ព្រឹក

ការតភ្ជាប់ទំនាក់ទំនងដោយជំនួយពីព្រះគ្រីស្ទ
ដោយMarvin Williams
November 17, 2025
សុភាសិត ១២:២១-២៨
ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង ។ សុភាសិត ១២:២៥
តើរយៈពេល៨នាទីអាចកែប្រែជីវិតមនុស្សម្នាក់បានទេ? ក្នុងលោកិយដែលទំនាក់ទំនងដ៏មានន័យ អាចជារឿងដ៏កម្រ អ្នកស្រី ជែនស៊ី ដាន់(Jancee Dunn) បានលើកទឹកចិត្តឲ្យគេស្វែងយល់អំពីអំណាចនៃការនិយាយតាមទូរស័ព្ទរយៈពេល៨នាទី។ គាត់ជឿថា ការទូរស័ព្ទរយៈពេលដ៏ខ្លីដូចនេះ អាចជួយយើងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ការសិក្សាបានបង្ហាញថា ការនិយាយតាមទូរស័ព្ទដូចនេះ ពីរបីដងក្នុងមួយសប្តាហ៍ ជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ភាពឯកោ និងការថប់បារម្ភ។អ្នកស្រីជេនស៊ី ក៏បានដកស្រង់ឯកសារស្រាវជ្រាវរបស់អ្នកជំនាញដទៃទៀត ដែលបានបញ្ជាក់ថា ការកែសម្រួលតូចៗក្នុងទំនាក់ទំនង អាចមានឥទ្ធិពលជាវិជ្ជមានមកលើសុខុមាលភាពរបស់យើង និងអ្នកដទៃ។
ទស្សនៈនេះមានភាពសមស្របនឹងបទគម្ពីរសុភាសិត ១២:២៥ ដែលបានលើកឡើងថា “ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង”។ ក្នុងបទគម្ពីរនេះ ការថប់បារម្ភគឺសំដៅទៅលើការឆ្លើយតបខាងផ្លូវចិត្តរបស់មនុស្សម្នាក់ ចំពោះការគំរាមកំហែងមកលើសុខុមាលភាពរបស់ពួកគេ។ ការមានចិត្តថប់បារម្ភអាចបណ្តាលមកពីការភ័យខ្លាច និងភាពមិនច្បាស់លាស់ ចំពោះពេលអនាគត។ សម្រាប់អ្នកជឿព្រះយេស៊ូវ ពាក្យសម្តីដែលលើកទឹកចិត្តអាចកែប្រែការថប់បារម្ភរបស់អ្នកដទៃ ទៅជាភាពសប្បាយរីករាយ និងនាំទៅរកជីវិតពិត(ខ.២៨)។ ពាក្យសម្តីទាំងនោះប្រៀបដូចជាផ្លាកសញ្ញានាំផ្លូវ ដែលអាចជួយអ្នកដទៃឲ្យជ្រើសរើសមិត្តភក្តិ ដោយការប្រុងប្រយ័ត្ន(ខ.២៦)។
ចូរយើងអធិស្ឋាន សូមព្រះអង្គបង្ហាញឲ្យយើងដឹងថា នរណាខ្លះកំពុងត្រូវការឲ្យអ្នកនិយាយទូរស័ព្ទជាមួយ រយៈពេលតិចឬច្រើនជាង៨នាទី ដើម្បីឲ្យអ្នកលើកទឹកចិត្តតាមព្រះគម្ពីរ។ ទោះការសន្ទនានោះអាចមានរយៈពេលខ្លីក៏ដោយ ក៏ការតភ្ជាប់ទំនាក់ទំនងដ៏សាមញ្ញ អាចធ្វើជាផ្កាភ្លើងដែលព្រះអង្គអាចប្រើ ដើម្បីសម្រាលបន្ទុករបស់នរណាម្នាក់ ធ្វើឲ្យមានពន្លឺក្នុងថ្ងៃនីមួយៗ ហើយផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹម និងការប្រោសឲ្យជា។—Marvin Williams
តើអ្នកអាចចែកចាយព្រះបន្ទូលនៃក្តីសង្ឃឹម ក្នុងព្រះគម្ពីរប៊ីប ដល់អ្នកដទៃនៅថ្ងៃនេះ ដូចម្តេចខ្លះ?
