
មេរៀនមិនអាចបំភ្លេចបាន
ដោយArthur Jackson
December 10, 2025
សុភាសិត ៣:១-១២
កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន។ សុភាសិត ៣:១
លោកគ្រូខូរេយ ប្រ៊ូក(Corey Brooks) គឺជា “គ្រូគង្វាលនៅលើដំបូលផ្ទះ” ដែលបានរស់នៅលើដំបូងអាគាររបស់ព្រះវិហាររបស់គាត់ នៅតំបន់ខាងត្បូងនៃទីក្រុងឈីកាហ្គោ អស់រយៈពេល៣៤៣ថ្ងៃ ដើម្បីបង្រៀនសហគមន៍ឲ្យមានការផ្លាស់ប្រែ។ នៅតាមបណ្ដាញសង្គម លោកគ្រូប្រ៊ូកបង្ហោះអត្ថបទ ដែលបានបញ្ចេញឈ្មោះ លោកគ្រូចូ ស្តូក(Joe Stokes) ជាគ្រូបង្រៀនរបស់គាត់កាលនៅបឋមសិក្សា ដែលបានបង្រៀនគាត់ នូវមេរៀន៤យ៉ាង ដែលគាត់មិនអាចភ្លេចបានដូចជា អំណាចនៃការស៊ូទ្រាំទុក្ខលំបាក សារៈសំខាន់នៃភាពពិតត្រង់ តម្លៃនៃការចូលរួមសហគមន៍ និងឥទ្ធិពលនៃការអប់រំ។
យើងក៏អាចរៀនរស់នៅ តាមរបៀបដែលមានឥទ្ធិពលមកលើសហគមន៍ផងដែរ តាមរយៈការឱបក្រសោបយកប្រាជ្ញារបស់ស្តេចសាឡូម៉ូន ក្នុងបទគម្ពីរសុភាសិត ជំពូក៣។ ស្តេចសាឡូម៉ូនបានបង្រៀនមេរៀន៤យ៉ាង សម្រាប់អស់អ្នកដែលទុកចិត្តព្រះ ហើយបានទទួលការត្រាស់ហៅ ឲ្យរស់នៅដោយឥទ្ធិពលជាវិជ្ជមាន គឺបានបង្រៀនពួកគេឲ្យ ទុកចិត្តព្រះអម្ចាស់ (ខ.៥) កោតខ្លាចព្រះអម្ចាស់ ហើយចៀសចេញពីសេចក្តីអាក្រក់(ខ.៧) ថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់តាមរយៈទ្រព្យសម្បត្តិរបស់ខ្លួន(ខ.៩) ហើយមិនមើលងាយសេចក្តីបង្រៀនរបស់ព្រះអម្ចាស់(ខ.១១)។ ប្រាជ្ញាដូចនេះបណ្តាលចិត្តយើងឲ្យផ្តោតចិត្តទៅលើព្រះ តែក៏នាំឲ្យមានសេចក្តីជំនឿដែលធ្វើឲ្យប៉ះពាល់ចិត្តអ្នកដទៃផងដែរ។
ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១២ ព្រះយេស៊ូវគឺជាប្រភពនៃប្រាជ្ញាគ្រប់យ៉ាង ទ្រង់បានមានបន្ទូលយ៉ាងក្បោះក្បាយ អំពីសណ្ឋាននៃចិត្ត និងផ្នត់គំនិតដែលអ្នកជឿព្រះយេស៊ូវគួរមាន។ ជាងនេះទៅទៀត ព្រះអង្គបានរំឭកពួកគេថា ពួកគេគឺជាមនុស្សដែលមានឥទ្ធិពលមកលើលោកិយ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នករាល់គ្នាជាអំបិលនៃផែនដី”(ខ.១៣) “អ្នករាល់គ្នាជាពន្លឺនៃលោកីយ” (ខ.១៤)។ “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌” (ខ.១៦)។—Arthur Jackson
តើមាននរណាបានបណ្តាលចិត្តអ្នក ឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ តាមរបៀបដែលប៉ះពាល់ចិត្តអ្នកដទៃ?
តើអ្នកអាចវិលត្រឡប់ទៅអនុវត្តឡើងវិញ នូវមេរៀនក្នុងព្រះគម្ពីរប៊ីប ដែលអ្នកបានភ្លេចហើយ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានថ្វាយព្រះកិត្តិនាមដល់ព្រះអង្គទាំងស្រុង។
សូមព្រះអង្គកែប្រែចិត្តទូលបង្គំជាថ្មី តាមរយៈព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១-៤ និង វិវរណៈ ១