ព្រឹក

ស្ត្រីដែលកោតខ្លាចព្រះ
ដោយArthur Jackson
November 10, 2025
សុភាសិត ៣១:២៤-៣១
តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។ សុភាសិត ៣១:៣០
ពិធីខួបកំណើតរបស់អ្នកស្រី រ៉ូស៊ី(Rosie) ពិតជាមិនអាចបំភ្លេចបានទេ។ អាហារមានរស់ជាតិឆ្ងាញ់ ការជជែកគ្នាលេង នៅតុអាហារមានភាពសប្បាយរីករាយ ហើយវត្តមានរបស់ចៅប្រុសដំបូងរបស់គាត់ បានធ្វើឲ្យកម្មវិធីកាន់តែមានភាពអរសប្បាយ។ ទោះជាយ៉ាងណាក៏ដោយ រឿងល្អៗទាំងនេះ មិនអាចប្រៀបផ្ទឹមនឹងពាក្យសរសើរ ដែលកូនប្រុសទាំងពីរនាក់បានឡើងនិយាយនោះឡើយ។ ទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកស្រីរ៉ូស៊ីមិនមានភាពស្ថិតស្ថេរ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គាត់មានសមត្ថភាពក្នុងការចិញ្ចឹមកូនតែម្នាក់ឯង បានជាកូនប្រុសទាំងពីរនាក់មានជីវិតដែលគួរឲ្យកត់សំគាល់។ នៅក្នុងការពោលពាក្យសរសើរនោះ ពួកគេក៏បានឆ្លុះបញ្ចាំងអំពីរបៀបដែលគាត់បានធ្វើអ្វីៗគ្រប់យ៉ាង ដែលគាត់អាចធ្វើបាន ដើម្បីផ្គត់ផ្គង់ពួកគេ។ នៅពេលនោះ កូនប្រុសពៅរបស់គាត់ក៏បាននិយាយផងដែរថា គាត់គឺជាស្ត្រីកោតខ្លាចព្រះ។ ពាក្យពេចន៍របស់ពួកគេបានឆ្លុះបញ្ចាំងអំពីចារិកលក្ខណៈល្អបំផុតដែលគាត់មាន នៅចំពោះពួកគេ។
ក្នុងបទគម្ពីរ សុភាសិត ៣១:១០-៣១ យើងឃើញថា ប្រាជ្ញាដែលមានការកោតខ្លាចព្រះ មានលក្ខណៈដូចម្តេចខ្លះ នៅក្នុងគ្រួសារ។ ការកោតខ្លាចព្រះអម្ចាស់(ខ.៣០) ដែលជាការគោរពកោតខ្លាចព្រះអង្គ ដោយការបន្ទាបខ្លួន បណ្តាលចិត្តយើងឲ្យមានចិត្តស្មោះត្រង់(ខ.១១-១២) និងឧស្សាហ៍ព្យាយាម ហើយរហ័សរហួន(ខ.១៣-១៩)។ ហើយខណៈពេលដែលស្រ្តីមានប្រាជ្ញាគិតអំពីគ្រួសាររបស់ខ្លួនជាធំ(ខ.២១-២៨) ការនេះមិនមានន័យថា គាត់គិតតែពីអ្នកផ្ទះរបស់គាត់នោះទេ។ គាត់ក៏ខ្វល់អំពីតម្រូវការរបស់អ្នកខាងក្រៅផងដែរ(ខ.២០)។
របៀបនៃការរស់នៅរបស់ស្រ្តីដែលកោតខ្លាចព្រះ តែងតែទទួលបានការកត់សំគាល់ ជាពិសេស នៅក្នុងចំណោមអ្នកដែលរស់នៅជាមួយពួកគេ(ខ.២៨) គឺដូចដែលបានបង្ហាញក្នុងទីបន្ទាល់របស់អ្នកស្រីរ៉ូស៊ី។ គេមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលមនុស្សជិតស្និទ្ធនឹងពួកគេ កោតសរសើរពួកគេ។ តើអ្នកចង់ក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ដែលកោតខ្លាចព្រះដែរឬទេ? ចូរទូលសូមព្រះអង្គជួយអ្នកចុះ។ ហើយកុំមានការភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គឆ្លើយតបការអធិស្ឋានទាំងនោះ សូម្បីតែក្នុងកាលៈទេសៈដ៏ពិបាកក៏ដោយ។—Arthur Jackson
តើអ្នកដទៃបានជំរុញអ្នក ឲ្យរស់នៅដោយការកោតខ្លាចព្រះ ដោយការបន្ទាបខ្លួនយ៉ាងណាខ្លះ
សូម្បីតែនៅក្នុងកាលៈទេសៈដ៏ពិបាក? តើអ្នកស្វែងរកព្រះអម្ចាស់ និងប្រាជ្ញារបស់ព្រះអង្គ ដោយការកោតខ្លាចដូចម្តេចខ្លះ?