ហេតុអ្វីអ្នកចាំបាច់ត្រូវចែកចាយអំពីក្តីសង្ឃឹមនៃព្រះគ្រីស្ទ ដល់អ្នកដែលកំពុងថប់បារម្ភ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យនិយាយពាក្យសប្បុរស និងក្តីសង្ឃឹមដល់អ្នកដែលកំពុងថប់បារម្ភ និងឯកោនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៥-៧ និង ហេព្រើរ ១២
ល្ងាច

ព្រះពរ និងបណ្ដាសា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 17, 2025
«រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង...ប៉ុន្តែ បើឯងមិនព្រមស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្ដាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយរត់មករកឯងផង» (ចោទិយកថា ២៨:២, ១៥)។
នៅក្នុងវាលទំនាបម៉ូអាប់ នៅជាប់ទន្លេយ័រដាន់ ពួកអ៊ីស្រាអែលហៀបនឹងចូលទឹកដីសន្យាដែលព្រះទ្រង់បានសន្យាប្រទានដល់ពួកគេ។ លោក ម៉ូសេ ក៏បាននិយាយទៅកាន់ពួកបណ្ដាជនជាលើកចុងក្រោយ ដោយព្យាយាមជំរុញពួកគេមិនឲ្យបំផ្លាញទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ដោយការមិនស្តាប់បង្គាប់ដូចមនុស្សជំនាន់មុនឡើយ។ គាត់បានក្រើនរំឭកពួកគេអំពីការអ្វីដែលព្រះទ្រង់បានមានបន្ទូល និងបានធ្វើ កាលពីមុន ហើយគាត់បានលើកទឹកចិត្តពួកគេឲ្យរស់នៅជារាស្ត្រដែលព្រះអង្គបានញែកចេញសម្រាប់អង្គទ្រង់ ផ្អែកទៅលើការធ្វើអន្តរាគមន៍ដ៏អស្ចារ្យរបស់ព្រះ និងសេចក្តីស្មោះត្រង់របស់ព្រះអង្គចំពោះសេចក្តីសញ្ញា។
តាមរយៈការបង្គាប់របស់លោក ម៉ូសេ ព្រះអង្គបានប្រទានជម្រើសគួរឲ្យភ្ញាក់ផ្អើលពីរយ៉ាង ដែលត្រូវជ្រើសរើសជាបន្ទាន់។ ព្រះអង្គបានសន្យាថា នឹងប្រទានព្រះពរ ហើយទន្ទឹមនឹងនោះ ព្រះអង្គក៏បានព្រមានពួកគេផងដែរ។ ព្រះអង្គបានចោទជាសំណួរដ៏សាមញ្ញក្នុងន័យថា តើពួកគេនឹងរស់នៅដូចម្ដេចក្នុងទឹកដីសន្យា? តើពួកគេនឹងកាន់តាមសេចក្តីសញ្ញា ហើយអរសប្បាយនឹងព្រះពរក្នុងទឹកដីសន្យា ឬពួកគេមិនស្តាប់បង្គាប់ ហើយត្រូវគេបណ្ដេញចេញពីទឹកដីនោះ?
