ព្រឹក

នៅពេលដែលកម្លាំងរីងស្ងួត
ដោយElisa Morgan
December 14, 2025
យ៉ូហាន ៧:៣៧-៣៩
អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ។ យ៉ូហាន ៧:៣៨
កាលខ្ញុំដឹកនាំការងារបម្រើព្រះ សម្រាប់ជួយស្រ្តីជាម្តាយ ដែលមានកូនរៀននៅសាលាមត្តេយ្យ យើងក៏បានស្វែងរករូបថតមួយសន្លឹក ដើម្បីពិពណ៌នា អំពីភារៈកិច្ចដែលតម្រូវឲ្យស្រ្តីជាម្តាយបំពេញជាប្រចាំ ដូចជា ការផ្លាស់ប្តូរកន្ទបកូន ការជូតច្រមុះកូន និងការរើសឧបករណ៍ក្មេងលេងជាដើម។ យើងមិននឹកស្មានថា រូបភាពនោះ កំពុងនៅចំពោះមុខយើងស្រាប់ គឺទិដ្ឋភាពនៃប្រអប់ទឹកផ្លែឈើ ដែលបានកំប៉ិត បន្ទាប់ពីគេបឺតយកទឹកផ្លែឈើចេញអស់។ ស្ត្រីជាម្តាយអាចមានអារម្មណ៍ដូចប្រអប់ទឹកផ្លែឈើដែលនៅទទេ។ ការងាររបស់យើងបានបម្រើដល់ស្ត្រីជាម្តាយ ដោយដឹកនាំពួកគេទៅរកប្រភពនៃទឹករស់ គឺព្រះយេស៊ូវ ដែលទ្រង់អាចចម្អែតពួកគេរហូតដល់ពេញស្កប់ស្កល់។
ក្នុងបទគម្ពីរ យ៉ូហាន ៧ ព្រះយេស៊ូវបានយាងទៅចូលរួមពិធីបុណ្យបារាំ(ខ.១០) ដែលជាការរំឭកអំពីផ្គត់ផ្គង់របស់ព្រះ ក្នុងអំឡុងពេលដែលពួកអ៊ីស្រាអែលវង្វេង ក្នុងវាលរហោស្ថាន។ ពិធីបុណ្យនេះរាប់បញ្ចូលពិធីចាក់ទឹក ធ្វើជានិមិត្តរូបតំណាងឲ្យផលដំណាំ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើសំណើម ជានិមិត្តរូបតំណាងឲ្យភ្លៀងខាងវិញ្ញាណ ដែលព្រះមែស៊ីនឹងយាងមកប្រទាន។ ព្រះយេស៊ូវបានសម្រេចការអ្វីដែលពិធីបុណ្យពីបុរាណបានរំពឹងទុកជាមុន។ “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ”(ខ.៣៧-៣៨)។
នៅពេលខ្លះ យើងអាចមានអារម្មណ៍ដូចធុងទឹកដែលនៅទទេ ដោយមានការនឿយហត់ ក្នុងការថែទាំអ្នកជំងឺ ឬក្មេងតូច ឬហត់នឿយដោយសារការងារ។ ឬក៏ខ្សោះល្វើយដោយសារការទទួលខុសត្រូវជារៀងរាល់ថ្ងៃ។ ការតម្រូវដែលគ្មានទីបញ្ចប់នេះ ធ្វើឲ្យកម្លាំងរបស់យើងរីងស្ងួត! ប៉ុន្តែ ពេលណាយើងរស់នៅ ដោយការប្រកបទាក់ទងជាមួយព្រះ ព្រះអង្គប្រទានទឹករស់ ដល់ចិត្តយើង ដើម្បីធ្វើឲ្យមានភាពស្រស់ថ្លាឡើង និងប្រទានកម្លាំងដល់យើងជាថ្មី ទោះយើងមានការខ្វល់ខ្វាយ និងភារៈកិច្ចជាច្រើន ដែលធ្វើឲ្យកម្លាំងរបស់យើងរីងស្ងួតយ៉ាងណាក៏ដោយ។—Elisa Morgan
តើមានកិច្ចការអ្វីដែលធ្វើឲ្យអ្នករីងស្ងួតកម្លាំង? តើអ្នកអាចសម្រាកពីកិច្ចការប្រចាំថ្ងៃដូចម្តេចខ្លះ
