ព្រឹក

ការរស់នៅជាពួកជំនុំរបស់ព្រះអង្គ
ដោយAnne Cetas
December 9, 2025
កិច្ចការ ២:៣៦-៤៧
ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត ។ កិច្ចការ ២:៤៧
នៅពេលរសៀលមានថ្ងៃរះល្អ ខ្ញុំបានយកដីសមកគូរពីលើផ្លូវដើរ ជាមួយគ្រួសារជនជាតិស៊ូដង់មួយ ដែលជាអ្នកជិតខាង។ ពេលនោះ យើងអាចឮសម្លេងច្រៀងចេញពីផ្ទះមួយនៅជាប់ផ្ទះពួកគេ ដែលនៅទីនោះ មានក្រុមតូចមួយកំពុងធ្វើកម្មវិធីថ្វាយបង្គំព្រះ។ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ ដែលកំពុងជជែកគ្នាជាមួយខ្ញុំ ចង់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ដូចនេះ យើងក៏បានដើរទៅស្តាប់ឲ្យបានជិត។ ពួកគេក៏បានអញ្ជើញពួកយើងចូលរួមជាមួយពួកគេ។ មានបុរសវ័យក្មេងម្នាក់កំពុងឈរ ក្នុងអាងទឹកដែលគេបានរៀបចំសម្រាប់ធ្វើបុណ្យជ្រមុជទឹក។ គាត់ក៏បាននិយាយអំពីការទទួលការអត់ទោសបាបរបស់គាត់ ហើយប្ដេជ្ញាចិត្តដើរតាមព្រះយេស៊ូវ។
នេះជាឱកាសពិសេស សម្រាប់ឲ្យយើងឮទីបន្ទាល់អំពីសេចក្តីសង្គ្រោះ ក្នុងទីធ្លាផ្ទះរបស់អ្នកជិតខាងរបស់យើង។ ពួកគេបានជួបជុំគ្នាធ្វើជាពួកជំនុំ ក្នុងតំបន់ដែលយើងរស់នៅ។
ព្រះយេស៊ូវកំពុងសាងសង់ពួកជំនុំទ្រង់ នៅទូទាំងពិភពលោក។ រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យយាងចុះមកសណ្ឋិតក្នុងចិត្តពួកគេ ហើយពួកគេនឹងបានធ្វើបន្ទាល់ថ្វាយព្រះអង្គ រហូតដល់ “ចុងបំផុតនៃផែនដី”(កិច្ចការ ១:៨)។ ព្រះអង្គនឹងសង់ពួកជំនុំរបស់ទ្រង់ តាមរយៈការអធិប្បាយ និងបង្រៀនព្រះបន្ទូល ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយមិនយូរប៉ុន្មាន ព្រះអង្គក៏បានចាប់ផ្តើម “បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត”(២:៤៧)។
យើងអាចរួមចំណែកនៅក្នុងការសង់ពួកជំនុំរបស់ព្រះគ្រីស្ទ ដោយរស់នៅជាពួកជំនុំរបស់ព្រះអង្គ ដោយបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង ក្នុងតំបន់ដែលយើងរស់នៅ និងចែកចាយដល់អ្នកដទៃ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ព្រះអង្គបានលះបង់ព្រះជន្មទ្រង់ និងមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប និងមានជីវិតអស់កល្បជានិច្ច។ ហើយព្រះអង្គនឹងជួយយើងរៀនបម្រើអ្នកដទៃ ក្នុងពួកជំនុំរបស់ព្រះអង្គ ក្នុងពេលសព្វថ្ងៃផងដែរ។—Anne Cetas
តើព្រះទ្រង់អាចប្រើអ្នក ដើម្បីសង់ពួកជំនុំរបស់ព្រះអង្គដូចម្តេចខ្លះ? តើមានការអ្វីទៀតដែលអ្នកអាចធ្វើបាន?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបន្ថែមមនុស្សកាន់តែច្រើន ក្នុងពួកជំនុំរបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១១-១២ និង យូដាស