ព្រឹក

ដំណឹងល្អ គឺជាអាទិភាព
ដោយBill Crowder
November 6, 2025
១កូរិនថូស ១៥:៣-៨
យេរេមា ៣៧-៣៩ និង ហេព្រើរ ៣
១កូរិនថូស ១៥:៣-៨
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ... រួចដល់ថ្ងៃទី៣នោះទ្រង់មានព្រះជន្មរស់ឡើងវិញ។ ១កូរិនថូស ១៥:៣-៤
លោកថូម៉ាស ដឺ ម៉ាហ៊ី(Thomas de Mahy) ស្ថិតក្នុងចំណោមពួកអភិជន ដែលត្រូវហ្វូងមនុស្សកាត់ទោសប្រហារជីវិត ក្នុងអំឡុងសម័យបដិវត្តន៍ប្រទេសបារាំង នៅចុងសតវត្សរ៍ទី១៨។ មានរឿងព្រេងមួយបានដំណាលថា នៅពេលគេអានដីកាប្រហារជីវិត លោកដឺ ម៉ាហ៊ីក៏បានឆ្លើយតបថា “ខ្ញុំអាចមើលដឹងថា អ្នកបានប្រកបខុសបីពាក្យហើយ”។ បើរឿងនេះពិតមែន នោះលោកដឺ ម៉ាហ៊ី បានចង្អុលបង្ហាញថា គាត់មិនបានខ្វល់ពីសេចក្តីស្លាប់របស់គាត់ដែលហៀបនឹងមកដល់ ជារឿងដែលសំខាន់ជាងការប្រកបពាក្យខុសទៅទៀត។
សព្វថ្ងៃនេះ យើងកំពុងតែប្រឈមមុខដាក់គ្រោះថ្នាក់ នៃការមើលរំលងចំណុចសំខាន់ ដោយមិនដឹងខ្លួន គឺចំណុចដែលសំខាន់ចំពោះរូបកាយព្រះគ្រីស្ទ(ដែលជាពួកជំនុំ)។ មានមនុស្សដែលបានធ្វើឲ្យគេយល់ខុស អំពីគោលបំណងរបស់ពួកជំនុំ។ ប្រហែលជាយើងយល់ថា ព្រះវិហារគឺជាឧបករណ៍នយោបាយ ឬជាកន្លែងសម្រាប់ឲ្យយើងក្លាយជាអ្នកមាន ឬមួយសម្រាប់ឲ្យគេបម្រើយើង។ ពុំនោះទេ ប្រហែលជាយើងគិតថា ព្រះវិហារគ្រាន់តែជាស្ថាប័នសាសនាមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ គឺជាអាទិភាពធំបំផុតរបស់ពួកជំនុំ តាំងពីដើមមក។
សាវ័កប៉ុលបានប្រាប់អ្នកជឿព្រះ នៅទីក្រុងកូរិនថូសថា “ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ការបង្រៀនអ្វីផ្សេងទៀត ក្នុងជីវិតគ្រីស្ទានអាចមានប្រយោជន៍ តាមពេលវេលា និងទីកន្លែងផ្សេងគ្នា តែដំណឹងល្អគឺជាការបង្រៀនសំខាន់បំផុត សម្រាប់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាភ្នាក់ងារនៃដំណឹងល្អរបស់ព្រះ ទៅកាន់លោកិយ ដែលកំពុងជ្រួតជ្រាបយ៉ាងខ្លាំង ដោយដំណឹងអាក្រក់? គឺដោយទូលសូមព្រះទ្រង់ប្រទានកម្លាំងយើង ឲ្យផ្សាយដំណឹងល្អនេះ នៅពេលណាយើងមានឱកាស។—Bill Crowder
តើអ្នកបានទទួលដំណឹងល្អ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ
ដើម្បីផ្សាយដំណឹងល្អ ដល់អ្នកដទៃ នៅពេលមានឱកាស?
