ព្រឹក

មហាបេសកកម្ម
ដោយMatt Lucas
November 9, 2025
ម៉ាថាយ ២៨:១៦-២០
ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ។ ម៉ាថាយ ២៨:១៩
លោកឌីអូនេតឺស(Diognetus) ជាអ្នកជឿសាសនារបស់សាសន៍ដទៃ នៅសតវត្សរ៍ទី២ បានកត់សំគាល់ឃើញថា ចំនួនរបស់អ្នកដើរតាមព្រះគ្រីស្ទ “មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ”។ រឿងនេះបានកើតឡើង ទោះពួកគេបានទទួលរងការបៀតបៀនរបស់ជនជាតិរ៉ូម៉ាំងយ៉ាងណាក៏ដោយ។ គាត់ក៏បានសួរអ្នកជឿព្រះយេស៊ូវម្នាក់ អំពីមូលហេតុដែលរឿងនេះបានកើតឡើង។ តាមឯកសារបុរាណមួយ ដែលគេបានដាក់ចំណងជើងថា សំបុត្រផ្ញើទៅកាន់លោកឌីអូនេតឺស បានឲ្យដឹងថា អ្នកដឹកនាំពួកជំនុំនៅសម័យដើមបានឆ្លើយតបចំពោះគាត់ថា “តើអ្នកមិនបានដឹងទេឬថា កាលណាពួកគេបានទទួលរងការបៀតបៀនកាន់តែខ្លាំង នោះចំនួនរបស់ពួកគេក៏មានការកើនឡើងផងដែរ? ការអស្ចារ្យនេះហាក់ដូចជាមិនបានកើតឡើង ដោយសារកិច្ចការរបស់មនុស្សទេ តែកើតឡើងដោយសារតែព្រះចេស្តារបស់ព្រះប៉ុណ្ណោះ”។
កាលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសាវ័កជាលើកចុងក្រោយ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ពួកគេអាចមានតម្រុយខ្លះៗ អំពីការរីកលូតលាស់ដែលពួកជំនុំនឹងមាន នៅក្នុងសតវត្សរ៍ក្រោយ។ ព្រះអង្គបានប្រាប់ពួកគេថា “ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ ត្រូវបានគេស្គាល់ថា ជាមហាបេសកកម្ម តែបើព្រះអង្គមានបន្ទូលដូចនេះ ជាលើកចុងក្រោយ ទៅកាន់ពួកសាវ័ក នោះពួកគេអាចមានអារម្មណ៍ថា ពួកគេមានបន្ទុកធ្ងន់ណាស់។ តាមពិត ព្រះរាជបញ្ជានេះគឺជាការត្រាស់ហៅអ្នកដើរតាមព្រះអង្គម្នាក់ៗ ឲ្យធ្វើ គឺឲ្យបង្កើតសិស្ស ក្នុងការរស់នៅប្រចាំថ្ងៃ។ យើងមិនចាំបាច់ធ្វើដំណើរទៅដល់ចុងផែនដីក៏បាន ព្រោះយើងអាចនាំព្រះរាជសារនេះ ទៅកន្លែងណា ដែលយើងទៅដល់។
ចូរកុំមានការបាក់ទឹកចិត្ត ដោយសារទុក្ខលំបាក ក្នុងពេលបច្ចុប្បន្ននោះឡើយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។ ព្រះអង្គយាងទៅជាមួយយើង គ្រប់ទីកន្លែងដែលយើងទៅដល់។—Matt Lucas
តើក្នុងជីវិតអ្នក មាននរណាខ្លះត្រូវការឮដំណឹងល្អ?