ពួកបណ្តាជនដែលកំពុងជួបជុំគ្នានៅព្រំប្រទល់នោះប្រាកដជាបានឮព្រះបន្ទូលព្រះ ហើយនិយាយថា ទេ! ការមិនស្តាប់បង្គាប់ដូចនោះនឹងមិនអាចកើតមានក្នុងចំណោមពួកយើងទេ! ប៉ុន្តែ ពីរបីរយឆ្នាំក្រោយមក តើយើងឃើញពួកគេប្រព្រឹត្តដូចម្ដេចខ្លះ? «យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្ដេចបាន» (ទំនុកតម្កើង ១៣៧:១, ៤)។ ក្នុងការរស់នៅជាឈ្លើយសឹកក្នុងទឹកដីបរទេស ពួកអ៊ីស្រាអែលបានក្រឡេកមកក្រោយ ហើយឆ្ងល់ថា តើហេតុអ្វីបានជាពួកគេធ្លាក់ខ្លួនមករស់នៅក្នុងសភាពដូចនេះ។
ក្នុងនាមយើងជាមនុស្សរស់នៅក្នុងលោកីយ៍ដែលមានបាប យើងងាយរងគ្រោះ ងាយត្រូវល្បួង និងងាយជួបការល្បងលណាស់។ គ្រប់ពេលទាំងអស់ យើងតែងតែត្រូវធ្វើការសម្រេចចិត្តថា យើងត្រូវស្តាប់បង្គាប់ ឬដើរចេញពីព្រះអង្គ។ ដូចនេះ យើងត្រូវការព្រះគុណរបស់ព្រះដែលទ្រទ្រង់យើង។ ពិតជាសោកសៅណាស់ ដែលមនុស្សជាច្រើនហាក់ដូចជាមានជំនឿរឹងមាំ និងការប្ដេជ្ញាចិត្ត ហើយធ្វើដំណើរឆ្ពោះទៅរកទឹកដីសន្យា តែមិនគ្រាន់តែបានជំពប់ដួលប៉ុណ្ណោះទេ តែថែមទាំងបានដាំដូងធ្លាក់ទៅរកការមិនជឿព្រះទៀតផង។ ហើយកំហុសធំបំផុតដែលយើងអាចធ្វើ គឺនៅពេលដែលយើងនិយាយថា «អូហ៍ ទេ វាមិនអាចកើតឡើងចំពោះខ្ញុំទេ!»។
អារក្សចូលចិត្តនិយាយប្រាប់យើងថា មូលហេតុដែលព្រះទ្រង់បានប្រទានយើងនូវក្រឹត្យវិន័យ និងព្រះរាជបញ្ជារបស់ព្រះអង្គ ព្រោះព្រះអង្គសព្វព្រះទ័យឲ្យជីវិតយើងខ្វះភាពផ្អែមល្ហែម គ្មានការសប្បាយ ហើយធ្វើឲ្យថ្ងៃនីមួយៗមានពេញដោយការឈឺក្បាល និងការឈឺចាប់។ នេះគឺជាការកុហកអាក្រក់បំផុត។ ព្រះទ្រង់បានប្រទានព្រះបន្ទូលទ្រង់មក ដើម្បីជាប្រយោជន៍ដល់យើង! ការដាស់តឿនទាំងអស់ក្នុងព្រះគម្ពីរ គឺដើម្បីធ្វើជារបងការពារយើង និងចាក់ចុចយើងឲ្យភ្ញាក់ខ្លួន នៅពេលណាយើងហៀបនឹងធ្លាក់ចូលសេចក្តីអន្តរាយ ហើយព្រះបន្ទូលសន្យាទាំងអស់ក្នុងព្រះគម្ពីរ គឺដើម្បីលើកយើងឡើង ពេលណាយើងមានភាពតូចទាប និងមិនច្បាស់លាស់ ហើយគ្រប់ទាំងព្រះរាជបញ្ជាក្នុងព្រះគម្ពីរ គឺដើម្បីដឹកនាំយើងចូលទៅក្នុងជីវិតដែលមានពរ ដែលរស់នៅតាមផ្លូវរបស់ព្រះ ក្នុងព្រះវត្តមាន និងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះទ្រង់មានការប្ដេជ្ញាព្រះទ័យ ដើម្បីប្រយោជន៍យើង ហើយបានបង្ហាញការប្ដេជ្ញាព្រះទ័យនេះឲ្យយើងឃើញច្បាស់បំផុត នៅក្នុងការយាងមករបស់ព្រះរាជបុត្រា ដើម្បីទទួលរងបណ្ដាសានៃការមិនស្តាប់បង្គាប់របស់យើង ដើម្បីឲ្យយើងបានអរសប្បាយនឹងព្រះពរ ដែលមានតែព្រះអង្គប៉ុណ្ណោះដែលស័ក្តិសមនឹងទទួល។
តើអ្នកស្រឡាញ់ព្រះអង្គទេ? តើអ្នកដឹងថា ព្រះអង្គស្រឡាញ់អ្នកទេ? ចូរស្តាប់បង្គាប់តាមការដាស់តឿន និងការបង្គាប់របស់ព្រះអង្គ ហើយឲ្យតម្លៃមកលើការកម្សាន្តចិត្តនៃព្រះបន្ទូលសន្យារបស់ព្រះអង្គ។
ខគម្ពីរសញ្ជឹងគិត៖ កាឡាទី ៣:១០-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៩-២១ និងលូកា ២:២២-៥២