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបាននាំទូលបង្គំមករកព្រះអង្គ
តាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវ។ សូមព្រះអង្គជួយទូលបង្គំឲ្យផ្សាយដំណឹងល្អ ដល់អ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៧-៣៩ និង ហេព្រើរ ៣
ល្ងាច

ស្វែងរកការធានា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 6, 2025
«នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច»...នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន» (ម៉ាថាយ ១៩:១៦, ២១-២២)។
ការកាន់តាមក្រឹត្យវិន័យ និងបទបញ្ជារបស់សាសនា ដើម្បីឲ្យបានចូលស្ថានសួគ៌ មិនបានជួយឲ្យចិត្តយើងមានសន្តិភាព និងទំនុកចិត្ត ឬការធានា អំពីការអត់ទោសបាបបានឡើយ។ វាក៏មិនបានជួយឲ្យយើងទទួលបានជីវិតអស់កល្បដែរ។
ដោយសារបុរសវ័យក្មេងនោះខ្វះការធានាអំពីការអត់ទោសបាប គាត់ក៏បានចូលទៅរកព្រះយេស៊ូវ ហើយទូលសួរព្រះអង្គដោយចិត្តក្លាហាន។ គាត់ជាអ្នកមាន ហើយកណ្ឌគម្ពីរលូកាក៏បានពណ៌នាថា គាត់ជាអ្នកដឹកនាំ មានអំណាច និងឥទ្ធិពល (លូកា ១៨:១៨) ជាប្រភេទមនុស្ស ដែលលោកីយ៍ឲ្យតម្លៃ ហើយចាត់ទុកជាមនុស្សមានពរ។ មិនតែប៉ុណ្ណោះ គាត់ក៏មានការប្រុងប្រយ័ត្នក្នុងការកាន់តាមក្រឹត្យវិន័យរបស់ព្រះផងដែរ (ម៉ាថាយ ១៩:២០)។ ការនេះប្រហែលជាបានធ្វើឲ្យគេគិតឃើញថា «គាត់ជាមនុស្សដែលគួរតែបានជីវិតអស់កល្បជានិច្ច»។ ដូចនេះ បុរសនេះប្រហែលជារំពឹងថា ព្រះយេស៊ូវនឹងសរសើរគាត់ ដោយសារគាត់បានកាន់តាមក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន ហើយធានាគាត់ថា គាត់នឹងទទួលបានរង្វាន់នៅស្ថានសួគ៌។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានចង្អុលបង្ហាញគាត់ថា គាត់មិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយ៉ាងឥតខ្ចោះទេ។ ជាការពិតណាស់ គាត់បានបំពានក្រឹត្យវិន័យធំបំផុតទីមួយ ព្រោះជាជាងស្រឡាញ់ព្រះអស់ពីចិត្ត វិញ្ញាណ និងកម្លាំងរបស់គាត់ គាត់បានថ្វាយបង្គំទ្រព្យសម្បត្តិរបស់គាត់ គឺដូចដែលគាត់បាន «ដើរចេញ» ពីព្រះយេស៊ូវ នៅពេលដែលព្រះអង្គឲ្យគាត់ជ្រើសរើសរវាងព្រះ និងលុយ ធ្វើជាម្ចាស់ជីវិតគាត់។ ព្រះយេស៊ូវបង្ហាញបុរសនេះថា ក្រឹត្យវិន័យរបស់ព្រះមិនមែនជាកាំជណ្តើរដែលយើងឡើង ដើម្បីឈោងទៅរកការទទួលស្គាល់របស់ព្រះនោះទេ តែជាកញ្ចក់សម្រាប់ឆ្លុះអំពីសណ្ឋានពិតនៃវិញ្ញាណរបស់យើង។
