ព្រឹក

សមត្ថភាពដែលព្រះទ្រង់ប្រទាន
ដោយKirsten Holmberg
December 18, 2025
និក្ខមនំ ៣១:១-១១
នោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង។ និក្ខមនំ ៣១:៦
លោកលូដវីក វ៉ាន ប៊ីថូវិន(Ludwig van Beethoven) គឺជាអ្នកនិពន្ធបទភ្លេងដ៏ចំណាន ស្ថិតក្នុងចំណោមតន្ត្រីករ ដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្ត្រ។ ជិត២សតវត្សរ៍ បន្ទាប់ពីគាត់បានលាចាកលោកក្នុងឆ្នាំ១៨២៧ ទំនុកភ្លេងរបស់គាត់ នៅតែស្ថិតក្នុងចំណោមទំនុកភ្លេងដែលគេយកមកប្រគំច្រើនជាងគេ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាអំពីDNA របស់លោកប៊ីថូវិន បានបង្ហាញថា គាត់ប្រហែលមិនបានមានសមត្ថភាពទាំងនោះពីកំណើត ដូចដែលយើងបានសន្និដ្ឋាននោះទេ។ នៅពេលដែលគេយកហ្សែនរបស់គាត់ មកប្រៀបធៀបជាមួយហ្សែនរបស់មនុស្ស១៤៥០០នាក់ ដែលមានសមត្ថភាពពូកែធ្វើចង្វាក់ភ្លេង(យ៉ាងហោចណាស់ មានអំណោយទានខាងតន្ត្រី) គេបានរកឃើញថា លោកប៊ីថូវិន ស្ថិតក្នុងលំដាក់ថ្នាក់ដែលទាបយ៉ាងខ្លាំង មិនគួរឲ្យជឿ។
លោកប៊ីថូវិន ក៏មានឱកាស និងបានទទួលឥទ្ធិពលគ្រប់គ្រាន់ ពីវិស័យសិល្បៈតន្ត្រី(ដែលបានជួយបង្កើនសមត្ថភាពគាត់)។ ប៉ុន្តែ ទោះមនុស្សម្នាក់មានទេពកោសល្យ និងឱកាសយ៉ាងណាក៏ដោយ ក៏ការនេះមិនបានបកស្រាយឲ្យបានពេញលេញ អំពីតួនាទីរបស់ព្រះ នៅក្នុងការប្រទានសមត្ថភាពទាំងនោះដល់យើងទេ។ ព្រះអាទិករនៃយើងបានប្រទានសមត្ថភាពដល់បុរសពីរនាក់គឺលោកបេតសាលាល និងលោកអូហូលីអាប់ ឲ្យមានជំនាញច្បាស់លាស់ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងឧបោសថ។ ព្រះទ្រង់បានបំពេញលោកបេតសាលាល ឲ្យ“មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់” ដែលមានជំនាញរចនា ហើយក៏បានចាត់តាំងលោកអូហូលីអាប់ ឲ្យជួយគាត់ (និក្ខមនំ ៣១:៣-៦)។ ដូចនេះ ព្រះទ្រង់បានប្រទានដល់ពួកជាងទាំងអស់ នូវ “ដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់” ដែលព្រះអង្គបានបង្គាប់(ខ.៦)។
មានមនុស្សមិនច្រើនទេ ដែលមានឱកាសធ្វើការក្នុងគម្រោងសាងសង់ដ៏សំខាន់ ដូចការសាងសង់រោងឧបោសថរបស់ព្រះអម្ចាស់។ ហើយសមត្ថភាពរបស់យើង ប្រហែលមិនដែលបានគេកត់ទុក ក្នុងក្រាំងប្រវត្តិសាស្រ្តឡើយ។ តែព្រះទ្រង់បានបំពាក់យើង នូវជំនាញ សមត្ថភាព និងបទពិសោធន៍រៀងៗខ្លួន ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងចែកចាយដល់លោកិយ។ ចូរយើងបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់ ដោយពឹងអាងកម្លាំងមកពីព្រះអង្គ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។—Kirsten Holmberg
តើព្រះទ្រង់បានប្រទានជំនាញ និងសមត្ថភាពអ្វីខ្លះដល់អ្នក?
