ព្រឹក

ការសរសើរដំកើងដ៏ជាប់លាប់
ដោយCindy Hesskasper
November 8, 2025
ទំនុកដំកើង ១៤៥:១-១៣
ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច។ ទំនុកដំកើង ១៤៥:២
ក្នុងការធ្វើដំណើរតាមផ្លូវ ទៅរដ្ឋមុនតាណា កាលពីរដូវក្តៅ ក្នុងឆ្នាំមួយនោះ យើងបានឈប់ឡាន នៅកន្លែងសម្រាក ដើម្បីពត់ខ្លួនបំបាត់ការចុករួយស្រពន់ជើង។ មានបុរសម្នាក់នៅក្នុងអគារ កំពុងតែច្រៀងបទចម្រៀងសរសើរដំកើងព្រះ ដែលខ្ញុំធ្លាប់ឮ ខណៈពេលដែលកាត់កំពុងជូតផ្ទះ។ បន្ទាប់មក គាត់ក៏បានចាប់ផ្តើមច្រៀងបទចម្រៀងទំនុកសកល មានចំណងជើងថា “មិនអីទេ នៅក្នុងចិត្ត”។ ខ្ញុំមិនអាចទប់ចិត្តឲ្យខ្លួនឯងមិនឲ្យច្រៀងបានទេ។ នៅពេលដែលគាត់ច្រៀងដល់ឃ្លា “មិនអីទេ” ខ្ញុំក៏បានច្រៀងតាមគាត់ថា "មិនអីទេ"។ នៅពេលគាត់ច្រៀងថា “នៅក្នុងចិត្ត” ខ្ញុំក៏ច្រៀងបន្ទរពីក្រោយគាត់ទៀត។ យើងក៏បានច្រៀងឃ្លាចុងក្រោយទាំងអស់គ្នាថា “មិនអីទេ មិនអីទេ នៅក្នុងចិត្ត”។ គាត់ក៏បានញញឹម ហើយបបួលខ្ញុំជល់ដៃគ្នា ហើយនិយាយថា “សរសើរព្រះអង្គ”។ នៅពេលដែលខ្ញុំវិលត្រឡប់ទៅឡានវិញ ស្វាមីខ្ញុំក៏បានសួរខ្ញុំពីមូលហេតុដែលខ្ញុំមានទឹកមុខញញឹម។
ចូរយើងគិតអំពីរឿងដែលយើងអាចសរសើរដំកើងព្រះ ដូចជា សេចក្តីល្អ សេចក្តីសុចរិត សេចក្តីអាណិត ព្រះបន្ទូលសន្យា ការផ្គត់ផ្គង់ និងការការពាររបស់ព្រះអង្គ។ ហើយបទគម្ពីរទំនុកដំកើង ១៤៥ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលជំរុញយើងឲ្យសរសើរដំកើងព្រះអង្គជាប់ជានិច្ច។ គឺដូចដែលស្តេចដាវីឌបានបន្លឺសម្លេងថា ទ្រង់នឹង “សរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច”(ខ.២)។ មនុស្សជាច្រើនសរសើរដំកើងព្រះ ដោយលេងឧបករណ៍តន្ត្រី អ្នកខ្លះទៀតអាន ឬសូត្រខគម្ពីរ ឬក៏ច្រៀងទំនុកដំកើង ទំនុកបរិសុទ្ធ ឬបទចម្រៀងខាងវិញ្ញាណ(កូល៉ុស ៣:១៦)។ អ្នកខ្លះបង្ហាញចេញនូវការសរសើរដំកើង តាមរយៈការលោតរាំ។ ប៉ុន្តែ ការសរសើរដំកើងពិតប្រាកដ កើតចេញពីក្នុងចិត្ត ដែលពេញដោយការដឹងគុណព្រះអង្គ។
ព្រះទ្រង់បានបង្កើតវិញ្ញាណយើងមក ឲ្យសរសើរដំកើងព្រះអង្គ។ គឺដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានការលះបង់ បានជាយើងអាចនិយាយដោយទំនុកចិត្តថា “មិនអីទេ នៅក្នុងចិត្ត!”។—Cindy Hess Kasper
តើអ្នកយល់ឃើញថា អ្នកងាយស្រួលសរសើរដំកើងព្រះអង្គ នៅពេលណា?
តើមានអ្វីជួយអ្នកផ្ដោតចិត្តទៅលើការសរសើរដំកើងព្រះអង្គ តាមរបៀបថ្មីមួយ?