អ្នកដឹកនាំវ័យក្មេងនេះមានបញ្ហារបស់ចិត្តនៅក្នុងចំណុចស្នូលនៃជីវិតគាត់។ យើងក៏មានបញ្ហានេះដែរ។ ព្រះគម្ពីរបានចែងថា យើងបានទាស់ប្រឆាំងនឹងព្រះតាំងពីកំណើតមាន ហើយមិនអាចផ្សះផ្សាទំនាក់ទំនងជាមួយព្រះអង្គ ដោយខ្លួនឯងបានទេ។ យើងមិនបានស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ព្រោះយើងស្រឡាញ់អ្វីផ្សេងទៀតខ្លាំងជាងព្រះអង្គ។ ហើយគាត់មិនអាចស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ និងស្រឡាញ់ព្រះអង្គតាមការគួរ គឺមិនខុសពីយើងឡើយ។ គ្មាននរណាបាន គ្មាននរណាអាច ហើយក៏គ្មាននរណាស្រឡាញ់ព្រះ ហើយកាន់តាមព្រះរាជបញ្ជារបស់ព្រះអង្គ បានល្អឥតខ្ចោះឡើយ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ។ ប៉ុន្តែ នេះជាដំណឹងល្អពិតប្រាកដមែន! សេចក្តីសង្គ្រោះមិនពឹងផ្អែកទៅលើយើង និងទៅលើការអ្វីដែលយើងធ្វើទេ។ ផ្ទុយទៅវិញ យើងមានសន្តិភាព ទំនុកចិត្ត ការអត់ទោស និងមានភាពត្រឹមត្រូវចំពោះព្រះ នៅពេលណាយើងពឹងផ្អែកលើសេចក្តីមេត្តារបស់ព្រះអង្គ បានសេចក្តីថា ពេលណាយើងទទួលសេចក្តីសង្គ្រោះរបស់ព្រះអង្គ ជាអំណោយឥតគិតថ្លៃដែលមិនអាចរក ឬទិញដោយសមត្ថភាពខ្លួនឯងបាន ហើយពេលណាយើងក្រាបចុះ ដោយការបន្ទាបខ្លួន និងការដឹងគុណនៅចំពោះមុខនៃការប្រទានឲ្យដែលព្រះយេស៊ូវបានធ្វើ ដោយការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង។
បុរសនោះមិនចាំបាច់ត្រូវដើរចេញដោយទឹកមុខព្រួយបារម្ភ បន្ទាប់ពីបានជួបព្រះយេស៊ូវនោះទេ។ គាត់អាចលះបង់ចោលអំនួត និងការពឹងអាងសមត្ថភាពខ្លួនឯង។ គាត់អាចស្គាល់ក្តីអំណរក្នុងការយកព្រះយេស៊ូវជាទីមួយ ជាជាងជ្រើសរើសយកទុក្ខព្រួយក្នុងការទុកចិត្តលើការប្រព្រឹត្តល្អ និងទ្រព្យសម្បត្តិរបស់គាត់។ គេតែងតែអាចដឹងថា ការព្យាយាមជួយខ្លួនឯងឲ្យរួចពីបាប គឺគ្មានប្រយោជន៍ទេ ហើយធ្វើឲ្យមានការថប់បារម្ភ ចំពោះយើងមិនខុសពីគាត់ទេ។ ប៉ុន្តែ បើយើងចូលទៅចំពោះព្រះអង្គសង្គ្រោះរបស់យើងដោយជំនឿ និងការទុកចិត្តដូចក្មេងៗ យើងអាចដកពិសោធន៍នឹងសន្តិភាពពិតប្រាកដ និងការធានាអំពីជីវិតអស់កល្ប។ ដូចនេះ ចូរយកព្រះយេស៊ូវគង់នៅលើបល្ល័ង្កចិត្តរបស់អ្នក ហើយត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយគ្រប់យ៉ាងដែលអ្នកមាន ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ចូរចូលមករកព្រះយេស៊ូវដោយបន្ទាបខ្លួន ហើយស្គាល់ក្តីអំណរ និងជីវិតដែលព្រះអង្គប្រទាន។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១៩:១៦-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សេផានា និងកូឡូស ៤