
ច្រៀងសរសើរព្រះ តាមព្រះគម្ពីរប៊ីប
ដោយAmy Boucher Pye
November 15, 2025
បទចម្រៀងសាឡូម៉ូន ១:១-៦
ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម។ បទចម្រៀងសាឡូម៉ូន ១:៥
នៅក្នុងការសិក្សាព្រះបន្ទូលប្រចាំថ្ងៃ ជូលី(Julie) បានចាប់ផ្តើមច្រៀង ដោយប្រើខគម្ពីរដែលគាត់បានអាន ធ្វើជាទំនុកច្រៀង។ គាត់ថា “នៅពេលដែលខ្ញុំបានច្រៀង ចិត្ត និងគំនិតខ្ញុំក៏បានចាប់ផ្តើមធ្វើ និងជឿលើអ្វីដែលខ្ញុំកំពុងច្រៀង”។ តាមរយៈការច្រៀង ដោយមានព្រះបន្ទូលព្រះធ្វើជាទំនុកច្រៀង ជូលីចង់ឲ្យសេចក្តីពិតរបស់ព្រះអង្គ ចែងចាំងពន្លឺមកលើចំណុចដែលគាត់មិនចូលចិត្តនៅក្នុងខ្លួនគាត់ ដូចជាសម្លេង និងកម្ពស់របស់គាត់ជាដើម។
គាត់ថា “ខ្ញុំបានចាប់ផ្តើមច្រៀងតាមបទគម្ពីរ បទចម្រៀងសាឡូម៉ូន ១:៥ ថា ខ្ញុំខ្មៅ តែល្អគួរសម”។ ក្នុងសង្គមដែលប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ស្រ្តីដែលមានសម្បុរខ្មៅ ដោយសារត្រូវពន្លឺថ្ងៃច្រើន មិនត្រូវបានគេមើលឃើញថា មានរូបសម្រស់ស្អាតនោះទេ។ តាមរយៈការច្រៀង តាមបទគម្ពីរនេះ ព្រះទ្រង់ក៏បានកែប្រែការគិតរបស់គាត់។ ភ្លាមៗនោះ គាត់ក៏បានយល់ដឹងថា “ព្រះទ្រង់ស្រឡាញ់ខ្ញុំ ទោះខ្ញុំមិនល្អឥតខ្ចោះក៏ដោយ”។
ជូលី ក៏បានច្រៀងតាមបទកំណាព្យដ៏ពីរោះ ដែលបានកត់ទុកក្នុងអក្សរសាស្រ្តនៃប្រាជ្ញាក្នុងព្រះគម្ពីរសញ្ញាចាស់។ អ្នកខ្លះបានកាត់ស្រាយថា កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន គឺជាការពិពណ៌នាក្នុងន័យធៀប អំពីសេចក្តីស្រឡាញ់របស់ព្រះ ចំពោះរាស្រ្តរបស់ទ្រង់ តែមនុស្សជាច្រើនយល់ឃើញថា បទគម្ពីរនេះជាការអបអរសេចក្តីស្រឡាញ់របស់ប្តីប្រពន្ធមួយគូរ។ នៅពេលយើងឃើញប្តីប្រពន្ធមួយគូរនោះមានការប្ដេជ្ញាចិត្តចំពោះគ្នា យើងអាចនិយាយតាមមិត្តសំឡាញ់របស់ពួកគេថា “យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ”(ខ.៤)។
ទោះជាយ៉ាងណាក៏ដោយ ពេលយើងសិក្សាខគម្ពីរពីរបុរាណនេះ យើងក៏អាចដឹងច្បាស់ដូចជូលីផងដែរថា ព្រះទ្រង់មានព្រះទ័យរីករាយ នៅក្នុងរាស្រ្តដែលព្រះអង្គបានជ្រើសរើស។ គឺដូចដែលព្រះអង្គមានបន្ទូលក្នុងបទគម្ពីរផ្សេងទៀត ក្នុងព្រះគម្ពីរសញ្ញាចាស់ថា “ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង”(អេសាយ ៤៣:៤)។—Amy Boucher Pye
ក្រៅពីការច្រៀងសរសើរព្រះ តើអ្នកអាចសិក្សាព្រះបន្ទូលព្រះ ក្នុងព្រះគម្ពីរតាមរបៀបណាខ្លះ?
តើអ្នកអាចឱប ក្រសោបយកសេចក្តីពិតដែលថា ព្រះស្រឡាញ់អ្នក ដូចម្តេចខ្លះ?
ឱព្រះអាទិករ ព្រះអង្គបានបង្កើតទូលបង្គំឲ្យដូចរូបអង្គទ្រង់ ហើយមានបន្ទូលថា ព្រះអង្គស្រឡាញ់ទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់សេចក្តីពិតនេះ ក្នុងគំនិត និងចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំចែករំលែក
សេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១-២ និង ហេព្រើរ ១១:១-១៩