តើអ្នកអាចប្រើសមត្ថភាពទាំងអស់នេះ ដើម្បីបម្រើព្រះអង្គដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានសមត្ថភាពសម្រាប់ឲ្យទូលបង្គំធ្វើការបម្រើព្រះអង្គ។
សូមព្រះអង្គប្រើសមត្ថភាពទាំងនោះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អូបាឌា និង វិវរណៈ ៩
ល្ងាច

ស្តាប់តាមព្រះអង្គចុះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 18, 2025
«រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សម្រាប់លោក ១សម្រាប់លោក ម៉ូសេ ហើយ១សម្រាប់លោក អេលីយ៉ា។ នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្ដេចទេ ពីព្រោះមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។ នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្ដាប់តាមចុះ» (ម៉ាកុស ៩:៥-៧)។
សាវ័ក ពេត្រុស កំពុងឆ្លងកាត់ដំណើរជីវិតដែលមានការឡើងចុះៗយ៉ាងខ្លាំង រយៈពេលប៉ុន្មានថ្ងៃ ជិតដល់ពេលដែលព្រះយេស៊ូវប្រែព្រះភក្ត្រនៅលើភ្នំ។ នៅនាទីខ្លះ គាត់ប្រកាសថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦:១៦) ហើយនៅនាទីបន្ទាប់ ព្រះយេស៊ូវមានបន្ទូលទៅកាន់គាត់ថា «សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ» (ខ.២៣)។ លោក ពេត្រុស បានឈានទៅដល់ចំណុចខ្ពស់បំផុត នៃការប្រកាសអត្តសញ្ញាណពិតរបស់បុរសម្នាក់ ដែលបានត្រាស់ហៅគាត់ឲ្យក្លាយជាអ្នកនេសាទមនុស្ស ហើយបន្ទាប់មក ក៏បានធ្លាក់ទៅដល់ជម្រៅនៃកំហុស ដែលព្រះបុត្រានៃព្រះដ៏មានព្រះជន្មរស់បានប្រាប់គាត់ថា គាត់កំពុងទទួលឥទ្ធិពលពីអារក្ស ហើយកំពុងធ្វើជាឧបសគ្គរារាំងបេសកកម្មនៃព្រះរាជបុត្រា។ គាត់នឹងធ្លាក់កាន់តែជ្រៅ តែក្រោយមក គាត់ក៏បានឡើងខ្ពស់ជាងមុនទៀត (២៦:៦៩-៧៥ កិច្ចការ ៤:៥-២០)។ បើអ្នកដឹងថា ជីវិតរបស់អ្នកជាគ្រីស្ទាន មានដំណើរឡើងចុះៗខ្លាំង ដូចខ្ញុំដែរ នោះសូមទទួលការលើកទឹកចិត្តពីគំរូរបស់សាវ័ក ពេត្រុស ចុះ។
ក្នុងបទគម្ពីរម៉ាថាយជំពូក១៧ សាវ័ក ពេត្រុស បានឡើងភ្នំ ឃើញព្រះយេស៊ូវប្រែព្រះភក្ត្រ ក្នុងការសន្ទនាជាមួយលោក ម៉ូសេ និងលោក អេលីយ៉ា។ ពេលនោះ គាត់រកពាក្យនិយាយមិនចេញដោយសារគាត់ និងមិត្តភក្ដិគាត់ពីរនាក់ទៀតមានសេចក្តីស្ញែងខ្លាចទាំងអស់គ្នា (ម៉ាកុស ៩:៦)។ គាត់មិនដឹងថា គាត់ត្រូវនិយាយអ្វីទេ (លូកា ៩:៣៣) តែបញ្ហានេះមិនបានរារាំងគាត់មិនឲ្យនិយាយឡើយ!
សាវ័ក ពេត្រុស មានអារម្មណ៍តក់ស្លុតចំពោះភាពអស្ចារ្យដែលគាត់បានឃើញ។ គាត់ក៏បានទូលសូមព្រះអម្ចាស់ឲ្យគាត់ធ្វើត្រសាលសម្រាប់ព្រះអង្គ និងហោរាធំៗទាំងពីរនោះដែលមកពីគ្រាសញ្ញាចាស់ ហើយពេលនោះ គាត់ក៏បានឮសម្លេងឮពីស្ថានសួគ៌មកថា «នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្ដាប់តាមចុះ» គឺដូចដែលគេធ្លាប់បានឮកាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក។
នេះគឺជាការត្រាស់ហៅដ៏ជាប់លាប់របស់ព្រះគ្រប់ពេលវេលា សម្រាប់មនុស្ស និងនៅទីកន្លែងទាំងអស់។ ព្រះបន្ទូលព្រះនៅមានជីវិតរស់ និងសកម្មក្នុងពេលសព្វថ្ងៃតាមរយៈព្រះគម្ពីរ គឺដូចកាលដែលសាវ័ក ពេត្រុស បានឮព្រះអង្គមានបន្ទូល នៅភ្នំដែលព្រះយេស៊ូវបានប្រែព្រះភក្ត្រ។ ពេលយើងអានព្រះគម្ពីរ យើងមានឱកាសមើលឃើញភាពអស្ចារ្យ និងដកពិសោធជាមួយសិរីល្អមុនពេលកំណត់ ដូចសាវ័ក ពេត្រុស យ៉ាកុប និង យ៉ូហាន ផងដែរ ខណៈពេលដែលព្រះវិញ្ញាណធ្វើការក្នុងចិត្តយើង។
ដំណើរជីវិតជាគ្រីស្ទបរិស័ទមានការឡើងចុះៗ មិនខុសពីជីវិតរបស់សាវ័ក ពេត្រុស ទេ «ថ្ងៃខ្លះយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងលិចលង់ក្នុងជ្រោះដ៏សែនជម្រៅ ដែលគេមិនអាចវាស់បាន ហើយនៅថ្ងៃបន្ទាប់ យើងឡើងទៅកន្លែងដ៏សែនខ្ពស់ ដែលគេឈោងមិនដល់»។138 ប៉ុន្តែ នៅពេលដែលព្រះបន្ទូលដ៏ស្ថិតស្ថេររបស់ព្រះ ចូលទៅក្នុងជីវិតយើង យើងទទួលការដឹកនាំជាថ្មីទៅរកព្រះយេស៊ូវជាព្រះរាជបុត្រាស្ងួនភ្ងាររបស់ព្រះ ដែលតែងតែគាប់ព្រះទ័យដល់ព្រះវរបិតា និងបានយាងមក ដើម្បីបង្ហាញអង្គទ្រង់ឲ្យយើងស្គាល់។ សំណួរដែលយើងត្រូវឆ្លើយនោះគឺ៖ តើយើងនឹងស្តាប់តាមព្រះអង្គទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ២ពេត្រុស ១:១៦-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ២២-២៤ និងលូកា ១៨:១៨-៤៣