ដើម្បីដកពិសោធន៍នឹងការបំពេញរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងអ្នក?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅក្នុងទូលបង្គំ ដោយព្រះវិញ្ញាណព្រះអង្គ។
សូមឲ្យទូលបង្គំបានបន្តទទួលទឹករស់ដែលព្រះអង្គប្រទាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូអែល ១-៣ និង វិវរណៈ ៥
ល្ងាច

ព្រះអង្គសង្គ្រោះដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 14, 2025
«តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រឹត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម» (កាឡាទី ៤:៤-៥)។
វិធីល្អបំផុត ដើម្បីស្វែងយល់អំពីគំរូនៃជំនឿក្នុងវប្បធម៌ណាមួយ គឺត្រូវសួរសិស្សសាលា។ ឧទាហរណ៍៖ នៅពេលគេសួរក្មេងៗ ដែលកំពុងចម្រើនវ័យធំឡើងក្នុងចក្រភពអង់គ្លេសថា ព្រះយេស៊ូវជានរណា ពួកគេឆ្លើយថា «គាត់គឺជាអ្នកដែលបានយកទ្រព្យសម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ!» (គេហាក់ដូចជាយករឿងរបស់ព្រះយេស៊ូវ និងពួកសាវ័កមកច្របល់បញ្ចូលគ្នាជាមួយរឿងលោក រ៉ូប៊ីនហ៊ូដ (Robin Hood) និងបរិវារបស់គាត់!) នៅពេលគេសួរក្មេងម្នាក់ទៀតថា «តើគ្រីស្ទបរិស័ទគឺជានរណា?» ក្មេងនោះក៏បានឆ្លើយថា «តើគ្រីស្ទបរិស័ទមិនមែនជាអ្នកដាំបន្លែទេឬ?» ខែនេះជារដូវកាលប្រចាំឆ្នាំ ដែលមនុស្សជាច្រើនបានគិតអំពីមូលហេតុដែលព្រះយេស៊ូវយាងមកប្រសូត ទោះពួកគេមិនបានចំណាយពេលគិតអំពីព្រះឲ្យបានច្រើនក្នុងរយៈពេល១១ខែមុនក៏ដោយ។ មានមិត្តភក្ដិ មិត្តរួមការងារ និងសាច់ញាតិជាច្រើនរាប់មិនអស់ យ៉ាងហោចណាស់ទំនងជានិយាយថា ព្រះយេស៊ូវគឺជាអង្គបុគ្គលដ៏អាថ៌កំបាំង។ ការឆ្លើយតបទាំងនេះ គឺជាការក្រើនរំឭកជាប្រចាំថា អ្នកជិតខាងយើងមិនបានយល់ច្បាស់អំពីការបង្រៀនក្នុងជំនឿលើព្រះគ្រីស្ទ ដូចដែលយើងគិតស្មាននោះទេ។ យើងត្រូវស្គាល់ព្រះយេស៊ូវឲ្យបានច្បាស់ក្នុងគំនិត និងជម្រៅចិត្តរបស់យើង បើសិនជាយើងចង់នាំអ្នកដទៃឲ្យបានស្គាល់ព្រះអង្គដែរ។
ព្រះយេស៊ូវមានភាពលេចធ្លោជាងគេ ក្នុងចំណោមតួអង្គដទៃទៀតរបស់សាសនាទាំងអស់ក្នុងប្រវត្តិសាស្ត្រ និងក្នុងចំណោមមនុស្សជាតិ ព្រោះមានតែព្រះអង្គទេដែលមានលក្ខណសម្បត្តិធ្វើជាព្រះអង្គសង្គ្រោះនៃពិភពលោករបស់យើង។ សាវ័ក ប៉ុល មិនបានចាត់ទុកការយាងមករបស់ព្រះអង្គ ជាការធ្វើអន្តរាគមន៍របស់ព្រះដោយចៃដន្យនោះទេ តែស្របតាមផែនការរបស់ព្រះអង្គ។ នៅពេលដែលសាវ័ក