
ការចងចាំដែលបានដិតជាប់
ដោយTim Gustafson
November 11, 2025
យ៉ូហាន ២០:១៨-២០,៣០-៣១
ពួកសិស្សមានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់។ យ៉ូហាន ២០:២០
ក្នុងរដូវរងា ឆ្នាំ១៩៤១ នៅពេលដែលកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារនៅថ្ងៃអាទិត្យ ទើបតែបានបញ្ចប់ ឪពុកខ្ញុំបានដើរជាមួយបងប្អូនបង្កើតរបស់គាត់ទៅផ្ទះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រះវិហារ ខណៈពេលដែលជីតារបស់ខ្ញុំ កំពុងអង្គុយលេង នៅព្រះវិហារ។ នៅពេលដែលជីតារបស់ខ្ញុំដើរចុះពីទួលដែលគ្របដណ្តប់ដោយព្រឹល សំដៅមករកផ្ទះកសិដ្ឋានរបស់យើង យើងឃើញគាត់កំពុងតែយំ។ គាត់ទើបតែបានទទួលដំណឹងថា កំពុងផែភើល ត្រូវបានកងទ័ពជប៉ុនទម្លាក់គ្រាប់បែកហើយ។ ឪពុករបស់ខ្ញុំ និងបងប្អូនគាត់ នឹងត្រូវទៅធ្វើសង្គ្រាម។ ឪពុកខ្ញុំតែងតែបានរំឭកអំពីពេលនោះ ដោយការរៀបរាប់ជាលម្អិត គ្មានការស្រពិចស្រពិល។
អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍ប្រភេទនោះថា “ការចងចាំដែលបានដិតជាប់” គឺជាពេលដែលបានដិតដានជាប់ក្នុងគំនិតរបស់មនុស្សម្នាក់ ដែលមានដូចជា ថ្ងៃដែលប្រទេសរបស់ពួកគេទទួលរងការឈ្លានពាន ឬការវាយប្រហារដោយភេរវកម្ម ឬមួយថ្ងៃដែលពួកគេបាត់បង់មនុស្សជាទីស្រឡាញ់ ឬក៏ពេលដែលយើងជួបរឿងធ្វើឲ្យសប្បាយចិត្តបំផុត។
ចូរយើងស្រមៃថា តើពួកសាវ័កមានការនឹកចាំដែលបានដិតជាប់ក្នុងចិត្តដូចម្តេចខ្លះ។ ពួកគេបានឃើញព្រះអង្គធ្វើការអស្ចារ្យម្តងហើយម្តងទៀត។ តែរឿងសោកសៅបំផុតក៏បានកើតឡើងភ្លាមៗផងដែរ។ ព្រះរាជបុត្រានៃព្រះ ត្រូវគេចាប់ព្រះកាយ យកទៅឆ្កាង។ ប៉ុន្តែ បន្ទាប់មក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ! នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ក៏បានប្រញាប់ទៅប្រាប់ពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់(យ៉ូហាន ២០:១៨)។ ប៉ុន្តែ ពួកសាវ័កនៅតែលាក់ខ្លួនដោយការភ័យខ្លាច។ ពួកគេមិនជឿដំណឹងនេះទេ(លូកា ២៤:១១) ទាល់តែព្រះយេស៊ូវ “យាងមកឈរនៅកណ្ដាល” ពួកគេ(យ៉ូហាន ២០:១៩)។ បន្ទាប់មក “ពួកសិស្សមានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់”(ខ.២០)។
សាវ័កយ៉ូហានបានកត់ត្រា អំពីព្រឹត្តិការណ៍នៅថ្ងៃនោះ ដោយរៀបរាប់ថា “បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ”(ខ.៣១)។ នេះគឺជា “ការចង់ចាំដែលបានដិតជាប់ក្នុងចិត្ត” ដែលមានសារៈសំខាន់អស់កល្បជានិច្ច។—Tim Gustafson
តើអ្នកមានការចងចាំអ្វីដែលបានដិតដាមក្នុងចិត្ត? ចូរពិពណ៌នា អំពីពេលដែលអ្នកធ្វើការសម្រេចចិត្តធំបំផុត
ខាងវិញ្ញាណ ហើយតើការសម្រេចចិត្តនោះមានន័យយ៉ាងណាសម្រាប់អ្នក?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅជាមួយយើងខ្ញុំ គ្រប់ពេលវេលា
និងបានប្រទានព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មឡើងវិញរបស់ព្រះរាជបុត្រារបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៥០ និង ហេព្រើរ ៨