ព្រឹក

ព្រះអង្គសង្គ្រោះមានក្តីស្រឡាញ់
ដោយXochitl Dixon
December 27, 2025
ទំនុកដំកើង ៥៥:១-៥,១៦-២២
ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក នឹងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្ដាប់សំឡេងខ្ញុំជាមិនខាន។ ទំនុកដំកើង ៥៥:១៧
ក្នុងអំឡុងពេលភ្លើងឆេះព្រៃកំពុងតែរីករាលដាលយ៉ាងកាចសាហាវ មន្ត្រីអនុរក្សព្រៃឈើម្នាក់បានជួយសង្គ្រោះកូនខ្លាឃ្មុំមួយក្បាល។ គាត់ក៏បានបីវាទៅកន្លែងដែលមានសុវត្ថិភាព នៅឆ្ងាយពីកន្លែងដែលគេកំពុងប្រយុទ្ធនឹងភ្លើងដែលកំពុងឆាបឆេះ ហើយគាត់ក៏បានដាក់វានៅលើដី។ វាក៏បានឈរនៅលើជើងដ៏តូចល្អិតរបស់វា ហើយក៏បានឱបជើងរបស់គាត់ជាប់។ គាត់ក៏បានដោះវាថ្នមៗចេញពីជើងគាត់។ វាក៏បានបើកមាត់ធំៗស្រែកយំ ដោយការអស់សង្ឃឹម ខណៈពេលដែលវាខំតោងឡើងជើងគាត់ ដើម្បីឲ្យបាននៅជាប់ក្នុងសុវត្ថិភាពនៃរង្វង់ដៃរបស់អ្នកជួយសង្គ្រោះវា។ នៅពេលដែលកូនខ្លាឃ្មុំតោងដៃគាត់ជាប់ដូចនោះ បុរសដ៏សប្បុរសនេះក៏បានឈប់ហាមឃាត់វាទៀត ហើយក៏បានយកដៃអង្អែលក្បាលវាថ្មៗ។
ចុះបើសិនជាយើងតាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង ដោយចិត្តឆេះឆួល និងទំនុកចិត្តយ៉ាងខ្លាំង ដូចកូនខ្លាឃ្មុំដែលបានតាម និងតោងជាប់អ្នកដែលបានជួយសង្គ្រោះវាឲ្យរួចពីសេចក្តីស្លាប់ តើជីវិតយើងនឹងបានល្អប្រសើរយ៉ាងណា? មនុស្សទាំងអស់ដែលព្រះទ្រង់បានបង្កើត សុទ្ធតែត្រូវការការជួយសង្រ្គោះរបស់ព្រះអង្គ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានសារភាពថា គាត់ត្រូវការព្រះអង្គសង្រ្គោះមួយអង្គ គឺត្រូវការឲ្យព្រះទ្រង់ស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់គាត់(ទំនុកដំកើង ៥៥:១-២)។ ស្តេចដាវីឌបានទទួលស្គាល់បញ្ហា ការគំរាមកំហែង ទុក្ខវេទនា និងការភ័យខ្លាចរបស់ទ្រង់(ខ.៣-៥) នៅពេលដែលទ្រង់តាមព្រះអម្ចាស់ ដោយទំនុកចិត្ត។ គឺដូចដែលទ្រង់មានបន្ទូលថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ”(ខ.១៦)។ “ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្ដាប់សំឡេងខ្ញុំជាមិនខាន”(ខ.១៧)។ ស្តេចដាវីឌបានអធិស្ឋានជាប់ជានិច្ច។ ទ្រង់ជឿថា ព្រះទ្រង់ស្តាប់ឮ ហើយទុកចិត្តថា ព្រះអង្គនឹងជួយសង្រ្គោះទ្រង់ ឲ្យរួចពីគ្រោះថ្នាក់(ខ.១៨)។
ពេលណាយើងប្រឈមមុខដាក់ទុក្ខលំបាក ឬទុក្ខវេទនាណាក៏ដោយ យើងអាចស្រែករកព្រះអង្គ ដូចស្តេចដាវីឌផងដែរ។ ព្រះអង្គសង្គ្រោះដែលមានក្តីស្រឡាញ់ ទ្រង់តាមរកយើង ស្តាប់ឮ ហើយសង្គ្រោះយើង ពេលណាយើងតោងព្រះអង្គជាប់។—Xochitl Dixon
