ព្រឹក

ការស្គាល់ និងការស្រឡាញ់មនុស្សមានបាប
ដោយTim Gustafson
December 15, 2025
២កូរិនថូស ២:១-៨
ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ...គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង។ ២កូរិនថូស ២:៤
លោកហ៊ីប៉ូក្រាទី(Hippocrates ឆ្នាំ៤៦០ ដល់ ឆ្នាំ៣៧៥ មុនគ.ស បាននាំវិស័យវេជ្ជសាស្រ្តចេញពីពិភពនៃជំនឿអរូបី ចូលទៅក្នុងពន្លឺនៃការធ្វើតេស្ដ និងការសង្កេត តាមបែបវិទ្យាសាស្ត្រ។ ប៉ុន្តែ គាត់មិនបានមើលរំលងលក្ខណៈជាមនុស្សជាតិ ដែលអ្នកជំងឺម្នាក់ៗមាននោះឡើយ។ គាត់ថា “ការដែលវេជ្ជបណ្ឌិតយល់ដឹងអំពីចារិតលក្ខណៈរបស់មនុស្សដែលមានជម្ងឺ គឺប្រសើរជាងការដឹងថា គាត់កំពុងមានជំងឺអ្វី”។
សាវ័កប៉ុលបានយកចិត្តទុកដាក់ចំពោះពួកជំនុំមួយកន្លែង ដែលមានបញ្ហាជាច្រើន តែគាត់បានមើលឃើញលក្ខណៈជាមនុស្ស ដែលសមាជិកម្នាក់ៗមាន គឺរាប់បញ្ចូលទាំងបុរសម្នាក់ដែលបានធ្វើអំពើបាប ដែលសូម្បីតែអ្នកមិនជឿមិនអាចទ្រាំទ្របាន(១កូរិនថូស ៥:១)។ សាវ័កប៉ុលបាននាំពួកជំនុំដោះស្រាយបញ្ហារបស់ “ជំងឺនេះ” យ៉ាងតឹងរឹង ហើយបុរសនោះក៏បានប្រែចិត្ត។ ហេតុនេះហើយ នៅពេលដែលគាត់សរសេរសំបុត្រខ្សែទីពីរ ទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស គាត់ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ ក្នុងការបង្រៀនទៅកាន់ពួកគេទាំងអស់គ្នា។ គាត់បានទទួលស្គាល់ថា អំពើបាបរបស់បុរសនោះ បាននាំមកនូវផលប៉ះពាល់ដល់មនុស្សម្នាក់ៗ បានជាគាត់មានប្រសាសន៍ថា អ្នកនោះបានធ្វើ “ឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ”(២កូរិនថូស ២:៥)។ ប៉ុន្តែ ដោយសារបុរសនោះបានងាកបែរចេញពីបាបរបស់ខ្លួន សាវ័កប៉ុលក៏បានប្រាប់ពួកគេឲ្យធ្វើការបញ្ជាក់សេចក្តីស្រឡាញ់ ចំពោះអ្នកនោះឡើងវិញ(ខ.៨)។
គាត់បានបង្ហាញបំណងចិត្តរបស់គាត់យ៉ាងច្បាស់ថា “ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង”(ខ.៤)។ គាត់ស្គាល់ពួកគេម្នាក់ៗ ហើយក៏ស្រឡាញ់ពួកគេ។
អំពើបាបមានផលប៉ះពាល់មកលើយើងរាល់គ្នា។ នៅពីក្រោយបាបនីមួយៗ គឺមានចារិកលក្ខណៈជាមនុស្ស។ ពេលណាគេធ្វើខុសមកលើយើង យើងប្រហែលពិបាកផ្សះផ្សាគ្នា តែនោះជាអ្វីដែលព្រះទ្រង់បានត្រាស់ហៅឲ្យយើងធ្វើ។ ចូរយើងស្គាល់ចារិតលក្ខណៈរបស់អ្នកនោះ។ បន្ទាប់មក ចូរយើងស្រឡាញ់ពួកគេ ដោយកម្លាំងមកពីព្រះគ្រីស្ទ។—Tim Gustafson
តើសាវ័កប៉ុលបានប្រឈមមុខដោះស្រាយបញ្ហារបស់អំពើបាប ក្នុងពួកជំនុំនៅទីក្រុងកូរិនថូស ដូចម្តេចខ្លះ?