តើអ្នកនឹងចែកចាយដំណឹងល្អដល់ពួកគេ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវឱកាសចែកចាយរឿងនៃ
សេចក្តីសង្គ្រោះរបស់ព្រះអង្គ ដល់អ្នកមិនទាន់ជឿព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៦-៤៧ និង ហេព្រើរ ៦
ល្ងាច

សេចក្តីជំនឿដែលអាចរើភ្នំចេញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 9, 2025
«ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់។ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន» (ម៉ាកុស ១១:២២-២៤)។
នៅក្នុងការអានព្រះគម្ពីរ យើងនឹងឃើញខគម្ពីរខ្លះ ដែលហាក់ដូចជានិយាយត្រង់ៗងាយយល់ភ្លាមៗ។ ទន្ទឹមនឹងនោះ ក៏មានខគម្ពីរចែងដូចនេះថា «គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន»។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ។ យើងច្រើនតែចង់ជៀសវាងអត្ថន័យដើមរបស់ខគម្ពីរនេះ។ យើងមានការបកស្រាយជាច្រើនអំពីខគម្ពីរនេះ និងនិយាយច្រើនពេកអំពីករណីលើកលែង ដោយធ្វើឲ្យកប់បាត់អត្ថន័យដើម។ ការប្រើខគម្ពីរនេះក្នុងផ្លូវខុស បានធ្វើឲ្យអ្នកខ្លះមានការភ័យខ្លាចយ៉ាងខ្លាំង បានជាយើងស្ទើរតែមិនចាប់អារម្មណ៍ ចំពោះការលើកទឹកចិត្ត និងការជំរុញ នៅក្នុងខគម្ពីរទាំងនេះ។
ក្នុងព្រះរាជបញ្ជាធ្ងន់ៗនេះ ព្រះយេស៊ូវបានរំឭកអ្នកដើរតាមព្រះអង្គឲ្យទុកចិត្តព្រះ ព្រោះជំនឿយើងមានតម្លៃ ដោយសារជំនឿរបស់យើងមានមូលដ្ឋានគ្រឹះនៅក្នុងព្រះអង្គ។ យើងមិនត្រូវទុកចិត្តលើសេចក្តីជំនឿរបស់យើង ឬទុកចិត្តលើខ្លួនឯងឡើយ តែត្រូវទុកចិត្តព្រះអង្គតែប៉ុណ្ណោះ។
នៅពេលដែលព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមនុស្សដែលបង្គាប់ភ្នំឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ ពួកសាវ័កប្រហែលជាអាចយល់បាន ព្រោះពួកគ្រូសាសនាយូដាបានប្រើពាក្យប្រៀបប្រដូចស្រដៀងនេះដែរ ដើម្បីនិយាយអំពីការសម្រេចបានអ្វីមួយ ដែលហាក់ដូចជាមិនអាចសម្រេចបាន។121 ពួកសាវ័កមិនបានយល់ច្រឡំថា ព្រះយេស៊ូវកំពុងបង្រៀនក្នុងន័យត្រង់ឲ្យពួកគេបោះភ្នំដើមអូលីវចូលទៅក្នុងសមុទ្រមរណៈនោះទេ។ ពួកគេអាចយល់ឃើញថា ព្រះបន្ទូលព្រះអង្គមានលក្ខណៈជាសុភាសិតដែលបង្រៀនថា ព្រះទ្រង់សព្វព្រះទ័យនឹងធ្វើការអស្ចារ្យសម្រាប់កូនរបស់ព្រះអង្គ។
ក្នុងកណ្ឌគម្ពីរកិច្ចការទាំងមូល យើងរកឃើញភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថា ព្រះយេស៊ូវបានបង្រៀនអំពីសេចក្តីជំនឿ និងការអធិស្ឋាន។ នៅដើមដំបូងនៃកណ្ឌគម្ពីរកិច្ចការ នៅពេលដែលជនពិការជើងម្នាក់សុំទានសាវ័កពេត្រុស និងយ៉ូហាន នោះសាវ័ក ពេត្រុស ក៏បានប្រាប់គាត់ឲ្យក្រោកឈរ ហើយដើរ (កិច្ចការ ៣:៦)។ នៅពេលសាវ័ក ពេត្រុស និយាយទៅកាន់បុរសនោះ គាត់ប្រហែលជានឹកចាំព្រះបន្ទូលព្រះយេស៊ូវ ហើយគិតក្នុងចិត្តថា «គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម... ចូរជឿ...»។
នៅពេលណាព្រះទ្រង់ធ្វើជាការកម្មបទនៃជំនឿរបស់យើង យើងអាចមានសេចក្តីជំនឿដ៏មុតមាំ គឺជំនឿដែលជឿថា ការអ្វីដែលយើងមិនអាចធ្វើបាននោះព្រះអង្គអាចធ្វើបាន។ យើងដឹងថា យើងកំពុងនិយាយទៅកាន់ព្រះមួយអង្គដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្ដី (អេភេសូរ ៣:២០-២១)។ ក្នុងបទគម្ពីរខាងលើនោះ ព្រះយេស៊ូវចង់មានន័យថា ខ្ញុំចង់ឲ្យអ្នកអធិស្ឋានតាមរបៀបដែលបញ្ជាក់ថា អ្នកពិតជាជឿព្រះ ដែលមានប្រាជ្ញាលើសលប់មិនចេះធ្វើខុស មានសេចក្តីសប្បុរសលើសលប់មិនអាចមានព្រះទ័យសាហាវ ហើយមានអំណាចលើសលប់មិនអាចចុះចូលអំណាចធម្មជាតិ នៃចក្រវាលបានទេ។
ចូរយើងកុំមើលរំលងអត្ថន័យដើមនៃខគម្ពីរនេះ ដោយការបកស្រាយជ្រុលហួសនោះឡើយ។ ចូរយើងឲ្យអត្ថន័យនៃបទគម្ពីរនេះបានជ្រួតជ្រាបក្នុងចិត្តយើងមួយរយៈសិន។ ចូរអរសប្បាយនឹងសេចក្តីពិតដែលថា ព្រះទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្ដី។ ចូរទុកចិត្តលើការពិតដែលថា គ្មានអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេ។ ហើយអធិស្ឋានចុះ។
ខគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៣:១៤-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៦-៨ និង២ធីម៉ូថេ ៣