
ចំណុចស្នូលនៃបញ្ហា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 18, 2025
«ហើយដោយព្រោះបានតំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ ដូច្នេះព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់» (ហេព្រើរ ៩:២៧-២៨)។
មនុស្សទាំងអស់នឹងត្រូវស្លាប់នៅពេលណាមួយ។ នេះជាស្ថិតិដែលច្បាស់លាស់បំផុត។ មានតែសេចក្តីស្លាប់ទេ ដែលមានភាពច្បាស់លាស់បំផុត នៅក្នុងការរស់នៅរបស់មនុស្សម្នាក់។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងប្រហែលជាខ្លាចរបៀបដែលយើងស្លាប់ ប៉ុន្តែយើងមិនចាំបាច់ត្រូវខ្លាចលទ្ធផលរបស់វាឡើយ។ យើងមិនត្រូវខ្លាចវាដោយព្រោះថា ព្រះយេស៊ូវបានយាងមក មិនមែនដើម្បីបន្ថែមការសប្បាយដល់យើង ឬដើម្បីលើកតម្កើងយើងឲ្យល្បី ឬក៏ប្រទានភាពមានបានរបស់លោកីយ៍នោះទេ តែដើម្បីជួយសង្គ្រោះមនុស្សមានបាប ហើយរំដោះយើងឲ្យរួចផុតពីការជំនុំជម្រះ។
ព្រះគម្ពីរបានបង្រៀនយើងថា ការជំនុំជម្រះរបស់ព្រះ និងការដាស់ទោសអស់កល្បជានិច្ច នឹងធ្លាក់មកលើមនុស្សដែលមិនមានឈ្មោះកត់ទុកបញ្ជីជីវិត (វិវរណៈ ២០:១១-១៥)។ បើដូច្នោះមែន តើធ្វើដូចម្ដេចឲ្យយើងអាចដឹងច្បាស់ថា ឈ្មោះយើងមានកត់ទុកក្នុងបញ្ជីជីវិតបាន? មានតែផ្លូវមួយប៉ុណ្ណោះ គឺដោយជឿលើព្រះអម្ចាស់យេស៊ូវ។ យើងត្រូវមើលទៅព្រះគ្រីស្ទដែលបានប្រទានការអត់ទោស និងការរាប់ជាសុចរិតដោយឥតគិតថ្លៃ ដល់អ្នកដែលចូលមករកព្រះអង្គដោយការប្រែចិត្ត និងជំនឿ។ ហើយការចូលមករកព្រះយេស៊ូវ គឺលើសពីការទទួលស្គាល់ដោយបញ្ញា ទោះការទទួលស្គាល់នោះមានភាពចាំបាច់ក៏ដោយ។ បើយើងគ្រាន់តែមានការយល់ស្របចំពោះគោលលទ្ធិរបស់ជំនឿគ្រីស្ទាន នោះមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែទទួលស្គាល់ថា យើងបានខកខានមិនបានប្រព្រឹត្តចំពោះព្រះអង្គឲ្យបានត្រឹមត្រូវ។ យើងបានបដិសេធ និងប្រឆាំងព្រះអង្គ។ យើងត្រូវតែចុះចូលចំពោះអំណាចនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយពឹងផ្អែកទាំងស្រុងទៅលើអ្វីដែលព្រះគ្រីស្ទសម្រេចនៅលើឈើឆ្កាង ដើម្បីឲ្យព្រះអង្គទទួលស្គាល់យើង។
ចំណុចស្នូលនៃបញ្ហានេះមិនស្ថិតនៅត្រង់ថា យើងជឿសេចក្តីពិតណាមួយដែលនិយាយអំពីព្រះយេស៊ូវ ឬព្រះគម្ពីរ ឬមួយយើងបានផ្លាស់ប្ដូររបៀបនៃការរស់នៅឲ្យបានស្អាតស្អំនោះទេ។ យើងត្រូវសួរខ្លួនឯងថា តើយើងធ្លាប់មានចិត្តស្រេកឃ្លានខាងឯវិញ្ញាណយ៉ាងខ្លាំង បានជាយើងទូលសូមព្រះអង្គថា «ឱព្រះអម្ចាស់យេស៊ូវអើយ សូមព្រះអង្គប្រទានទឹករស់ដល់ទូលបង្គំ ដើម្បីកុំឲ្យទូលបង្គំស្រេកទឹកទៀតឡើយ» ដែរឬទេ?
ប៉ុន្តែ ចុះបើសិនជាព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គមិនស្គាល់យើង? ចុះបើសិនជាយើងមិនមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត? ព្រះយេស៊ូវក៏បានលើកឡើងអំពីការភ័យខ្លាចនោះដោយមានបន្ទូលសន្យាថា «អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។
តើអ្នកបានយល់អំពីសេចក្តីសប្បុរសដែលព្រះទ្រង់មានក្នុងការអញ្ជើញអ្នកទេ? តើអ្នកបានឮព្រះអង្គត្រាស់ហៅអ្នក ឲ្យចូលជ្រកកោនក្នុងព្រះយេស៊ូវដែរឬទេ? តើអ្នកបានឮការត្រាស់ហៅនេះជាថ្មីនៅថ្ងៃនេះ ហើយចូលជ្រកក្នុងម្លប់នៃស្លាបរបស់ព្រះឬទេ (ទំនុកតម្កើង ៥៧:១)? ចូរយើងពោលជាមួយអ្នកនិពន្ធបទទំនុកសកលយ៉ាងដូចនេះថា៖
ខ្ញុំចូលមកព្រះយេស៊ូវ ទាំងមានបាប
ហត់នឿយ ទន់ខ្សោយ និងសោកសៅ
ខ្ញុំបានរកឃើញកន្លែងសម្រាកក្នុងព្រះអង្គ
ហើយព្រះអង្គធ្វើឲ្យខ្ញុំមានអំណរឡើង។122
ព្រោះបើយើងបានជ្រកកោនក្នុងព្រះរាជបុត្រា យើងអាចដឹងច្បាស់ថា ព្រះអង្គបានទទួលបាបរបស់យើង ក្នុងការសុគតរបស់ព្រះអង្គ ហើយនៅពេលដែលព្រះអង្គយាងមកវិញ យើងនឹងមិនប្រឈមមុខដាក់ការថ្កោលទោសដែលគួរឲ្យភ័យខ្លាចនោះទេ តែយើងនឹងទទួលបានការស្វាគមន៍ដ៏រុងរឿងវិញ។ ហើយបន្ទាប់មក យើងអាចឮសេចក្តីពិតដែលចែងថា ព្រះទ្រង់បាន «តម្រូវឲ្យមនុស្សស្លាប់តែមួយដង» ហើយចិត្តរបស់យើងមានការសម្រាក។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៤៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២២-២៤ និងលូកា ៣