ហេតុអ្វីការស្រឡាញ់នរណាម្នាក់ ទោះពួកគេមានបាបយ៉ាងណាក៏ដោយ មានភាពខុសគ្នា ពីការបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាប?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យមើលឃើញអ្នកដទៃ ដូចដែលព្រះអង្គមើលឃើញពួកគេ។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានអត់ទោសបាបឲ្យទូលបង្គំទាំងស្រុង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ១-៣ និង វិវរណៈ ៦
ល្ងាច

ហេតុអ្វីមនុស្សសុចរិតរងទុក្ខ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 15, 2025
«កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ ...ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់» (ទំនុកតម្កើង ១១៩:៦៧, ៧១)។
នៅពេលដែលយើងប្រឈមមុខដាក់ទុក្ខវេទនា ទោះក្នុងជីវិតយើង ឬក្នុងជីវិតអ្នកដទៃក្តី យើងច្រើនតែឆ្ងល់ថា ហេតុអ្វីអ្នកដែលប្រកាសថា ខ្លួនជឿព្រះនៅតែរងទុក្ខ។
តើព្រះទ្រង់ស្រឡាញ់យើងទេ? តើព្រះអង្គមានគោលបំណងយ៉ាងណាក្នុងទុក្ខលំបាករបស់យើង?
នៅពេលដែលព្រះគម្ពីរបានលើកឡើងអំពីបញ្ហានៃការឈឺចាប់ និងទុក្ខវេទនា គឺព្រះគម្ពីរបានលើកឡើងក្នុងសេចក្តីពិតដែលថា ព្រះទ្រង់ល្អ និងមានគ្រប់ចេស្ដា និងមានផែនការដ៏អស់កល្ប ដើម្បីបង្កើតមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ដើម្បីបង្កើតពួកគេឲ្យត្រូវនឹងរូបអង្គរបស់ព្រះរាជបុត្រាទ្រង់ និងដើម្បីនាំពួកគេចូលទៅក្នុងសិរីល្អ (ទីតុស ២:១៤; រ៉ូម ៨:២៩ និង ២ធីម៉ូថេ ៤:១៨)។ ទ្រង់នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីសម្រេចវត្ថុបំណងទាំងនោះ ទោះមានន័យថា ព្រះអង្គត្រូវអនុញ្ញាតឲ្យយើងមានទុក្ខសោកបណ្ដោះអាសន្នក៏ដោយ។
ទុក្ខលំបាកមានអត្ថប្រយោជន៍ចំពោះយើងដូចតទៅ៖
ទុក្ខលំបាកធ្វើឲ្យយើងដឹងថា មនុស្សគ្រប់គ្នាសុទ្ធតែមានទុក្ខលំបាក។ ទុក្ខលំបាកភាគច្រើនគ្រាន់តែជាធាតុពិតនៃការរស់នៅក្នុងលោកីយ៍ដែលមានបាប ហើយមិនល្អឥតខ្ចោះប៉ុណ្ណោះ។ យើងរាល់គ្នាសុទ្ធតែដកពិសោធនឹងការឈឺចាប់ ជម្ងឺ និងការសោកសង្រេង។ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត សុទ្ធតែអាចទទួលពន្លឺថ្ងៃ និងទឹកភ្លៀងបានដូចគ្នា (ម៉ាថាយ ៥:៤៥)។ មនុស្សសុចរិត និងមនុស្សទុច្ចរិតសុទ្ធតែរស់នៅដោយទទួលផលវិបាកនៃទុក្ខវេទនា។
ទុក្ខលំបាកនាំឲ្យមានការកែតម្រង់។ គឺដូចដែលឪពុកលត់ដំកូនខ្លួន ដើម្បីឲ្យពួកគេដឹង និងធ្វើអ្វីដែលត្រឹមត្រូវជាយ៉ាងណា នោះជួនកាល ព្រះទ្រង់ក៏ប្រើទុក្ខវេទនា ដើម្បីនាំយើងដើរក្នុងផ្លូវត្រូវ ពេលណាយើងវង្វេងចេញពីព្រះអង្គ (ហេព្រើរ ១២:៥-១៣)។
