ព្រឹក

ក្តីអំណរ និងកម្លាំង ក្នុងទុក្ខលំបាក
ដោយKatara Patton
December 13, 2025
នេហេមា ៨:៥-៦,៨-១២
ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា។ នេហេមា ៨:១០
នៅក្នុងចំណោមស្នាដៃសិល្បៈផលិតពីដបផ្លាស្ទីកចាស់ៗ ដែលគេបានកាត់ចេញជារូបស្លាបបក្សី និងឆាងម៉ាងចង្កៀងជាដើម អ្នកនាំភ្ញៀវទេសចរណ៍នៅសារមន្ទីររដ្ឋញូអូឡិន បានចែកចាយ អំពីគំនិតនៅពីក្រោយការប្រើប្រាស់សម្ភារៈទាំងនោះឲ្យមានប្រយោជន៍។ គាត់ថា “សម្រាប់ទីក្រុងដែលធ្លាប់មានទុក្ខលំបាកយ៉ាងខ្លាំង យើងក៏បានរៀនប្រើរបស់អ្វីដែលយើងមាន ដើម្បីបង្កើតឲ្យមានក្តីអំណរ និងភាពស្រស់ស្អាត។ យើងមិនផ្ដោតទៅលើពេលដែលពិបាកប៉ុណ្ណោះទេ តែយើងក៏អបអរការតស៊ូ ក្នុងការឆ្លងកាត់ទុក្ខលំបាកទាំងនោះផងដែរ”។
មានពេលមួយ ហោរានេហេមា និងប្រជាជនអ៊ីស្រាអែលក៏បានជួបប្រទះទុក្ខលំបាក ប៉ុន្តែ បានតស៊ូ ក្នុងការបន្តមមុលទៅមុខ ដោយក្តីអំណររបស់ព្រះអម្ចាស់។ ពួកសត្រូវបានចាប់ពួកគេធ្វើជាឈ្លើយសឹក ហើយដឹកបញ្ជូនចេញពីផ្ទះសម្បែង ហើយនៅទីបំផុត ពួកគេអាចវិលត្រឡប់មកទីក្រុងយេរូសាឡិម ពីការនិរទេស(នេហេមា ៤:៧-១២)។ ប៉ុន្តែ នៅពេលដែលពួកគេត្រឡប់មកវិញ ពួកគេបានជួបប្រទះការទាស់ប្រឆាំង មកលើការសាងសង់កំផែង សម្រាប់ការពារទីក្រុងយេរូសាឡិម(នេហេមា ៦)។ នៅពេលដែលការជួសជុលកំផែងទីក្រុងបានចប់សព្វគ្រប់ ពួកគេក៏បានជួបជុំគ្នា ដើម្បីធ្វើពិធីអបអរ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះ ក្នុងក្រឹត្យវិន័យរបស់ទ្រង់ តែពួកគេនៅតែមានបន្ទុកធ្ងន់នៅក្នុងចិត្ត។ ពួកគេក៏បានទួញយំ ខណៈពេលដែលពួកគេស្តាប់ព្រះបន្ទូលទ្រង់(៨:៩)។ ប៉ុន្តែ ហោរានេហេមា បានក្រើនរំឭកពួកគេថា ពួកគេអាចរកឃើញក្តីអំណរ និងកម្លាំង នៅក្នុងព្រះ ដោយចាំថា ព្រះអង្គជានរណា ហើយព្រះអង្គបាននាំពួកគេឆ្លងកាត់បញ្ហាអ្វីខ្លះ។ ហោរានេហេមា ក៏បានប្រាប់ពួកគេថា “សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា”(ខ.១០)។
ការផ្ដោតចិត្តទៅលើព្រះ អាចផ្តល់ឲ្យយើងនូវ “ក្តីអំណរ” និងកម្លាំងផងដែរ ជាពិសេស នៅពេលដែលកាលៈទេសៈរបស់យើង ហាក់ដូចជាមានភាពធ្ងន់ធ្ងរ។ សមត្ថភាព ចារិតលក្ខណៈ និងព្រះគម្ពីររបស់ព្រះអម្ចាស់ អាចកែប្រែចិត្តយើងថ្មីឡើង ហើយនាំមកនូវក្តីអំណរដល់យើង(ខ.១២) ដោយប្រទានកម្លាំង និងការតស៊ូ ដែលយើងត្រូវការ។—Katara Patton
តើអ្នកបានរកឃើញក្តីអំណរ និងកម្លាំង ក្នុងព្រះអម្ចាស់ នៅពេលណា?