ប៉ុល មានប្រសាសន៍ថា «ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់» គឺគាត់ចង់មានន័យថា ព្រះវរបិតាបានចាត់ព្រះអង្គឲ្យយាងមកផែនដី ចេញពីភាពជាព្រះដែលព្រះអង្គមានស្រាប់។ ព្រះជន្មរបស់ព្រះយេស៊ូវបានចាប់ផ្ដើម មិនមែននៅពេលដែលព្រះអង្គប្រសូតពីស្ត្រី ក្លាយជាទារកតូចនៅភូមិបេថ្លេហិមនោះទេ តែព្រះអង្គមានព្រះជន្មស្រាប់ចាប់តាំងពីមុនដែលពេលវេលាចាប់ផ្ដើមមាន (យ៉ូហាន ១:១-៣)។ ក្នុងការក្លាយជាមនុស្ស ព្រះអង្គមិនបានឈប់ធ្វើជាព្រះឡើយ ដោយបាន «ប្រសូតក្រោមក្រឹត្យវិន័យ» ដោយស្តាប់បង្គាប់ព្រះវរបិតាទាំងស្រុង និងយ៉ាងឥតខ្ចោះ បានសេចក្តីថា ក្នុងចំណោមមនុស្សជាតិដែលមានចំនួនរាប់មិនអស់ មានតែព្រះអង្គទេដែលបានសម្រេចបេសកកម្មនេះ។
បើព្រះជួយសង្គ្រោះមនុស្សឲ្យរួចពីបាប ដូចនេះព្រះអង្គសង្គ្រោះត្រូវតែមានអត្តសញ្ញាណជាព្រះ។ បើមនុស្សត្រូវតែទទួលទោស ដោយសារពួកគេមានបាប នោះព្រះអង្គសង្គ្រោះក៏ត្រូវតែមានអត្តសញ្ញាណជាមនុស្សដែរ។ បើអង្គបុគ្គលដែលទទួលទោសនៃអំពើបាបជំនួសមនុស្សត្រូវតែគ្មានបាប តើក្រៅពីព្រះយេស៊ូវគ្រីស្ទ មាននរណាទៀតដែលមានលក្ខណសម្បត្តិទាំងអស់នេះ? ព្រះយេស៊ូវមានលក្ខណសម្បត្តិពិសេសខុសគេ ក្នុងការសម្រេចផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ។
គ្មានអ្នកណាទៀត ដែលមានលក្ខណៈល្អគ្រប់គ្រាន់
ដើម្បីបង់ថ្លៃលោះបាបបានទេ
មានតែព្រះអង្គទេ ដែលអាចបើកទ្វារ
របស់ស្ថានសួគ៌ ហើយអនុញ្ញាតឲ្យយើងចូលក្នុង។135
តើព្រះយេស៊ូវជានរណា? ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះដែលបានប្រសូតជាមនុស្ស។ ព្រះអង្គជាអ្នកកាន់តាមក្រឹត្យវិន័យយ៉ាងឥតខ្ចោះ ជាអង្គបុគ្គលដែលបានសុគត ដើម្បីរំដោះមនុស្សដែលមិនបានកាន់តាមក្រឹត្យវិន័យ។ បើអញ្ចឹង តើគ្រីស្ទបរិស័ទគឺជានរណា? គឺជាមនុស្សដែលត្រូវបានរំដោះឲ្យរួចពីទោសរបស់បាប និងបានទទួលចិញ្ចឹមក្នុងគ្រួសាររបស់ព្រះ។ នេះជាព្រះរាជសារដែលយើងគួរតែចែកចាយដល់ខ្លួនឯងជារៀងរាល់ថ្ងៃ និងគួរតែអធិស្ឋានសូមឱកាសផ្សាយព្រះរាជសារនេះដល់អ្នកដទៃជារៀងរាល់ថ្ងៃ។ នេះជាព្រះរាជសារដែលគួរឲ្យភ្ញាក់ផ្អើល និងរុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រទាំងមូល។
ព្រះគម្ពីរសញ្ជឹងគិត៖ កាឡាទី ៣:២៣-៤:៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ១០-១២ និងលូកា ១៦