
ចង្អុលបង្ហាញទៅរកព្រះយេស៊ូវ
ដោយAlyson Kieda
December 11, 2025
កូល៉ុស ៣:១២-១៧
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ កូល៉ុស ៣:១២
មានបុរសវ័យចំណាស់ម្នាក់បានរត់ហាត់ប្រាណត្រឹកៗ នៅតាមដងផ្លូវ ក្នុងទីក្រុងញូយ៉ក ហើយក៏បានឈប់ នៅពេលដែលគាត់កត់សំគាល់ឃើញស្បែកជើងប៉ាតាកណ្តាចមួយគូរ នៅក្បែរផ្លាករបស់ជនអនាថាម្នាក់ ដែលមានសរសេរអក្សរពីលើ សុំឲ្យគេជួយគាត់។ នៅពេលដែលបុរសវ័យចំណាស់នោះបានដឹងថា បុរសអនាថានោះពាក់ស្បែកជើងទំហំដូចគាត់ដែរ គាត់ក៏បានដោះស្បែកជើងគាត់ ប្រគល់ទៅជនអនាថាដែលមានវ័យក្មេងជាងនោះ រួមទាំងស្រោមជើងផងដែរ រួចគាត់ក៏បានដើរទៅផ្ទះវិញ ដោយជើងទទេ។ ប៉ុន្តែ មុនចាកចេញទៅ គាត់បានពន្យល់ថា “ខ្ញុំបានទទួលព្រះពរពេញមួយជីវិតខ្ញុំហើយ។ ព្រះទ្រង់ល្អចំពោះខ្ញុំណាស់ ដូចនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏គួរតែធ្វើជាព្រះពរសម្រាប់អ្នកផងដែរ”។
ដែលបុរសនោះបានបង្ហាញចិត្តសប្បុរសដល់បុរសម្នាក់ទៀត ដោយសារព្រះទ្រង់ល្អចំពោះគាត់ជាយ៉ាងណា នោះអ្នកជឿព្រះយេស៊ូវ ក៏ត្រូវបានត្រាស់ហៅឲ្យ “ប្រដាប់កាយ” ដោយសេចក្តីសប្បុរសផងដែរ(កូល៉ុស ៣:១២)។ តាមពិត ទោះទៅក្នុងកិច្ចការអ្វីដែលយើងធ្វើ ឬនិយាយក៏ដោយ យើងត្រូវតែធ្វើជាតំណាងរបស់ព្រះអម្ចាស់យេស៊ូវ(ខ.១៧)។
ក្រៅពីសេចក្តីសប្បុរស យើងក៏ត្រូវប្រដាប់កាយដោយចិត្តក្ដួលអាណិត ការបន្ទាបខ្លួន ចិត្តសុភាព និងការអត់ធ្មត់ផងដែរ(ខ.១២)។ យើងមានផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២-២៣) ដោយសារព្រះអង្គគង់នៅក្នុងយើង ហើយផលផ្លែនេះគឺជាភស្តុតាងបញ្ជាក់ថា សេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង បានហូរហៀរទៅរកអ្នកដទៃ ដោយការគួបផ្សំផលផ្លែទាំងអស់នេះ “ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍”(កូល៉ុស ៣:១៤)។
ចូរយើងស្វែងរកឱកាសបង្ហាញសេចក្តីសប្បុរស ដូចបុរសចំណាស់ដែលកំពុងហាត់ប្រាណតាមផ្លូវ ដោយពាក្យសម្តីដែលលើកទឹកចិត្ត យកអសារអ្នកដទៃដោយក្តីស្រឡាញ់ ឬថែមទាំងដោះស្បែកជើងចេញពីជើងយើង ឲ្យអ្នកដែលត្រូវការផងដែរ ហើយកាលណាយើងធ្វើដូចនេះ ចូរយើងចង្អុលបង្ហាញគេឲ្យងាកទៅរកព្រះយេស៊ូវ(ខ.១៧)។—Alyson Kieda
តើអ្នកដទៃបានធ្វើអំពើសប្បុរសអ្វី ដែលមានឥទ្ធិពលមកលើអ្នក? តើដោយរបៀបណា?
តើអ្នកអាចបង្ហាញសេចក្តីសប្បុរសដល់នរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកឱកាសចែកចាយសេចក្តីស្រឡាញរបស់ព្រះអង្គ
តាមរយៈពាក្យសម្តី និងការប្រព្រឹត្ត។ ទូលបង្គំចង់មានលក្ខណៈដូចព្រះអង្គកាន់តែខ្លាំង!
Visit GO.ODB.org/121125 to consider three things we can learn from the kindness Jesus showed to everyday people.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ៥-៨ និង វិវរណៈ ២