តើអ្នកអាចមានការតស៊ូ ក្នុងទុក្ខលំបាក ដូចម្តេចខ្លះ?
ឱព្រះដ៏បរិសុទ្ធ ពេលណាកាលៈទេសៈរបស់ទូលបង្គំហាក់ដូចជាអាក្រក់
សូមព្រះអង្គក្រើនរំឭកទូលបង្គំឲ្យផ្ដោតទៅលើព្រះអង្គ ដើម្បីរកឃើញក្តីអំណរ និងកម្លាំង។
For further study, read What if Our Struggles Are Meant to Point Us to God? at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ៤
ល្ងាច

ទុកជាថ្លៃលោះមនុស្សជាច្រើន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 13, 2025
«ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥)។
ខ្ញុំចូលចិត្តបង់ថ្លៃសេវាកម្មផ្សេងៗ។ ខ្ញុំអាចមិនចូលចិត្តទំហំទឹកប្រាក់ដែលត្រូវបង់ ឬភាពញឹកញាប់នៃការបង់ប្រាក់ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ធូរស្បើយ បន្ទាប់ពីបានបង់ប្រាក់រួចហើយ។ កាលប៉ុន្មានឆ្នាំមុន ជាញឹកញាប់ គេត្រូវបង់ថ្លៃសេវាកម្មផ្សេងៗជាលក្ខណៈផ្ទាល់ខ្លួន ពេលនោះ ខ្ញុំមានអារម្មណ៍ពេញចិត្ត នៅពេលដែលខ្ញុំហុចវិក្កយបត្រ និងលុយរបស់ខ្ញុំ ឲ្យទៅអ្នកគិតលុយនៅបញ្ជរ ហើយគេប្រគល់វិក្កយបត្រនោះមកវិញដោយមានត្រាចំណាំពីលើថា «បានទូទាត់ហើយ»។
ក្នុងខគម្ពីរខាងលើ ព្រះយេស៊ូវបានមានបន្ទូលសំដៅទៅលើការសុគតរបស់ទ្រង់ ដោយប្រើពាក្យមួយឃ្លាថា «ថ្លៃលោះមនុស្សជាច្រើន»។ ឧទាហរណ៍ខ្លះក្នុងព្រះគម្ពីរសញ្ញាចាស់ បានផ្តល់ឲ្យនូវបរិបទសម្រាប់ឲ្យព្រះយេស៊ូវប្រើពាក្យ «ថ្លៃលោះ» ក្នុងបទគម្ពីរនេះ។ ក្រឹត្យវិន័យរបស់សាសន៍យូដាបានលើកឡើងថា នៅពេលណាសត្វគោសម្លាប់មនុស្សម្នាក់ ទាំងសត្វគោ និងម្ចាស់របស់វាត្រូវទទួលទោសប្រហារជីវិត។ ទោះជាយ៉ាងណាក៏ដោយ បើគេតម្រូវឲ្យម្ចាស់គោបង់ថ្លៃលោះខ្លួន នោះគាត់អាចបង់ប្រាក់ឲ្យគេ ដើម្បីលោះជីវិតខ្លួនឯង (និក្ខមនំ ២១:២៩-៣០)។ អាចនិយាយម្យ៉ាងទៀតថា ម្ចាស់គោអាចទិញជីវិតរបស់ខ្លួនឯង ដោយបង់ប្រាក់ក្នុងតម្លៃដ៏ជាក់លាក់ណាមួយ។ ការបង់ថ្លៃលោះក៏អាចធ្វើឡើង ដើម្បីរំដោះសាច់ញាតិឲ្យរួចពីភាពជាទាសករ ឬបង់ថ្លៃលោះដីធ្លីដែលបានដាក់បញ្ចាំដែរ (លេវីវិន័យ ២៥)។ ក្នុងករណីនីមួយៗ ការបង់ថ្លៃលោះក៏រាប់បញ្ចូលការធ្វើអន្តរាគមន៍ដោយការសម្រេចចិត្តច្បាស់លាស់ និងក្នុងតម្លៃដ៏ខ្ពស់ ដើម្បីរំដោះនរណាម្នាក់ឲ្យរួចពីចំណងក្នុងទម្រង់ណាមួយ។