ឱព្រះវរបិតាប្រកបដោយប្រាជ្ញា សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន
ដើម្បីដើរតាមគំរូរបស់ព្រះយេស៊ូវ ដោយការគោរពស្រឡាញ់ព្រះអង្គ និងថ្វាយព្រះកតិ្តនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៨-៤៩ និង ហេព្រើរ ៧
ល្ងាច

ធាតុពិតនៃសេចក្តីអាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 10, 2025
«ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន។ អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ» (យេរេមា ១៧:៩-១០)។
ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីធាតុពិតនៃសេចក្តីអាក្រក់ ហើយក៏បានចែងច្បាស់អំពីបុគ្គលិកលក្ខណៈរបស់បុគ្គលដែលនៅពីក្រោយសេចក្តីអាក្រក់ទាំងអស់ក្នុងលោកីយ៍នេះ។ សាតាំង ដែលជាអារក្ស ទាស់ប្រឆាំងទាំងស្រុងមកលើសុខមាលភាពខាងវិញ្ញាណរបស់ជនរងគ្រោះរបស់វា។ វាជាសត្វតោដ៏សាហាវ ហើយវាជាអ្នកគ្រប់គ្រងលោកីយ៍នេះ ទោះវានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះក៏ដោយ។ វានៅពីក្រោយអំពើបាបទាំងអស់ ហើយមុនពេលមនុស្សកើតជាថ្មីពីព្រះវិញ្ញាណនៃព្រះ ពួកគេស្ថិតក្រោមអំណាចរបស់វា ហើយទង្វើអាក្រក់របស់ពួកគេ គឺជាភស្តុតាងបញ្ជាក់ថា ពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់វា។
ជាការពិតណាស់ មនុស្សរស់នៅក្នុងសម័យបច្ចុប្បន្នបានសើចចំអកឲ្យការបង្រៀនអំពីអារក្ស។ ពួកគេថា «អូហ៍ សម័យនេះហើយ អ្នកនៅតែនៅជឿថា មានវិញ្ញាណអាក្រក់ដែលហៅថា អារក្សទៀតឬ?» ប៉ុន្តែ ខណៈពេលដែលពួកគេកំពុងតែបន្ទាបបន្ថោកការបង្រៀនអំពីអារក្ស ទន្ទឹមនឹងនោះ ពួកគេមិនអាចពន្យល់បានទេថា ហេតុអ្វីយើងអាចនាំឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាខ្លាំងយ៉ាងនេះហើយ តែមិនអាចគ្រប់គ្រងចិត្តដែលមានបាបឲ្យបានល្អជាងមនុស្សសម័យមុន។ ហេតុអ្វី?
ព្រះគម្ពីរបានបង្រៀនថា នៅពេលដែលលោក អ័ដាម អនុញ្ញាតឲ្យភរិយាដាក់ខ្លួនគាត់ នៅក្រោមឥទ្ធិពលនៃមេបោកបញ្ឆោត ហើយប្រព្រឹត្តអំពើបាប គឺគាត់បានបណ្ដាលឲ្យមនុស្សជាតិទាំងមូលធ្លាក់ចូលក្នុងអំពើបាបជាមួយគាត់។ អាចនិយាយម្យ៉ាងទៀតថា នៅពេលដែលលោក អ័ដាម ធ្វើអំពើបាប យើងក៏មានបាបផងដែរ។ យើងម្នាក់ៗបានកើតមកដោយយកបាបមកជាមួយ។ ដូចនេះ ចិត្តរបស់យើងដែលជាស្នូលនៃខ្លួនយើង ប្រភពនៃអារម្មណ៍ ការប្រាថ្នា និងការសម្រេចចិត្ត គឺជា «គ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។ ទាក់ទងនឹងសម្ដីរបស់ហោរា យេរេមា ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់ពួកផារិស៊ីផងដែរថា «គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្សដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើដែលធ្វើឲ្យស្មោកគ្រោកវិញ...ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់ កាប់សម្លាប់គេ» ព្រមទាំងការអាក្រក់គ្រប់ប្រភេទ ទោះបើកចំហ និងលាក់កំបាំងក្តី (ម៉ាកុស ៧:១៥, ២១) ។
សេចក្តីពិតនេះបានផ្តល់ឲ្យនូវការពន្យល់អំពីអ្វីៗដែលយើងមើលឃើញក្នុងលោកីយ៍ តែក៏បានជំរុញយើងឲ្យមានការពិចារណាត្រឹមត្រូវ អំពីខ្លួនឯងផងដែរ។ សេចក្តីពិតនេះប្រាប់យើងថា យើងមិនមែនជាមនុស្សល្អ ដែលមិនចេះធ្វើខុសនោះទេ តែយើងជាមនុស្សមានបាប ដែលត្រូវការសេចក្តីមេត្តារបស់ព្រះ។ យើងត្រូវការការបន្ទាបខ្លួន ដើម្បីទទួលស្គាល់ធាតុពិតនៃចិត្តរបស់យើង ព្រោះវាងាយនឹងទទួលការបោកបញ្ឆោតពីគ្រូជោគជ័យ ដែលបង្រៀនអំពីការទុកចិត្តខ្លួនឯង និងសរសើរខ្លួនឯង ជាជាងស្តាប់តាមហោរាដូចលោក យេរេមា ជាដើម។ សេចក្តីពិតក៏បានបញ្ជាក់ថា មនុស្សម្នាក់ៗបានកើតមក ដោយការផ្លាស់ប្ដូរចិត្តថ្មី គឺចិត្តខាងវិញ្ញាណ។ មានតែព្រះទេដែលអាចផ្លាស់ប្ដូរឲ្យយើងបាន។ ដែលព្រះទ្រង់បានរាប់យើងថាមានបាប ដោយសារកំហុសរបស់លោក អ័ដាម ជាយ៉ាងណា នោះដោយសារព្រះគុណ ព្រះអង្គក៏បានរាប់អ្នកជឿទាំងអស់ថា មានសេចក្តីសុចរិតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងបានផ្លាស់ប្រែពីក្នុងមកក្រៅ។ នៅថ្ងៃនេះ ក៏ដូចជារៀងរាល់ថ្ងៃ ដើម្បីបន្សាបចិត្តរបស់អ្នកដែលមានពុតត្បុត អ្នកត្រូវចូលមកចំពោះព្រះអម្ចាស់ ដោយបន្ទាបខ្លួន និងចិត្តស្មោះត្រង់ ហើយអធិស្ឋានថា «ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង» (ទំនុកតម្កើង ៥១:១០)។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៧:១-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ៩-១០ និង២ធីម៉ូថេ ៤