
គិតអំពីការលះបង់ទុកជាមុន
ដោយJames Banks
November 16, 2025
លូកា ១៤:២៥-៣៥
តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន? លូកា ១៤:២៨
ប្រជាជនរស់នៅទីនោះ បានហៅផ្លូវថ្នល់មួយខ្សែនោះថា “ផ្លូវដែលគ្មានគោលដៅ” តែឈ្មោះជាផ្លូវការរបស់វាគឺ ផ្លូវមាត់បឹង។ វាគឺជាផ្លូវមានប្រវែង៩គីឡូម៉ែត្រ ដែលគេអាចបើកបរមើលទេសភាពបឹងហ្វ៊ុនតាណា ក្នុងឧទ្យានជាតិនៅតំបន់ជួរភ្នំគ្រេត ស្មូគគី ក្បែរទីក្រុងប្រាយសិន រដ្ឋឃែរ៉ូឡាយណាខាងជើង។ បន្ទាប់ពីគេបានសាងសង់ផ្លូវរូងភ្នំ ដោយខួងចូលថ្មក្រានីតនៅចំហៀងភ្នំ ការសាងសង់ក៏បានបញ្ឈប់ភ្លាមៗ។ រដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់រាប់លានដុល្លា ដើម្បីធ្វើការសាងសង់ផ្លូវនេះ តែគម្រោងសាងសង់បានបញ្ចប់ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃបរិស្ថាន។
ព្រះយេស៊ូវធ្លាប់មានមុខរបរជាជាងឈើ ។ មានពេលមួយនោះ ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីការសាងសង់ផ្ទះ ដើម្បីបង្រៀនអំពីការលះបង់ក្នុងការដើរតាមព្រះអង្គ។ ទ្រង់មានបន្ទូលថា “ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន”(លូកា ១៤:២៨)។ ក្នុងរឿងប្រៀបប្រដូចមួយទៀត មានស្តេចមួយអង្គដែលបានលៃលក មុននឹងធ្វើសង្គ្រាម ហើយរឿងនេះក៏មានអត្ថន័យនៃការបង្រៀនដូចគ្នា។ ក្នុងការមានបន្ទូលទៅកាន់មនុស្សមួយហ្វូងធំ ដែលកំពុងដើរតាមព្រះអង្គ(ខ.២៥) ព្រះអង្គសព្វព្រះទ័យឲ្យពួកគេដឹងថា ការជឿ និងដើរតាមព្រះអង្គដោយចិត្តស្មោះត្រង់ តម្រូវឲ្យមានការលះបង់។
បើយើងដើរតាមព្រះយេស៊ូវ គ្រាន់តែដោយសារការអ្វីដែលព្រះអង្គអាចធ្វើសម្រាប់យើង គឺមិនខុសពីការធ្វើដំណើរតាម “ផ្លូវដែលគ្មានគោលដៅ”។ ប៉ុន្តែ ការដើរតាមព្រះអង្គ ដើម្បីព្រះអង្គ ដោយងាកចេញពីអំពើបាប និងភាពអាត្មានិយមជារៀងរាល់ថ្ងៃ ដើម្បីរស់នៅថ្វាយព្រះអង្គ និងនគររបស់ព្រះអង្គ(ដោយលី “ឈើឆ្កាង”របស់យើង ដូចដែលព្រះអង្គមានបន្ទូលក្នុងខ.២៧) នាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង។ យើងត្រូវតែគិតអំពីការលះបង់ ព្រោះព្រះអង្គសក្តិសមនឹងឲ្យយើងលះបង់។—James Banks
តើការជឿ និងដើរតាមព្រះយេស៊ូវ តម្រូវឲ្យមានការលះបង់អ្វីខ្លះ?
ហេតុអ្វីក្នុងពិភពលោកនេះ គ្មានអ្វីដែលមានតម្លៃជាងការស្គាល់ និងដើរតាមព្រះអង្គ?
ឱព្រះអង្គសង្គ្រោះ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅថ្វាយព្រះអង្គ លើសអ្វីៗទាំងអស់។
គ្មានអ្វីអាចប្រៀបផ្ទឹមនឹងសេចក្តីល្អ ក្នុងការដើរតាមព្រះអង្គឡើយ?
For further study, read No Matter the Cost at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣-៤ និង ហេព្រើរ ១១:២០-៤០