
សម្រាកនៅក្នុងព្រះ
ដោយLeslie Koh
December 19, 2025
កិច្ចការ ១២:៥-១១
រីឯក្នុងកាលដែលស្ដេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្ដាលទាហាន២នាក់។ កិច្ចការ ១២:៦
នៅយប់មួយនោះ លោកស៊ែម(Sam) ជាអ្នកជិតខាងខ្ញុំ មិនបានបើកបរឡានរបស់គាត់ ត្រឡប់មកផ្ទះវិញ ដូចសព្វមួយដឹងទេ។ គាត់ប្រាប់ភរិយាគាត់ថា “ឡាននោះត្រូវចោរលួចបាត់ហើយ” បន្ទាប់មកគាត់បន្ថែមទៀតថា គាត់នឹងទៅចូលគេង ហើយគាត់នឹងគិតរកដំណោះស្រាយនៅថ្ងៃស្អែក។ ភរិយាគាត់មានការភ្ញាក់ផ្អើល។ នាងមិនអាចយល់សោះថា ហេតុអ្វីប្តីគាត់ នៅតែមានចិត្តស្ងប់យ៉ាងនេះ គាត់ក៏បានពន្យល់ថា បើមិនឲ្យគាត់ចូលគេង តើឲ្យគាត់ទៅធ្វើអ្វីវិញ? ការមានអារម្មណ៍ជ្រួលច្របល់ មិនអាចជួយអ្វីបានទេ។
អ្នកជិតខាងរបស់ខ្ញុំ ដែលតែងតែមានចិត្តស្ងប់ អាចមើលដឹងថា គាត់គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភទេ។ គាត់បានទុកចិត្តថា ប៉ូលិសនឹងអាចរកឃើញឡានរបស់គាត់ នៅពេលណាមួយ ។ ក្រោយមក ពួកគេក៏បានរកឃើញឡាននោះ។
តើសាវ័កពេត្រុសមិនមានអារម្មណ៍ដូចនេះដែរទេឬ បន្ទាប់ពីគេបានចាប់គាត់ដាក់គុក(កិច្ចការ ១២:៤)? គាត់ទំនងជាងត្រូវប្រឈមមុខដាក់ការប្រហារជីវិត តែសាវ័ករូបនេះ ដែលធ្លាប់តែឆេវឆាវបាន “ដេកនៅជាកណ្ដាលទាហាន២នាក់”(ខ.៦)។ ទេវតាក៏បាន “គោះពីខាងចំហៀង ដាស់គាត់ឡើង”(ខ.៧)។ ការនេះបានបង្ហាញថា គាត់មានចិត្តស្ងប់ និងសន្តិភាពក្នុងចិត្តទាំងស្រុង។ តើគាត់ស្ងប់ចិត្ត ដោយសារគាត់ដឹងថា ជីវិតគាត់នៅជាប់ក្នុងព្រះហស្តព្រះឬ? ខ.៩ និង ១១ បានលើកឡើងថា ការដែលគាត់បានរួចពីគុកឬអត់មិនសំខាន់ចំពោះគាត់ទេ គឺប្រហែលមកពីគាត់បាននឹកចាំ អំពីការធានាអំពីសេចក្តីសង្គ្រោះ និងសិរីល្អ ដែលព្រះយេស៊ូវបានប្រទានមកគាត់(ម៉ាថាយ ១៩:២៨) ក៏ដូចជាការត្រាស់ហៅរបស់ព្រះអង្គ ឲ្យដើរតាមព្រះអង្គ និងមិនព្រួយបារម្ភអំពីការអ្វីដែលនឹងអាចកើតឡើងចំពោះគាត់(យ៉ូហាន ២១:២២)។
ទោះយើងកំពុងប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ នៅថ្ងៃនេះ យើងអាចទុកចិត្តថា ព្រះទ្រង់គ្រប់គ្រងពេលអនាគតរបស់យើង ទាំងនៅលើផែនដី និងនៅស្ថានសួគ៌ ក្នុងព្រះហស្តដ៏មានចេស្តារបស់ព្រះអង្គ។ ការទុកចិត្តព្រះអង្គយ៉ាងនេះ នឹងអាចជួយយើងឲ្យគេងលក់កាន់តែងាយស្រួល ដោយសន្តិភាពនៅក្នុងចិត្ត។—Leslie Koh
តើមានការព្រួយបារម្ភអ្វីខ្លះ ដែលធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់?
តើអ្នកអាចរៀនថ្វាយការព្រួយបារម្ភទាំងនោះដល់ព្រះ និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំដឹងថា ជីវិត និងពេលអនាគតរបស់ទូលបង្គំ
ស្ថិតក្នុងព្រះហស្តនៃក្តីស្រឡាញ់ និងមានព្រះចេស្តារបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យបន្តទុកចិត្តព្រះអង្គ។
For further study, read Putting Worry to Work at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូណាស ១-៤ និង វិវរណៈ ១០