
ព្រះទ្រង់ឮយើងអធិស្ឋាន
ដោយAnne Cetas
November 4, 2025
អេសាយ ៣៨:១-៦
នោះហេសេគាទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង ក៏អធិស្ឋានដល់ព្រះយេហូវ៉ា។ អេសាយ ៣៨:២
មិត្តភក្តិរបស់ខ្ញុំឈ្មោះគ្រីស្ទីន(Christine) និងស្វាមីរបស់គាត់ បានអង្គុយញាំអាហារពេលល្ងាច នៅផ្ទះរបស់ពូនិងមីងរបស់ពួកគេ។ មីងរបស់គាត់ទើបតែបានពិនិត្យសុខភាពរកឃើញជំងឺមហារីកដ៏កាចសាហាវ។ មុនពេលពួកគេចាប់ផ្តើមបរិភោគ ពូរបស់គាត់បានសួរថា “តើមាននរណាចង់និយាយអីទេ?” គ្រីស្ទីនក៏បានញញឹម ព្រោះគាត់ដឹងថា ពួកគាត់ចង់សួរថា “តើមាននរណាចង់អធិស្ឋានទេ?” ពូរបស់គាត់មិនមែនជាអ្នកជឿព្រះយេស៊ូវទេ តែបានដឹងថា គាត់ជាអ្នកជឿ អញ្ចឹងហើយ នេះជារបៀបដែលគាត់សុំឲ្យគេអធិស្ឋាន។ គ្រីស្ទីនក៏បានអធិស្ឋានចេញពីក្នុងចិត្តមក ដោយអរព្រះគុណព្រះអង្គ សម្រាប់ការថែរក្សា និងបានទូលសូមព្រះអង្គធ្វើការអស្ចារ្យ សម្រាប់មីងរបស់គាត់។
ស្តេចហេសេគា បានធ្លាក់ខ្លួនឈឺ ហើយទ្រង់មានអ្វីមួយក្នុងដួងព្រះទ័យទ្រង់ ដែលចង់ទូលថ្វាយដល់ព្រះ បន្ទាប់ពីទ្រង់បានឮហោរាអេសាយទូលទ្រង់ថា ទ្រង់នឹងសុគតក្នុងពេលឆាប់ៗ(អេសាយ ៣៨:១)។ ទ្រង់បាន “ព្រះកន្សែងយ៉ាងខ្លាំង” បន្ទាប់ពីបានទូលអង្វរដល់ព្រះអម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា”(ខ.៣)។ ការអធិស្ឋានរបស់ទ្រង់ ត្រូវបានធ្វើឡើងចេញពីព្រះទ័យស្មោះត្រង់ និងការស្រេកឃ្លានការប្រោសឲ្យជា។ ទោះការប្រោសឲ្យជាមិនអាស្រ័យទៅលើ “ការប្រព្រឹត្តល្អ” របស់យើង ហើយព្រះទ្រង់មិនតែងតែប្រោសយើងឲ្យជាគ្រប់ពេលក៏ដោយ ក៏ព្រះអង្គបានសម្រេចព្រះទ័យពន្យារព្រះជន្មរបស់ស្តេចអង្គនេះ ឲ្យបានរស់នៅ១៥ឆ្នាំទៀត(ខ.៥)។ បន្ទាប់ពីទ្រង់ជាពីជំងឺ ទ្រង់ក៏បានអរព្រះគុណ និងសរសើរដំកើងព្រះអម្ចាស់(ខ.១៦)។
ព្រះទ្រង់ត្រាស់ហៅយើងឲ្យអធិស្ឋាន ទោះយើងមានតម្រូវការបន្ទាន់ ឬចង់អរព្រះគុណព្រះអង្គ សម្រាប់រឿងតូចៗ ឬរឿងសំខាន់ក៏ដោយ។ ព្រះអង្គឮយើងអធិស្ឋាន ទតឃើញទឹកភ្នែកយើង និងឆ្លើយតបការអធិស្ឋានរបស់យើង តាមផែនការទ្រង់។ តួនាទីរបស់យើងគឺត្រូវដើរដោយបន្ទាបខ្លួនជាមួយព្រះអង្គ ពេញមួយជីវិតយើង(ខ.១៥)។—Anne Cetas
តើអ្នកមានការព្រួយបារម្ភអ្វីខ្លះ ដែលត្រូវនាំមកថ្វាយដល់ព្រះ? តើអ្នកអាចទុកចិត្តព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជ្រាបអំពីអ្វីចិត្តទូលបង្គំ។
ទូលបង្គំទុកចិត្តថា ព្រះអង្គមានព្រះចេស្តា និងអាចសម្រេចបំណងព្រះទ័យដ៏ល្អ ក្នុងជីវិតទូលបង្គំ និងអ្នកដែលទូលបង្គំស្រឡាញ់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣២-៣៣ និង ហេព្រើរ ១