ករណីទាំងអស់នេះ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាចាស់ សុទ្ធតែជាបញ្ហាខាងសាច់ឈាម។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវកំពុងមានបន្ទូលសំដៅទៅលើបញ្ហាក្រមសីលធម៌ខាងឯវិញ្ញាណ។ យើងសុទ្ធតែជាទាសករនៃអំពើបាប ហើយបានធ្វើខុសចំពោះព្រះ។ ការធ្វើអន្តរាគមន៍ដ៏ច្បាស់លាស់របស់ព្រះយេស៊ូវ គឺជាការបង់ថ្លៃលោះជីវិតយើង។ ព្រះយេស៊ូវមានបន្ទូលថា មានតែការធ្វើអន្តរាគមន៍នេះទេដែលអាចរំដោះយើងឲ្យមានសេរីភាព និងមានភាពពេញលេញ។ គឺដូចដែលអ្នកនិពន្ធទំនុកសកលបានសរសេរថា «ព្រះអង្គទទួលយកបាប និងទុក្ខព្រួយរបស់ខ្ញុំ ធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ»។134
ព្រះគ្រីស្ទគឺជាថ្លៃលោះរបស់យើង។ ព្រះអង្គ «បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្ដាសាជំនួសយើងរាល់គ្នា» ដើម្បីឲ្យយើងរួចពីចំណង ពេលណាយើងទទួលជឿព្រះអង្គ (កាឡាទី ៣:១៣)។ ដោយសារការសុគតរបស់ព្រះយេស៊ូវ ព្រះអង្គបានលើកលែងទោសឲ្យអស់អ្នកដែលជឿព្រះអង្គ។ នៅពេលដែលព្រះអង្គស្រែកថា «ការចប់ហើយ» ព្រះអង្គបានប្រើពាក្យជាភាសាក្រិក «ធេធេឡីស្ទ័រ» (tetelestai) ជាពាក្យដែលគេសរសេរនៅលើវិក្កយបត្រ ដើម្បីបញ្ជាក់ថាបានបង់ថ្លៃរួចហើយ (យ៉ូហាន ១៩:៣០)។ នៅក្នុងការមានព្រះជន្មឡើងវិញរបស់ព្រះរាជបុត្រា ព្រះវរបិតាបានចេញវិក្កយបត្រសម្រាប់ការបង់ថ្លៃរួចហើយ។ បំណុលដែលបានតម្រូវមកលើយើងដោយយុត្តិធម៌ មានទំហំធំពេកមិនអាចឲ្យយើងសងរួច តែឥឡូវនេះ ព្រះអង្គបានបោះត្រាចំណាំពីលើថា «បានបង់រួចហើយ»។
នៅពេលខ្លះ អារក្សធ្វើឲ្យយើងខឹង ហើយចិត្តរបស់យើងនឹងចោទប្រកាន់ខ្លួនឯងថា «តើព្រះពិតជាបានអត់ទោសបាបឲ្យខ្ញុំហើយឬ? អំពើបាបមួយនេះធ្ងន់ពេក មិនអាចឲ្យព្រះអង្គអត់ទោសបានទេ! តើព្រះពិតជាស្រឡាញ់ខ្ញុំមែនទេ? តើអ្នកពិតជាមានកន្លែងដែលមានសិរីល្អក្នុងស្ថានសួគ៌អស់កល្បជានិច្ចទេ?» នៅពេលដែលអ្នកបានឮសម្លេងខ្សឹបនេះ ចូររំឭកខ្លួនឯងថា ព្រះគ្រីស្ទបានទទួលការជំនុំជម្រះទោសជំនួសអ្នក ហើយលុបបំណុលដែលអ្នកជំពាក់ហើយ។
ព្រះវរបិតាបានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ ដូចនេះអ្នកអាចរកឃើញទំនុកចិត្ត នៅក្នុងការពិតដែលថា ព្រះអង្គនឹងមិនទាមទារឲ្យអ្នកបង់ថ្លៃសម្រាប់ការចោទប្រកាន់ទាំងនេះឡើយ។ បំណុលរបស់អ្នកត្រូវបានលុបចោលមួយដងជាសម្រេច។ ព្រះអង្គបានលោះអ្នករួចហើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ កូល៉ុស ២:៨-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ៧-៩ និងលូកា ១៥:១១-៣២