ទុក្ខវេទនាផ្តល់ឲ្យយើងនូវការស្ថាបនា។ ទុក្ខលំបាកមិនគ្រាន់តែកែតម្រង់យើងប៉ុណ្ណោះទេ តែវាក៏បង្កើតឲ្យមានចារិតលក្ខណៈ ក្នុងយើងផងដែរ (យ៉ាកុប ១:២-៥)។ តើអ្នកធ្លាប់បានមើលទៅអ្នកដទៃ ហើយឆ្ងល់ថា «ហេតុអ្វីគាត់ហាក់ដូចជាមានសង្ឃឹមយ៉ាងខ្លាំង? ហេតុអ្វីគាត់យកចិត្តទុកដាក់យ៉ាងនេះ ចំពោះភាពប្រេះបែករបស់ខ្ញុំ?» ពួកគាត់ទំនងជាបានឆ្លងកាត់ការរងទុក្ខ ចម្រើនឡើងក្នុងការរងទុក្ខ និងរៀនខ្វល់ពីអ្នកដទៃ តាមរយៈការរងទុក្ខទាំងនោះ។
ទុក្ខលំបាកនាំមកនូវការថ្វាយសិរីល្អដល់ព្រះ។ ព្រះទ្រង់តែងតែធ្វើការតាមរយៈទុក្ខលំបាករបស់យើង ដើម្បីថ្វាយសិរីល្អដល់ទ្រង់ ទោះរឿងខ្លះបានកន្លងផុតទៅរាប់ឆ្នាំ រាប់ទសវត្សរ៍ ឬជាច្រើនជំនាន់ហើយក៏ដោយ។ ព្រះទ្រង់អាចប្រើជីវិតដែលមានការឈឺចាប់ ឬការខកចិត្ត ដើម្បីបង្ហាញព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះអង្គ គឺដូចដែលព្រះអង្គបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ ក្នុងបទគម្ពីរយ៉ូហានជំពូក៩ដែរ។ យើងប្រហែលជាចោទសួរថា ហេតុអ្វីយើងកំពុងឆ្លងកាត់ទុក្ខលំបាកណាមួយ តែពេលមួយក្នុងដំណើរជីវិតរបស់យើង យើងអាចដឹងថា «អូហ៍ តាមពិតមូលហេតុដែលខ្ញុំឆ្លងកាត់ការឈឺចាប់នេះ គឺដើម្បីថ្វាយសិរីល្អដល់ព្រះអង្គនៅចំពេលនេះ»។
ទុក្ខលំបាក គឺជាជម្លោះក្នុងពិភពខាងវិញ្ញាណ។ ទុក្ខលំបាកទាំងអស់មិនមែនជាផ្នែកមួយនៃជម្លោះក្នុងពិភពខាងវិញ្ញាណដ៏ធំនោះទេ លើកលែងតែទុក្ខលំបាកមួយចំនួនប៉ុណ្ណោះ។ រឿងរបស់លោក យ៉ូប ប្រហែលបានធ្វើជាឧទាហរណ៍ដែលច្បាស់បំផុតក្នុងករណីនេះ ដោយព្រះទ្រង់បានប្រើគាត់ ដើម្បីបង្ហាញនៅចំពោះមុខសាតាំងថា មនុស្សអាចស្រឡាញ់ និងទុកចិត្តព្រះថា ទ្រង់មានលក្ខណសម្បត្តិជាក់លាក់យ៉ាងណាមួយ មិនមែនតាមដែលនរណាម្នាក់គិតអំពីទ្រង់នោះទេ។
ជាការពិតណាស់ អ្នកនឹងរងទុក្ខក្នុងជីវិតនេះ។ តែអ្នកមិនចាំបាច់ត្រូវរងទុក្ខដោយគ្មានសង្ឃឹមនោះទេ។ តាមរយៈទុក្ខលំបាក អ្នកអាចនឹកចាំអំពីគោលបំណងរបស់ព្រះដែលធំជាងគោលបំណងយើង។ សំណួរដែលយើងម្នាក់ៗត្រូវសួរខ្លួនឯងមិនមែនសួរថា «ហេតុអ្វី?» នោះទេ តែត្រូវសួរអំពីអ្វីដែលយើងត្រូវធ្វើ តើខ្ញុំនឹងជឿព្រះបន្ទូលសន្យារបស់ព្រះទេ? តើខ្ញុំនឹងប្រកាន់ខ្ជាប់តាមគោលបំណងរបស់ព្រះទេ? តើខ្ញុំនឹងទុកចិត្តព្រះអង្គទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូប ១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ១៣-១៥ និងលូកា ១៧:១-១៩