
មូលហេតុដែលយើងអត់ទោសឲ្យគេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 12, 2025
«ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ» (អេភេសូរ ៤:៣២)។
ការអត់ទោសបាបរបស់ព្រះ មិនគ្រាន់តែជាការបង្ហាញព្រះទ័យរបស់ព្រះអង្គ តែក៏ជាអ្វីដែលព្រះអង្គបានសន្យាក្នុងព្រះបន្ទូលផងដែរ។ ដូចនេះ ការដកពិសោធន៍ជាមួយការអត់ទោសបាបរបស់ព្រះ មានការជាប់ទាក់ទងដោយផ្ទាល់ជាមួយនឹងការស្ម័គ្រចិត្តជឿថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានពន្យល់ថា ការធានាអំពីការអត់ទោសបាបរបស់យើង មានការពឹងផ្អែកទាំងស្រុងទៅលើព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ (ហេព្រើរ ១០:១៩-២២)។ ជាងនេះទៅទៀត ពេលណាយើងចូលមករកព្រះដោយការប្រែចិត្ត ព្រះអង្គបានសន្យាថា ព្រះអង្គនឹងមិននឹកចាំពីអំពើបាបរបស់យើងទៀតទេ (ខ.១៧)។ ព្រះទ្រង់បានសន្យាច្បាស់ថា ព្រះអង្គនឹងមិនកត់ទុកអំពើបាបរបស់យើងទេ (អេសាយ ៤៣:២៥)។ អាចនិយាយម្យ៉ាងទៀតថា បើយើងព្យាយាមងាកបែរទៅរកព្រះអង្គវិញ ដោយនាំយកបញ្ហាដែលព្រះអង្គបានដោះស្រាយរួចហើយ នោះយើងត្រូវចាំថា ព្រះអង្គបានសន្យាថា ព្រះអង្គនឹងមិននឹកចាំអំពីបាបរបស់យើងទៀតទេ ហើយយើងក៏ត្រូវធ្វើដូចព្រះអង្គដែរ។
គំរូរបស់ព្រះអង្គ គឺសម្រាប់ឲ្យយើងយកតម្រាប់តាមក្នុងការអត់ទោសឲ្យអ្នកដទៃ។ ការអត់ទោសឲ្យអ្នកដទៃ មិនមែនជាអារម្មណ៍នោះទេ តែផ្អែកទៅលើព្រះបន្ទូលសន្យា និងមានការស្តាប់បង្គាប់។ នៅពេលដែលយើងអត់ទោសឲ្យនរណាម្នាក់ គឺយើងកំពុងធ្វើការសន្យាបីចំណុច។ ទីមួយ យើងនឹងមិនលើកយកបញ្ហានោះមកនិយាយជាមួយបុគ្គលនោះទៀតទេ។ ទីពីរ យើងក៏នឹងមិនលើកយកបញ្ហានោះមកនិយាយជាមួយអ្នកដទៃដែរ។ ហើយទីបី យើងនឹងមិនរំឭកខ្លួនយើងអំពីបញ្ហានោះទៀតឡើយ។ យើងបង្ហាញចេញនូវការអត់ទោសពិតប្រាកដ នៅពេលដែលយើងចង់អត់ទោសឲ្យគេ ដូចដែលព្រះទ្រង់បានអត់ទោសឲ្យយើងក្នុងព្រះគ្រីស្ទ។ ការនេះមិនមានន័យថា យើងត្រូវមានការអត់ទោសតែនៅក្នុងគំនិត និងការតាំងចិត្តប៉ុណ្ណោះទេ។ យើងក៏ត្រូវមានការអត់ទោសឲ្យគេចេញពីក្នុងចិត្តផងដែរ (ម៉ាថាយ ១៨:៣៥)។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញចេញនូវការអត់ទោសពិតប្រាកដ កើតចេញពីការដឹងគុណព្រះគ្រីស្ទដែលបានអត់ទោសបាបឲ្យយើង គួបផ្សំនឹងការស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គដែលបង្គាប់យើងឲ្យអត់ទោសឲ្យគេ។
តើមាននរណាខ្លះដែលអ្នកចាំបាច់ត្រូវអត់ទោសឲ្យ? អ្នកប្រហែលមិនមានអារម្មណ៍ចង់អត់ទោសឲ្យគេ នៅថ្ងៃនេះទេ ប៉ុន្តែទោះយើងមានអារម្មណ៍ ឬគ្មានអារម្មណ៍ ក្នុងនាមយើងជាអ្នកទទួលការអត់ទោសពីព្រះក្នុងព្រះគ្រីស្ទ ព្រះអង្គបានត្រាស់ហៅយើងឲ្យអត់ទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើង។ យើងប្រហែលពិបាកអត់ទោសឲ្យគេ តែវាជាអ្វីដែលយើងអាចធ្វើបាន។ ព្រះវិញ្ញាណនៃព្រះអាចជួយអ្នកឲ្យសន្យាថា អ្នកនឹងអត់ទោសឲ្យគេ ហើយធ្វើតាមការសន្យានេះ។ ពេលណាអ្នកអត់ទោសឲ្យគេដោយការសន្យាដែលមានបីចំណុចនេះ ដោយការស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះ ព្រះអង្គអាច ហើយនឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង់អត់ទោសឲ្យគេ។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១៨:២១-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ៤-៦ និងលូកា ១:១-២០