
ហេតុអ្វីត្រូវចែករំលែក? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 26, 2025
«អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា» (២កូរិនថូស ៩:១១)។
ព្រះទ្រង់មិនមែនជាអង្គបុគ្គលមានអំណាចបំផុត ដែលបំបិទសិទ្ធិយើងមិនឲ្យមានអំណរនោះទេ។ ព្រះអង្គមិនបានសុំឲ្យយើងអត់ធ្មត់ចំពោះការរស់នៅដែលធ្វើឲ្យខកចិត្តដោយយើងអង្គុយនៅស្ងៀម ហើយធ្វើពុតជាមានសុភមង្គលនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានផ្គត់ផ្គង់យើងជាបរិបូរ។ យើងមិនចាំបាច់ត្រូវខ្មាសអៀនចំពោះអ្វីៗដែលព្រះអង្គបានប្រទាន តែយើងត្រូវចែករំលែកពួកវាដល់អ្នកដទៃ។
មូលហេតុដែលព្រះអង្គប្រទានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ (ហើយជាញឹកញាប់ព្រះអង្គប្រទានលើសតម្រូវការ!) គឺដើម្បីឲ្យយើងអាចចែករំលែករបស់ទាំងនោះដល់អ្នកដទៃ។ សាវ័ក ប៉ុល មានប្រសាសន៍ថា ពេលណាព្រះអង្គប្រទានពរយើងឲ្យ «ចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា»។ អ្វីៗដែលយើងបានទទួលជាអំណោយមកពីព្រះ នោះយើងក៏ត្រូវឲ្យទៅគេធ្វើជាអំណោយមកពីព្រះអង្គផងដែរ។ កណ្ឌគម្ពីរយ៉ាកុបក៏បាននិយាយអំពីរឿងនេះ ដោយសំណួរចាក់ចុចចិត្តថា «បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿតែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ?» (យ៉ាកុប ២:១៤)។ ច្បាស់ណាស់ គឺគ្មានប្រយោជន៍ទាល់តែសោះ! ក្នុងការទទួលខុសត្រូវ ក្នុងការជួយយកអសារអ្នកខ្វះខាត យើងមិនគ្រាន់តែបណ្ដាលឲ្យមានការសរសើរតម្កើងព្រះ តែយើងក៏បង្ហាញភស្តុតាងបញ្ជាក់ថា យើងពិតជាមានជំនឿលើព្រះមែន។
ព្រះទ្រង់មិនគ្រាន់តែបានប្រទានយើងនូវធនធាន តែដោយព្រះគុណរបស់ព្រះ យើងក៏ចាំបាច់ត្រូវមានចិត្តសប្បុរសពិតប្រាកដដោយមានការលះបង់ ដើម្បីឲ្យអ្នកដទៃអាចទទួលបានព្រះពរ (២កូរិនថូស ៨:១-៣)។ ព្រះអង្គគឺជាអ្នកដែល «អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចម្រើនឡើងខាងឯការល្អគ្រប់ជំពូក» (៩:៨)។
ចិត្តដែលសប្បុរសការពារយើងឲ្យរួចពីភាពអាត្មានិយម និងចិត្តដែលចង់មានទ្រព្យសម្បត្តិច្រើន សម្រាប់ខ្លួនឯង។ យើងរកឃើញអំណរនៃព្រះពរព្រះ មិនមែននៅក្នុងការសង់គ្រឹះហិរញ្ញវត្ថុ ដើម្បីឲ្យយើងអាចចូលនិវត្ត នៅកន្លែងដែលល្អអស្ចារ្យ បន្សល់ទុកកេរមរតក ឬស្វែងរកការកម្សាន្តចិត្ត ក្នុងគណនីសន្សំនៅធនាគារនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើងឲ្យចែករំលែកទ្រព្យសម្បត្តិដែលព្រះអង្គប្រទានយើងក្នុងពេលបច្ចុប្បន្ន ដើម្បីឲ្យអ្នកដទៃបានចូលទៅក្នុងក្តីអំណរនៃព្រះពរនោះ ដែលជាការរកឃើញការស្កប់ចិត្តពិតប្រាកដ ក្នុងព្រះដែលជាអ្នកផ្គត់ផ្គង់។
បើយើងស្មោះត្រង់ មូលហេតុដែលយើងច្រើនតែជៀសវាងការចែករំលែកទ្រព្យសម្បត្តិ ដោយចិត្តសប្បុរស គឺដោយសារយើងគិតថា ព្រះទ្រង់ប្រហែលជាទុកឲ្យយើងរីងស្ងួត បន្ទាប់ពីយើងបានចែករំលែកដល់គេហើយ។ តែព្រះគម្ពីរបានធានាយើងថា ព្រះដែលយកព្រះទ័យទុកដាក់ចំពោះយើង កាលយើងនៅតូច ទ្រង់ក៏នឹងផ្គត់ផ្គង់យើងនៅពេលយើងមានវ័យចាស់ផងដែរ (អេសាយ ៤៦:៤)។
យើងអាចរកឃើញក្តីអំណរ នៅក្នុងការរំដោះខ្លួនចេញចំណងនៃរបស់កម្មសិទ្ធិរបស់យើង។ អ្នកមានឯកសិទ្ធិ និងការទទួលខុសត្រូវក្នុងរស់នៅជាអ្នកមានខាងការប្រព្រឹត្តល្អ និងមានចិត្តអន្ទះសាចង់ចែករំលែក ទោះអ្នកបានទទួលច្រើន ឬបានតិចក្តី។ ចូរទូលសូមព្រះប្រទានព្រះគុណ ដើម្បីឲ្យអ្នកចែករំលែកដោយចិត្តក្លៀវក្លា ដោយគ្មានការស្ទាក់ស្ទើរ និងចាំថា អ្នកមិនអាចចែករំលែក លើសពីសមត្ថភាពដែលព្រះអង្គអាចផ្គត់ផ្គង់អ្នកនោះឡើយ។
ខគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៩:៦-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៥-១៦ និងលូកា ៧:២៤-៥០