ព្រឹក

ព្រះយេស៊ូវមានជ័យជម្នះ
ដោយArthur Jackson
November 5, 2025
ម៉ាថាយ ៤:២៣-២៥
ទ្រង់បានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសឲ្យអស់អ្នក ដែលត្រូវអារក្សសង្កត់សង្កិនបានជាផង។ កិច្ចការ ១០:៣៨
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧៣ នៅពេលដែលការប្រកួតកីឡាបាល់ឱប នៅព្រឹត្តិការណ៍នៃការប្រកួតស៊ូព័រ បូល ទី៧ បានចាប់ផ្តើម ក្រុមកីឡាករមួយកំពុងតែប្រឈមមុខដាក់ការបាត់បង់ភាពល្អឥតខ្ចោះ។ រហូតមកដល់ពេលនោះ ក្នុងរដូវកាលនៃការប្រកួតកីឡាបាល់ឱបអាមេរិក ក្រុមម៉ៃអាមី ដូលហ្វ៊ីនមានកំណត់ត្រាដ៏ល្អឥតខ្ចោះ ដោយឈ្នះការប្រកួត៦ដង មិនដែលចាញ់។ ហើយនៅពេលដែលការប្រកួតនៅស៊ូព័រ បូលបានបញ្ចប់ ក្រុមដូហ្វ៊ីន ដែលបានទទួលជ័យជម្នះក្នុងការប្រកួត បានជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់កីឡា ធ្វើជាក្រុមកីឡាបាល់ឱបអាជីពតែមួយគត់ ដែលមានកំណត់ត្រាដ៏ល្អឥតខ្ចោះ។
ការមានជ័យជម្នះ ក៏ជាលក្ខណៈសម្បត្តិដ៏សក្ដិសមរបស់ព្រះយេស៊ូវផងដែរ។ បើយើងពិនិត្យមើលព្រះរាជកិច្ចរបស់ទ្រង់ ឲ្យបានជិត យើងឃើញថា ព្រះអង្គមានជ័យជម្នះម្តងហើយម្តងទៀត។ កណ្ឌគម្ពីរម៉ាថាយ បានកត់ត្រាអំពីព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ ក្នុងតំបន់កាលីឡេ(ម៉ាថាយ ៤:២៣-៩:៣៨) ដែលរាប់បញ្ចូលការនិយាយសង្ខេបនៅដើមដំបូង និងចុងបញ្ចប់នៃការពិពណ៌នានេះថា “ព្រះយេស៊ូវ ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ នឹងអស់ទាំងជរាពិការ ក្នុងពួកបណ្ដាជនឲ្យជាផង”(៤:២៣ មើល ៩:៣៥)។ ព្រះគ្រីស្ទមានជ័យជម្នះ មកលើអារក្ស ជំងឺ និងសេចក្តីស្លាប់(មើល ម៉ាកុស ៥:១-៤៣)។ ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង មានលក្ខណៈដូចបរាជ័យជាដំណំ តែតាមពិត គឺជាជ័យជម្នះធំបំផុត។ ព្រះអង្គបានឈ្នះសេចក្តីស្លាប់ ជាខ្មាំងសត្រូវធំបំផុត ដោយការមានព្រះជន្មរស់ឡើងវិញ(មើល កិច្ចការ ២:២៤)។
អ្នកមានជ័យជម្នះ ទោះនៅក្នុងកីឡា ឬក្នុងវិស័យផ្សេងទៀតក្តី តែងតែទទួលបានរង្វាន់ និងអំណោយ។ តើការឆ្លើយតបដូចម្តេច ដែលមានភាពសមរម្យចំពោះព្រះយេស៊ូវ ដែលព្រះជន្ម ការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ បាននាំមកនូវការអត់ទោស និងទំនាក់ទំនងត្រឹមត្រូវជាមួយព្រះ ដល់អស់អ្នកដែលទទួលជឿព្រះអង្គ? ភាពស្ម័គ្រស្មោះក្នុងការថ្វាយបង្គំព្រះអង្គ គឺជាការឆ្លើយតបដែលសមរម្យបំផុត!—Arthur Jackson
តើជ័យជម្នះរបស់ព្រះយេស៊ូវបានធ្វើឲ្យអ្នកមានការស្ញប់ស្ញែង ត្រង់ចំណុចណាខ្លះ?
