
ការសង្ឃឹមដល់ព្រះអម្ចាស់
ដោយWinn Collier
November 14, 2025
បរិទេវ ៣:២២-៣៣
ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់។ បរិទេវ ៣:២៤
នៅពេលដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើង នៅក្នុងប្រទេសមួយ អាជ្ញាធរបានតម្រូវឲ្យប្រុសៗចូលធ្វើទាហាន។ ទោះជាយ៉ាងណាក៏ដោយ មានបុរសម្នាក់បានបដិសេធថា “ខ្ញុំមិនចង់រួមចំណែកនៅក្នុងការបំផ្លិចបំផ្លាញប្រទេសជាតិខ្លួនឯងទេ”។ ដូចនេះ គាត់ក៏បានចាកចេញពីប្រទេសរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគាត់មិនមានទិដ្ឋាការត្រឹមត្រូវ គាត់ក៏បានជាប់គាំងដំណើរ នៅក្នុងប្រលានយន្តហោះរបស់ប្រទេសដទៃ។ គាត់ក៏បានរស់នៅក្នុងប្រលានយន្តហោះនោះអស់ជាច្រើនខែ ដោយបុគ្គលិកអាកាសយានដ្ឋានបានឲ្យអាហារគាត់បរិភោគ ហើយមនុស្សរាប់ពាន់អ្នកបានតាមដានការបង្ហោះសាររបស់គាត់ នៅលើបណ្ដាញសង្គមទ្វីទ័រ ខណៈពេលដែលគាត់រស់នៅវិលវល់ក្នុងប្រលានយន្តហោះ គាត់បានយកអំបោះមកចាក់ធ្វើកន្សែងបង់កលក់ឲ្យអ្នកដំណើរ ហើយប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម។ នៅពេលដែលសហគមន៍មួយបានដឹង អំពីទុក្ខលំបាករបស់គាត់ដែលហាក់ដូចជាគ្មានទីបញ្ចប់នោះ ពួកគេក៏បានរៃអង្គាសប្រាក់ ដើម្បីជួយឧបត្ថម្ភគាត់ ហើយក៏បានស្វែងរកការងារឲ្យគាត់ធ្វើ និងផ្ទះសម្រាប់ស្នាក់នៅ។
កណ្ឌគម្ពីរបរិទេវគឺជាបទទំនួញរបស់ហោរាយេរេមា ដែលបានសង្ឃឹមដល់ព្រះអម្ចាស់ និងបានរង់ចាំព្រះអង្គដកបណ្តាសារចេញពីរាស្រ្តទ្រង់ ដែលបានប្រព្រឹត្តអំពើបាប។ លោកហោរានៅតែមានជំនឿលើព្រះដ៏អស់កល្ប ដែលគាត់អាចដឹងថា គាត់អាចទុកចិត្តទ្រង់បាន។ “ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់”(៣:២៥)។ រាស្រ្តរបស់ព្រះក៏អាចមានក្តីសង្ឃឹម នៅពេលដែលពួកគេមានអារម្មណ៍ថាពិបាកពេក ដោយសារបញ្ហាដែលហាក់ដូចជាមិនអាចមានភាពធូរស្រាល។ ទោះពួកគេត្រូវបន្ទាបខ្លួនទទួលយកការដាក់ពិន័យរបស់ព្រះក៏ដោយ ក៏ពួកគេអាចប្រកាន់ខ្ជាប់តាមការពិតដែលថា ពួកគេនៅតែអាចមានសេចក្តីសង្ឃឹម(ខ.២៩)។ អស់អ្នកដែលស្គាល់ព្រះ អាចដកពិសោធន៍នឹងសេចក្តីសង្ឃឹម ដែលបង្ហូរចេញពីព្រះអង្គ។ “មនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ”(ខ.២៦)។
នៅពេលដែលយើងគ្មានចម្លើយ ឬផ្លូវសម្រាប់គេចចេញពីបញ្ហា យើងអាចសង្ឃឹមដល់ព្រះ ដែលបានបង្ហាញឲ្យយើងដឹងម្តងហើយម្តងទៀតថា ព្រះអង្គមានព្រះទ័យស្មោះត្រង់ ក្នុងការជួយសង្គ្រោះយើង។—Winn Collier
តើអ្នកមានទុក្ខលំបាកណាខ្លះ ដែលអ្នកត្រូវសង្ឃឹមដល់ព្រះអង្គ?
ហេតុអ្វីអ្នកមានការពិបាកក្នុងការទុកចិត្តព្រះអង្គ ហើយព្រះអង្គបានជួយអ្នកឲ្យទុកចិត្តព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យអត់ធ្មត់ ក្នុងការរង់ចាំព្រះអង្គសម្រេចបំណងព្រះទ័យព្រះអង្គ ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ៣-៥ និង ហេព្រើរ ១០:១៩-៣៩