តើអ្នកអាចតោងព្រះអង្គឲ្យជាប់ដូចម្តេចខ្លះ នៅថ្ងៃនេះ? តើព្រះទ្រង់បានសង្គ្រោះអ្នកឲ្យរួចពីបញ្ហា ឬទុក្ខវេទនានៅពេលណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំឲ្យរួចពីសេចក្តីស្លាប់
តាមរយៈព្រះគ្រីស្ទ និងបានធ្វើជាទីជ្រកកោនរបស់ទូលបង្គំជារៀងរាល់ថ្ងៃ។
For further study, read Threshing Sledge: Isaiah 21 & Purposeful Pain at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១-៤ និង វិវរណៈ ១៨
ល្ងាច

ភាពផុយស្រួយរបស់ជីវិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 27, 2025
«ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ» (យ៉ាកុប ៤:១៣-១៥)។
ព្រះគម្ពីរមិនបានថ្កោលទោសមកលើការសម្រេចចិត្តច្បាស់លាស់ និងត្រឹមត្រូវក្នុងការធ្វើជំនួញ ឬការធ្វើផែនការសម្រាប់ពេលអនាគតនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលព្រះគម្ពីរពិតជាបានថ្កោលទោសនោះ គឺរបៀបនៃការគិតដែលមានអំនួត និងអាត្មានិយម ទោះដោយចេតនាឬអចេតនាក្ដី ដោយដកព្រះចេញពីការសម្រេចចិត្ត និងផែនការរបស់យើងជាផ្នត់គំនិតដែលសន្មតអំពីអ្វីមួយដែលព្រះទ្រង់មិនដែលបានសន្យាថា នឹងប្រទានយើងឡើយ។
សាវ័ក យ៉ាកុប បង្រៀនយើងយ៉ាងច្បាស់អំពីធាតុពិតនៃចំណេះដឹង និងការយល់ដឹងរបស់យើងដែលមានដែនកំណត់។ ជាការពិតណាស់ គាត់បានរំឭកយើងថា យើងចាំបាច់ត្រូវទទួលស្គាល់ថា មានរឿងជាច្រើនដែលយើងមិនដឹង។ តើយើងចង់មានលទ្ធភាពរៀបផែនការទុកជាមុនឲ្យបានច្រើនសប្ដាហ៍ ឬច្រើនខែឬទេ? ជាការពិតណាស់ យើងចង់! ប៉ុន្តែ សាវ័ក យ៉ាកុប បានចង្អុលបង្ហាញថា យើងមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ។ សេចក្តីអំនួតនាំឲ្យយើងសន្និដ្ឋានថា យើងនឹងបន្តដកដង្ហើមនៅថ្ងៃស្អែកទៀតដោយគ្មានអ្វីអាចបញ្ឈប់យើងបាន។ បន្ទាប់មក គាត់ក៏បានក្រើនរំឭកយើងអំពីភាពផុយស្រួយនៃជីវិតរបស់យើង។ តាមពិត «ជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ»។ ជីវិតយើងមិនខុសពីអ័ព្ទនៅពេលព្រឹកព្រលឹម ដែលអណ្ដែតនៅលើស្មៅ ហើយក៏រលាយបាត់ទៅវិញ នៅពេលវាត្រូវពន្លឺថ្ងៃ។ ជីវិតយើងខ្លីណាស់ នៅទីបំផុត វានឹងរលាយបាត់ ហើយមនុស្សជាច្រើនមិនទាំងបានបន្សល់ទុកដាន ឲ្យមនុស្សជំនាន់ក្រោយឃើញផង។