ឱព្រះអម្ចាស់ ទូលបង្គំចង់ឲ្យជីវិតទូលបង្គំ មានលក្ខណៈជាការសរសើរដំកើង
និងថ្វាយបង្គំដ៏ជាប់លាប់។ ទូលបង្គំសូមថ្វាយសិរីល្អដល់ព្រះអង្គតែមួយប៉ុណ្ណោះ។
For further study, read Worshipping Means More than Singing at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៣-៤៥ និង ហេព្រើរ ៥
ល្ងាច

ការតយុទ្ធនឹងការល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 8, 2025
«ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ» (រ៉ូម ៦:១៤)។
ក្នុងជីវិតនេះ យើងមិនអាចជៀសវាងការល្បួងបានទេ។ តាមពិត ពេលយើងមានវ័យកាន់តែចាស់ នោះយើងក៏កាន់តែរកឃើញថា ការល្បួងដដែលៗច្រើនតែក្នុងរូបភាពថ្មីកំពុងនៅពីក្រោយយើង ខាំកែងជើងយើង ហើយព្យាយាមផ្ដួលយើង។ ដែលអាក្រក់លើសនេះទៀតនោះ គឺពួកវាច្រើនតែមានការចូលរួមពីការល្បួងថ្មីៗជាច្រើនទៀត។
ជាការពិតណាស់ ការល្បួងមានពិតមែន ហើយមិនអាចជៀសវាងបានទេ។ ប៉ុន្តែ ហេតុអ្វីយើងគិតអំពីរឿងនេះ។ មូលហេតុទីមួយ គឺដោយសារព្រះគុណដដែល ដែលបានផ្សះផ្សាយើងឲ្យជានឹងព្រះ ក៏បាននាំយើងប្រឆាំងនឹងអារក្សដែលព្រះគម្ពីរបានចែងថា វាល្បួងយើងថា វាជាមិត្តភក្ដិយើង មុនពេលយើងទទួលជឿព្រះគ្រីស្ទ។ នៅពេលដែលព្រះគុណព្រះធ្វើឲ្យយើងក្លាយជាមិត្តភក្ដិរបស់ព្រះអង្គ នោះព្រះគុណរបស់ព្រះអង្គក៏បានធ្វើឲ្យយើងក្លាយជាសត្រូវរបស់សត្រូវព្រះអង្គ។ ហើយទោះអារក្សមិនអាចរារាំងព្រះ មិនឲ្យជួយសង្គ្រោះរាស្ត្ររបស់ព្រះអង្គក៏ដោយ ក៏វានៅតែអាចប្រើល្បិចរបស់វា ដែលជាការល្បួង មកលើយើង នៅពេលដែលយើងបានសង្គ្រោះហើយ។
ទីពីរ នៅពេលដែលយើងបានកើតជាថ្មីអំពើបាបមិនមែនជាម្ចាស់យើងទៀតទេ តែវាបន្តធ្វើសង្គ្រាមមកលើវិញ្ញាណយើង ហើយការល្បួងគឺជាអាវុធខ្លាំងបំផុតរបស់វា។ លោកីយ៍បានល្បួងយើង គឺអ្វីៗគ្រប់យ៉ាងក្នុងលោកីយ៍នេះដែលនិយាយមកកាន់យើងថា «បើអ្នកមានរបស់ទាំងអស់នេះ អ្នកនឹងសប្បាយចិត្ត ហើយនឹងបានអរសប្បាយនឹងជីវិត»។ យើងក៏ត្រូវសាច់ឈាមល្បួងយើងដែរ។ និស្ស័យសាច់ឈាមរបស់យើងមានបាប និងនៅជាប់ក្នុងជីវិតនេះ និងសូម្បីបន្ទាប់ពីយើងបានជឿព្រះគ្រីស្ទហើយ។ វាកំពុងធ្វើសង្គ្រាមដ៏សាហាវមកលើជីវិតថ្មីរបស់យើង។
ប៉ុន្តែ ទោះការល្បួងរបស់អារក្សខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកវាមិនមានអំណាចចាប់បង្ខំយើងឲ្យចុះចាញ់ការល្បួងបានទេ។ អារក្សមានអំណាចនាំលោកីយ៍មកឲ្យយើង តែវាមិនមានអំណាចបង្ខំយើងឲ្យធ្វើអំពើបាបទេ។
ចូរយើងកុំមានការភ័យខ្លាចរកធ្វើអ្វីមិនកើត ឬមានការធ្វេសប្រហែសចំពោះការល្បួងដែលយើងជួបឡើយ។ ក្នុងការតយុទ្ធនឹងការល្បួង អ្នកមិនចាំបាច់ត្រូវឆ្ងល់ថា អ្នកនឹងឈ្នះ ឬចាញ់ឡើយ។ ព្រះទ្រង់បានប្រកាសជ័យជម្នះរួចហើយ គឺដូចដែលសាវ័ក យ៉ូហាន បានសរសេរថា «ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង» (១យ៉ូហាន ៤:៤)។ សង្គ្រាមបានបញ្ចប់ ដោយមានការធានាអំពីជ័យជម្នះ។ ការតយុទ្ធអាចនៅតែបន្ត ប៉ុន្តែមិនអាចមានផលប៉ះពាល់មកលើការសន្និដ្ឋានចុងក្រោយនៃសង្គ្រាមបានទេ។
សព្វថ្ងៃនេះ តើអ្នកកំពុងតយុទ្ធ ឬចាញ់ការល្បួងមួយណា? ចូរចំណាយពេលមួយភ្លែត ដើម្បីគិតអំពីការល្បួងទាំងនោះ។ ហើយបន្ទាប់មក ចូលទទួលយកការកម្សាន្តចិត្ត នៅថ្ងៃនេះដោយដឹងថា ទោះការល្បួងនោះហាក់ដូចជាមានអំណាចខ្លាំងប៉ុណ្ណាក៏ដោយ ក៏អារក្សដែលជាខ្មាំងសត្រូវដែលព្រះយេស៊ូវ គឺទ្រង់បានវាយបំបាក់រួចហើយ ហើយព្រះអង្គគ្រងរាជដោយជ័យជម្នះ! ព្រះចេស្ដារបស់ព្រះអង្គនៅក្នុងអ្នក គឺគ្រប់គ្រាន់ល្មមនឹងជួយអ្នកឲ្យអាចឈ្នះការល្បួង ហើយការសុគតរបស់ព្រះអង្គ គឺមានភាពគ្រប់គ្រាន់ល្មមនឹងឲ្យព្រះអង្គអត់ទោសឲ្យអ្នក!
ខគម្ពីរសញ្ជឹងគិត៖ រ៉ូម ៦:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៣-៥ និង២ធីម៉ូថេ ២