តើអ្នកអាចអបអរ ជ័យជម្នះរបស់ព្រះអង្គពីពេលអតីតកាល និងបច្ចុប្បន្ន យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានចាប់អារម្មណ៍ថា ព្រះអង្គមានភាពអស្ចារ្យប៉ុណ្ណា។
សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញព្រះអង្គ និងបើកចិត្តទូលបង្គំឲ្យថ្វាយបង្គំព្រះអង្គ។
For further study, read The Struggle is Real at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៤-៣៦ និង ហេព្រើរ ២
ល្ងាច

អាថ៌កំបាំងនៃប្រវត្តិសាស្ត្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 5, 2025
«ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ» (នាងរស់ ៤:១៧)។
ប្រវត្តិសាស្ត្រមានសារៈសំខាន់។ ប្រវត្តិរបស់អ្នកក៏សំខាន់ដែរ។
អ្នកមានអត្តសញ្ញាណក្នុងកម្រិតណាមួយ ដោយសារអត្តសញ្ញាណរបស់ឪពុកម្តាយអ្នក និងជីដូនជីតារបស់អ្នក។ល។ យើងម្នាក់ៗបានកើតចេញពីខ្សែលោហិតរបស់គ្រួសារដោយជៀសមិនរួច ហេតុនេះហើយ យើងគឺជាភស្តុតាងបញ្ជាក់អំពីការរៀបចំរបស់ព្រះដែលនាំឲ្យយើងមកដល់កន្លែងនេះ ក្នុងពេលនេះ។
នៅពេលដែលនាង រស់ បង្កើតបានអូបិឌ ជាចៅរបស់នាង ណាអូមី នាងមិនអាចដឹងជាមុនថា អ្នកពណ៌នានឹងប្រាប់អ្នកអានថា អូបិឌ នឹងក្លាយជាបុព្វបុរសរបស់ព្រះយេស៊ូវនោះទេ។ ប៉ុន្តែ ព្រះទ្រង់ជ្រាប ហើយយើងក៏បានឃើញព្រះអង្គសម្រេចផែនការនៃការប្រោសលោះរបស់ព្រះអង្គក្នុងរឿងនេះ។ នាង រស់ និងគ្រួសាររបស់នាងមិនបានរស់នៅក្រោមអំណាចនៃយថាកម្មដែលខ្វាក់ភ្នែក ឬរសាត់អណ្ដែតចុះឡើយ នៅក្នុងសមុទ្រនៃភាពចៃដន្យនោះទេ។ កំណើតរបស់លោក អូបិឌ បានក្រើនរំឭកយើងម្តងទៀតថា ព្រះទ្រង់យកព្រះទ័យទុកដាក់ ថែរក្សា គ្រប់គ្រង និងផ្គត់ផ្គង់ ហើយព្រះអង្គតែងតែធ្វើការ នៅពីក្រោយឆាកនៃការសម្រេចចិត្តរបស់មនុស្ស និងការបត់បែននៃជីវិត ដើម្បីសម្រេចគោលបំណងរបស់ទ្រង់។
នេះជាអាថ៌កំបាំងនៃប្រវត្តិសាស្ត្រទាំងមូល ដែលក្នុងនោះព្រះទ្រង់បានដេរភ្ជាប់ធាតុផ្សំទាំងអស់នៃអតីតកាលរបស់យើងដែលដាច់ពីគ្នា និងមានលក្ខណៈខុសគ្នា ដើម្បីជំរុញ និងដឹកនាំយើង ទៅរកមនុស្ស និងទីកន្លែងដែលយើងកំពុងនៅ។ មុនពេលដែលបេះដូងដ៏ក្មេងខ្ចីរបស់យើង អាចយល់អ្វីដែលកំពុងកើតឡើង ព្រះទ្រង់កំពុងផ្គត់ផ្គង់យើងដោយព្រះគុណ និងសេចក្តីមេត្តា តាមរយៈម្តាយដែលបញ្ចុកអាហារដល់យើង តាមរយៈញាតិមិត្តដែលថែរក្សាយើង ឬតាមរយៈជីដូនជីតាដែលនៅមើលថែយើង។