នៅពេលដែលយើងបានដឹងអំពីភាពផុយស្រួយ និងដែនកំណត់របស់ជីវិតយើងហើយ តែយើងត្រូវគិតអំពីពេលអនាគតរបស់យើងដូចម្ដេចខ្លះ? សាវ័ក យ៉ាកុប មិនគ្រាន់តែបានលើកឡើងអំពីកំហុសនៃការគិត និងធ្វើផែនការដោយការសន្និដ្ឋានខុសប៉ុណ្ណោះទេ តែគាត់ក៏បានផ្តល់ឲ្យយើងនូវថ្នាំបន្សាបផងដែរ។ យើងគ្រាន់តែចាំបាច់ត្រូវធ្វើផែនការ ដោយការបន្ទាបខ្លួន ដោយទទួលស្គាល់ថា យើងត្រូវពឹងផ្អែកលើការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះអង្គ។ ក្នុងចក្រវាលទាំងមូលគ្មានអ្វីដែលមានវត្តមាន ឲ្យបាន១វិនាទី ដោយគ្មានព្រះអម្ចាស់បានទេ។ គឺដូចដែលលោក អាឡេច ម៉ូតយ័រ (Alec Motyer)បានសរសេរថា «យើងរស់បានមួយថ្ងៃទៀត មិនមែនដោយសារយើងមានភាពចាំបាច់ក្នុងធម្មជាតិ ឬដោយសារច្បាប់មេកានិចណាមួយ ឬមួយយើងមានសិទ្ធិទាមទារពេលវេលាសម្រាប់រស់មួយថ្ងៃទៀត ឬមួយដោយសារធម្មជាតិអំណោយផលចំពោះយើង តែដោយសារតែសេចក្តីមេត្តាដែលព្រះទ្រង់ប្រទានតាមសេចក្តីសញ្ញា»។142
យើងមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងឡើយ។ យើងប្រហែលជាមានផែនការសម្រាប់ថ្ងៃស្អែក តែយើងមិនអាចសន្និដ្ឋានថា យើងអាចគ្រប់គ្រងវាបានទេ។ មានតែសេចក្តីមេត្តារបស់ព្រះទេ ដែលបានជួយយើងឲ្យអាចភ្ញាក់ពីដំណេកនៅថ្ងៃស្អែក។ យើងដឹងថា ការសន្និដ្ឋានទុកជាមុន គឺជាអំពើបាបដ៏ល្ងង់ខ្លៅ នៅពេលដែលយើងដឹងថា ជីវិតរបស់យើងពឹងផ្អែកទៅលើការទ្រទ្រង់ជីវិត ដែលទ្រង់បានប្រទានជាអំណោយ។
យើងមិនអាចធ្វើជាមិនខ្វល់អំពីដែនកំណត់ និងភាពរួញខ្លីនៃជីវិតបានទេ តែយើងអាចកែប្រែចិត្តគំនិត និងរបៀបដែលយើងសម្រេចចិត្ត ផ្អែកទៅលើការពិតនេះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ដូចនេះ ចូរពិចារណាអំពីផែនការដែលអ្នកមានសម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងឆ្នាំក្រោយ និងអស់មួយជីវិត។ តើអ្នកបានអធិស្ឋានអំពីផែនការទាំងអស់នេះទេ? តើអ្នកបានទទួលស្គាល់ថា ផែនការរបស់ព្រះអង្គមានអំណាចគ្រប់គ្រងទាំងស្រុង ហើយផែនការរបស់អ្នកត្រូវពឹងផ្អែកលើផែនការរបស់ព្រះអង្គដែរឬទេ? ចូរថ្វាយផែនការរបស់អ្នកទៅក្នុងព្រះហស្តរបស់ព្រះអង្គនៅពេលឥឡូវនេះ។ អ្នកមិនអាចគ្រប់គ្រងពេលអនាគតបានទេ។ តែអ្នកមិនចាំបាច់ត្រូវគ្រប់គ្រងវាទេ ព្រោះអ្នកបានដឹងហើយថា នរណាគ្រប់គ្រង់វា។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ៦:២៥-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាការី ១-៤ និងលូកា ២២:៤៧-៧១