
ការរស់នៅជាមួយព្រះយេស៊ូវ
ដោយMonica Larose
November 18, 2025
២ធីម៉ូថេ ២:៨-១៣
ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ។ ២ធីម៉ូថេ ២:១១
លោក គ្រីស្ទាន នទីហ្ស៊ីមីរ៉ា(Christian Ntizimira) បានទទួលការត្រាស់ហៅរបស់ព្រះអម្ចាស់ ឲ្យថែទាំអ្នកជំងឺដែលឈានដំណាក់កាលចុងក្រោយនៃជីវិត ក្នុងតំបន់ដែលមិនមានធនធានសុខាភិបាលគ្រប់គ្រាន់ ក្នុងប្រទេសរវ៉ាន់ដា ជាប្រទេសកំណើតរបស់គាត់។ មិត្តរួមការងាររបស់គាត់ មិនតែងតែមើលឃើញតម្លៃនៃការថែរក្សាដូចនេះទេ ព្រោះ “គេយល់ឃើញថា គេមិនសង្ឃឹមថា អ្នកជំងឺទាំងនោះនឹងមានជីវិតរស់ទៀតឡើយ”។ ប៉ុន្តែ លោកនទីហ្ស៊ីមីរ៉ា បានរកឃើញថា សម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ “វត្តមានរបស់គាត់បានផ្តល់ឲ្យពួកគេនូវការលើកទឹកចិត្ត នៅពេលដែលពួកគេហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះ”។ លោកនទីហ្ស៊ីមីរ៉ា បានឈរមាំក្នុងការងារនេះ ដោយសារគាត់មានជំនឿថា ការសុគត និងព្រះជន្មរបស់ព្រះយេស៊ូវ អាចកែប្រែរបៀបដែលយើងប្រឈមមុខដាក់សេចក្តីស្លាប់ ព្រោះ “ការសុគតរបស់ព្រះគ្រីស្ទ គឺជាប្រភពនៃជីវិត”។
ក្នុងបទគម្ពីរធីម៉ូថេខ្សែទី២ សាវ័កប៉ុលបានធ្វើបន្ទាល់ អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវ “បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិតនឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ”(១:១០) ដែលសេចក្តីពិតនេះ បានផ្លាស់ប្តូររបៀបដែលគាត់យល់ដឹង អំពីទុក្ខលំបាក។ ទោះសាវ័កប៉ុលគឺជាអ្នកទោស ដែលកំពុងប្រឈមមុខដាក់ការកាត់ទោសប្រហារជីវិតក៏ដោយ(២:៩) ក៏ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ បានជួយឲ្យគាត់ឈរមាំក្នុងការត្រាស់ហៅរបស់គាត់ គឺជាការនាំអ្នកដទៃឲ្យទទួលសេចក្តីសង្រ្គោះ តាមរយៈព្រះគ្រីស្ទ(ខ.១០)។ “ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់”(ខ.១១-១២)។
នៅពេលដែលអ្នកជឿព្រះយេស៊ូវ និយាយអំពីការស្លាប់ជាមួយព្រះអង្គ គឺពួកគេមិនគ្រាន់តែនិយាយសំដៅទៅលើការស្លាប់ខាងរូបកាយប៉ុណ្ណោះទេ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើពួកជំនុំនៅទីក្រុងរ៉ូម គាត់បានពន្យល់ថា អ្នកជឿព្រះយេស៊ូវមានការរួបរួមជាមួយព្រះអង្គ ក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ គឺដូចដែលមានបុណ្យជ្រមុជទឹកធ្វើជានិមិត្តរូបអំពីការរួបរួមនេះ(រ៉ូម ៦:៤-៨)។
ដោយសារព្រះគ្រីស្ទមានព្រះជន្មរស់ក្នុងយើង សូម្បីនៅពេលដែលយើងប្រឈមមុខដាក់ភាពតក់ស្លុតនៃសេចក្តីស្លាប់ក៏ដោយ ក៏យើងអាចរស់នៅថ្វាយព្រះអង្គ និងធ្វើបន្ទាល់ពីព្រះអង្គផងដែរ។—Monica La Rose
តើអ្នកបានឃើញក្តីសង្ឃឹមលេចឡើង ក្នុងស្ថានភាពដ៏ពិបាក ខុសពីការរំពឹងគិត នៅពេលណាខ្លះ?
តើអ្នកជឿព្រះគ្រីស្ទអាចធ្វើបន្ទាល់ពីការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះដែលមានសេចក្តីមេត្តា សូមព្រះអង្គជួយទូលបង្គំ ឲ្យធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់ និងក្តីសង្ឃឹម ក្នុងព្រះយេស៊ូវ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៨-១០ និង ហេព្រើរ ១៣