម្មណ៍ថា អ្នកមិនបានធ្វើអ្វីជាដុំកំភួន ឬជឿការកុហករបស់អារក្សដែលថា អ្នកមិនអាចនាំឲ្យមានការផ្លាស់ប្ដូរ ឬអ្នកគ្មានតម្លៃអ្វីសោះសម្រាប់ព្រះ នោះចូរចាំថា បន្ទាប់ពីភាពជោគជ័យ ពាក្យសម្ដី និងប្រាជ្ញារបស់មនុស្សបានសាបរលាបអស់ សេចក្តីស្មោះត្រង់ សេចក្តីសប្បុរស ភាពត្រឹមត្រូវ សេចក្តីស្រឡាញ់ និងសេចក្តីសំឡូត ដែលព្រះទ្រង់ធ្វើការនៅក្នុង និងតាមរយៈអ្នក នឹងមានឥទ្ធិពលមកលើជីវិតមនុស្ស និងស្ត្រី លើសពីអ្វីដែលអ្នកអាចស្រមៃ។ នេះជាភាពអស្ចារ្យនៃរឿងរបស់នាង ណាអូមី និងភាពអស្ចារ្យនៃប្រវត្តិសាស្ត្រទាំងមូល នៅត្រង់ចំណុចដែលថា សិរីល្អដ៏អស្ចារ្យរបស់ព្រះបានបញ្ចេញពន្លឺក្នុងភាពសាមញ្ញ។ សេចក្តីពិតនោះអាចផ្លាស់ប្ដូររបៀបដែលអ្នកគិត និងរស់នៅជារៀងរាល់ថ្ងៃ។
ខគម្ពីរសញ្ជឹងគិត៖ នាងរស់ ៤:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ណាហ៊ុម និងកូឡូស ២