ចាប់តាំងពីពេលដែលអ្នកចាប់កំណើតក្នុងផ្ទៃម្តាយ ព្រះទ្រង់បានការពារ និងដឹកនាំអ្នក សូម្បីតែនៅថ្ងៃដែលងងឹតបំផុត។ យើងម្នាក់ៗមិនមែនជាការប្រមូលផ្តុំនៃម៉ូលេគុល ដោយចៃដន្យនោះទេ។ យើងជាស្នាព្រះហស្តរបស់ព្រះ ហើយព្រះអង្គកំពុងថែរក្សាយើងម្នាក់ៗ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានប្រោសលោះយើងផងដែរ។ តាំងពីដើមដំបូងមក ព្រះទ្រង់បានធ្វើការតាមរយៈបុគ្គល និងគ្រួសារដោយប្រមូលផ្តុំមនុស្សដែលជារាស្ត្ររបស់ព្រះអង្គ។ ចាប់តាំងពីកណ្ឌគម្ពីរលោកុប្បត្ដិដល់វិវរណៈ យើងអាចដឹងអំពីគោលបំណងនៃការប្រោសលោះដ៏អស់កល្ប។ ការនាំនាង រស់ ដែលជាសាសន៍ម៉ូអាប់ ចូលក្នុងគ្រួសារដែលព្រះអង្គបានលោះ គឺបានធ្វើបន្ទាល់អំពីអធិបតេយ្យភាពរបស់ព្រះ សេចក្តីមេត្តាដែលអាចយល់បាន ដែលក្នុងនោះ ព្រះអង្គបានប្រើអាពាហ៍ពិពាហ៍របស់នាងជាមួយលោក បូអូស ដែលមិនទំនង ដើម្បីបង្កើតសែស្រឡាយស្ដេចដាវីឌ និងព្រះយេស៊ូវគ្រីស្ទ។
ឧទាហរណ៍នៃរឿងដែលបានធ្វើបន្ទាល់ ដូចរឿងនាង រស់ គួរតែបានជួយយើងឲ្យកាន់តែមានជំនឿរឹងមាំទៅលើការអ្វីដែលព្រះទ្រង់អាចធ្វើបាន។ គឺគួរតែកំឡាចិត្តយើងឲ្យនិយាយទៅកាន់មិត្តភក្ដិ និងអ្នកជិតខាងរបស់យើងថា សិរីល្អ និងសោកនាដកម្មដែលបានកើតឡើងក្នុងប្រទេសជាតិយើង ក្តីអំណរ និងទុក្ខព្រួយក្នុងជីវិតយើង ហើយការឈឺចាប់ និងការខកចិត្តក្នុងជីវិតគ្រួសាររបស់យើង គឺមិនបានរកឃើញអត្ថន័យចុងក្រោយ នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ឬក្នុងជីវប្រវត្តិរបស់មនុស្សនោះទេ តែក្នុងលក្ខណៈជាផ្នែកមួយនៃផែនការរបស់ព្រះ។ ព្រះអង្គបានបង្ហាញអង្គទ្រង់ជាព្រះអាទិករ ជាអ្នកប្រោសលោះ អ្នកទ្រទ្រង់ និងអ្នកគ្រប់គ្រង ដែលមានក្តីស្រឡាញ់ សេចក្តីបរិសុទ្ធ មានលក្ខណៈជាអង្គបុគ្គល និងគ្មានដែនកំណត់។
នេះជាដំណឹងល្អ! នេះគឺជាអាហារសម្រាប់វិញ្ញាណរបស់យើង នៅពេលដែលថ្ងៃមានភាពងងឹត ហើយការសង្ស័យកើតមាន។ នេះជាការធានាថា ព្រះទ្រង់នឹងមិនដែលឈប់ខ្វល់ពីយើងឡើយ។ ការនេះក៏បាននាំឲ្យជីវិតយើងមានន័យ។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១:១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហាបាគុក និងកូឡូស ៣