
ចូររាប់ព្រះពររបស់អ្នក
ដោយAlyson Kieda
November 26, 2025
អែសរ៉ា ៣:១,៤-៦,៩-១១
រួចបណ្ដាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ។ អែសរ៉ា ៣:១១
កាលពីតូច ខ្ញុំស្រឡាញ់បទចម្រៀងទំនុកសកលចាស់ មានចំណងជើងថា “ចូររាប់ព្រះពររបស់អ្នក”។ បទចម្រៀងនេះលើកទឹកចិត្តមនុស្សឲ្យរាប់ព្រះពររបស់ខ្លួនម្តងមួយៗ នៅពេលដែល “ត្រូវខ្យល់ព្យុះបក់បោកពួកគេចុះឡើង” ហើយពួកគេ “គិតថា ខ្លួនបានបាត់បង់អ្វីៗគ្រប់យ៉ាង”។ ជាច្រើនឆ្នាំក្រោយមក នៅពេលដែលស្វាមីរបស់ខ្ញុំ មានការបាក់ទឹកចិត្ត គាត់ច្រើនតែសុំឲ្យខ្ញុំច្រៀងបទចម្រៀងដ៏សាមញ្ញនេះ ឲ្យគាត់ស្តាប់។ បន្ទាប់មក ខ្ញុំក៏បានជួយគាត់រាប់ព្រះពរដែលគាត់បានទទួល។ ការអនុវត្តន៍ដូចនេះបានជួយបង្វែងគំនិតគាត់ ឲ្យងាកចេញពីទុក្ខលំបាក និងការសង្ស័យ ហើយផ្ដោតគំនិតរបស់គាត់ ទៅលើព្រះអម្ចាស់ និងហេតុផលដែលត្រូវអរព្រះគុណព្រះអង្គវិញ។
កណ្ឌគម្ពីរអែសរ៉ា បានពិពណ៌នាអំពីរាស្រ្តរបស់ព្រះ ដែលកំពុងប្រឈមមុខដាក់បញ្ហាដ៏លើសលប់ តាមរយៈការផ្តោតទៅលើព្រះចេស្តា និងការផ្គត់ផ្គង់របស់ព្រះអង្គ។ បន្ទាប់ពីពួកគេបានស៊ូទ្រាំនឹងការរស់នៅជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ស្តេចស៊ីរូសក៏បានអនុញ្ញាតពួកគេឲ្យវិលត្រឡប់ទៅទឹកដីអ៊ីស្រាអែលវិញ ដើម្បីសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ១-២)។ ពួកគេមួយចំនួនតូចប៉ុណ្ណោះ ដែលបានធ្វើមាតុភូមិនិវត្តន៍(២:៦៤)។ ទោះពួកគេមានការភ័យខ្លាច ចំពោះសាសន៍ដទៃដែលរស់នៅជុំវិញពួកគេ ហើយមានកិច្ចការធំមួយនៅចំពោះមុខក៏ដោយ ក៏ពួកគេបានសាងសង់អាសនាឡើងវិញ ហើយបានសង់គ្រឹះព្រះវិហារ(៣:៣,១០)។ បន្ទាប់មក “គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្ដាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ា”(៣:១១)។
បើអ្នកមានការបាក់ទឹកចិត្ត ឬប្រឈមមុខដាក់ឧបសគ្គដែលហាក់ដូចជាមិនអាចជម្នះបាន ចូរបង្វែរគំនិតរបស់អ្នកមកផ្ដោតទៅលើព្រះអម្ចាស់វិញ។ “ចូររាប់ព្រះពររបស់អ្នកចុះ ហើយអ្នកនឹងមានការភ្ញាក់ផ្អើល ពេលដែលបាននឹកចាំ អំពីការអ្វីដែលព្រះអម្ចាស់បានធ្វើ” ហើយនៅតែបន្តធ្វើ សម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ។—Alyson Kieda
តើការរាប់ព្រះពររបស់អ្នក បានជួយអ្នកក្នុងស្ថានភាពដ៏ពិបាក ដូចម្តេចខ្លះ?
តើអ្នកចង់អរព្រះគុណព្រះអង្គ សម្រាប់ការអ្វីខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានចិត្តដឹងដឹងគុណ និងសរសើរដំកើងព្រះអង្គ
ដោយដឹងថា ព្រះអង្គជានរណា និងបានធ្វើការអ្វីខ្លះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