
ការថែរក្សាដ៏ស្រទន់របស់ព្រះវរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 15, 2025
«ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង» (ម៉ាថាយ ៦:៣១-៣៣)។
ក្នុងនាមយើងជាស្នាព្រះហស្តរបស់ព្រះក្នុងពិភពលោករបស់ព្រះអង្គ ជោគវាសនា ឬយថាកម្ម មិនមែនជាអ្នកកំណត់ជីវិតយើងទេ។ យើងមិនត្រូវបានរុញច្រានដោយអំណាចដែលខ្វាក់ និងមិនមានលក្ខណៈជាអង្គបុគ្គល ហើយយើងក៏មិនត្រូវខ្វល់អំពីជោគជតារាសី តារាសាស្ត្រ ឬអ្វីផ្សេងទៀតដែលធ្វើឲ្យយើងបែកអារម្មណ៍ដែរ។
ប៉ុន្តែ សម្រាប់អ្នកដែលមិនស្គាល់ និងមិនទទួលជឿព្រះថាជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ចំពោះពួកគេ ចក្រវាលមានលក្ខណៈដូចនេះឯង។ ហេតុនេះហើយ ព្រះគម្ពីរបានចែងច្បាស់ថា សាសន៍ដទៃ គឺអ្នកដែលមិនចាប់អារម្មណ៍អំពីព្រះ ពួកគេ «ខំស្វែងរករបស់ទាំងនោះវិញ»។ មនុស្សប្រភេទនោះមិនដឹងច្បាស់ថា ព្រះអាទិករមានពិតមែនឬក៏អត់ទេ ហើយពួកគេសន្មតថា បើព្រះមានពិតមែន នោះទ្រង់មុខជាបានលះបង់ចោលស្នាព្រះហស្តទ្រង់ តាំងពីពេលដែលទ្រង់បានបង្កើតពួកគេមក។ ក្នុងគំនិតរបស់ពួកគេ ប្រវត្តិសាស្ត្រនៃមនុស្សជាតិ មានការឡើងចុះ និងបត់បែន តាមយថាកម្មដោយយើងរាល់គ្នាសុទ្ធតែជាប់ខ្លួនរើមិនរួចនៅក្នុងយន្តការដ៏ធំធេង និងគ្មានមនោសញ្ចេតនា។ តែអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរបានប្រាប់យើង ផ្ទុយពីនេះ។ យោងតាមព្រះគម្ពីរ គ្រប់យ៉ាងត្រូវបានបង្កើតមកតាមរយៈព្រះគ្រីស្ទ និងដើម្បីព្រះគ្រីស្ទ ហើយព្រះអង្គនៅតែចូលរួមជាមួយស្នាព្រះហស្តរបស់ទ្រង់យ៉ាងស្និទ្ធស្នាល (កូឡូស ១:១៦-១៧)។ ហេតុនេះហើយ ព្រះរាជបុត្រានៃព្រះបានមានបន្ទូលក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦:២៦-៣៣ ថា ហេតុអ្វីអ្នកខ្វល់ខ្វាយអំពីអាហារ សំលៀកបំពាក់ ឬអ្វីៗផ្សេងទៀត? សាសន៍ដទៃបារម្ភអំពីរឿងទាំងអស់នេះ ចុះចំណែកអ្នកវិញ? ចូរមើលមកខ្ញុំ ខ្ញុំនឹងថែរក្សាអ្នក។ គ្មានសត្វចាបណា ដែលហើរនៅលើមេឃ ដោយព្រះអង្គមិនបានជ្រាបនោះទេ។ ស្មៅគ្រប់ដើមក្នុងទីវាល ត្រូវបានគ្របដណ្ដប់ដោយព្រះចេស្ដារបស់ខ្ញុំ ហើយខ្ញុំនឹងថែរក្សាអ្នកផងដែរ។
ជាការពិតណាស់ ព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ទដែលថា ព្រះអង្គ និងព្រះវរបិតានឹងថែរក្សាយើង គឺជាសេចក្តីពិតដែលបានចែងក្នុងកណ្ឌគម្ពីរ រ៉ូម ៨:២៨ ថា «គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតម្រិះទ្រង់»។ បើយើងនៅក្នុងព្រះគ្រីស្ទ ថ្ងៃនីមួយៗ និងបំណងចិត្តរបស់យើង ក្តីសង្ឃឹម និងការឈឺចាប់ ការភ័យខ្លាច និងបរាជ័យរបស់យើង គឺសុទ្ធតែផ្សំគ្នាឡើងស្របតាមបំណងព្រះទ័យប្រកបដោយប្រាជ្ញា ព្រះគុណ និងសេចក្តីស្រឡាញ់។
បើអ្នកមានអារម្មណ៍ឯកោនៅថ្ងៃនេះ ឬអ្នកមានការភ័យខ្លាចចំពោះរឿងដែលអាចកើតឡើងក្នុងទំនាក់ទំនងប្រេះស្រាំ ដ៏ពិបាក នៅសប្ដាហ៍ក្រោយ នោះចូរអនុញ្ញាតឲ្យព្រះបន្ទូលព្រះជ្រួតជ្រាបក្នុងចិត្តគំនិតអ្នកឲ្យមានភាពកក់ក្តៅ ហើយដឹងថា ព្រះវរបិតាស្រឡាញ់ ហើយគង់នៅជាមួយអ្នកជានិច្ច។ បើអ្នកមានបន្ទុកក្នុងចិត្ត ដោយសារការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ នោះចូរឲ្យព្រះយេស៊ូវបំបាត់ការភ័យខ្លាចរបស់អ្នកដោយប្រាប់អ្នកថា ព្រះអង្គនឹងផ្គត់ផ្គង់អ្វីដែលអ្នកពិតជាត្រូវការ។ បើអ្នកកំពុងមានបញ្ហាសុខភាព ទោះខាងរូបកាយ ឬផ្លូវចិត្តក្តី ចូរទុកចិត្តថា ព្រះអង្គជ្រាប និងយកព្រះទ័យទុកដាក់ ហើយនឹងនាំអ្នកឆ្លងកាត់បញ្ហាទាំងនោះ។ ទោះមានរឿងអ្វីកើតឡើង ឬជីវិតមានការពិបាកយ៉ាងណា ព្រះទ្រង់នឹងថែរក្សាអ្នក ព្រោះព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ៦:១៩-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៣-១៥ និងលូកា ១:៥៧-៨០