ព្រឹក

ចិត្តដែលព្រះទ្រង់បានកែប្រែ
ដោយTom Felten
December 28, 2025
យេរេមា ៣១:៣១-៣៤
អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ។ យេរេមា ៣១:៣៣
គេបានបង្ហាញរូបអាសអាភាស ឲ្យលោករូសែល(Russell)មើល តាំងពីនៅក្មេងវ័យ គឺមិនខុសពីមនុស្សជាច្រើន ដែលបានតយុទ្ធនឹងរូបអាសអាភាស ក្នុងសម័យបច្ចុប្បន្ន។ រូបអាសអាភាសមានអំណាចលើសលប់មកលើគាត់ ធ្វើឲ្យគាត់ចង់ប្រើប្រាស់វា ហើយវាក៏បានបំពុលចិត្តរបស់គាត់។ គាត់ក៏បានរៀបរាប់ថា “វាបានជ្រួតជ្រាបពេញក្នុងចិត្តខ្ញុំ គឺជ្រួតជ្រាបខ្លាំងណាស់ ប្រៀបដូចជាមេរោគមហារីក ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ខ្ញុំ”។ ដោយសារព្រះគុណព្រះ ទីបំផុត ព្រះអង្គបានរំដោះគាត់ឲ្យមានសេរីភាពរួចផុតពីអំណាចរបស់រូបអាសអាភាស និងការញៀនផ្សេងទៀត នៅពេលដែលគាត់បានទទួលជឿព្រះយេស៊ូវ ហើយបានផ្លាសប្រែពីក្នុងមកក្រៅ។ លោករូសែលក៏បាននិយាយថា “ខ្ញុំសូមអរព្រះគុណព្រះយេស៊ូវគ្រីស្ទ ដែលបានកែប្រែជីវិតខ្ញុំ ... ព្រះអង្គគឺជាអ្នករំដោះខ្ញុំ”។
ហោរាយេរេមាធ្លាប់បាននាំព្រះរាជសារមកពីព្រះអម្ចាស់ ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែលថា ថ្ងៃមួយ ព្រះអង្គនឹងដាក់ក្រិត្យវិន័យរបស់ព្រះអង្គ “នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ”(៣១:៣៣)។ ក្នុងគ្រាសញ្ញាថ្មី ដែលបានសម្រេចក្នុងព្រះគ្រីស្ទ(ហេព្រើរ ៨:៦-១៣) មនុស្សទាំងអស់អាចផ្លាស់ប្រែ ដោយសារព្រះគុណព្រះ តាមរយៈសេចក្តីជំនឿ។ ហើយសព្វថ្ងៃនេះ ព្រះវិញ្ញាណគង់នៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ(រ៉ូម ៨:១១) ហើយក្រឹត្យវិន័យក្រមសីលធម៌របស់ព្រះ បានកត់នៅលើចិត្តរបស់យើង។ សម្រាប់លោករូសែល និងអស់អ្នកជឿព្រះអង្គ អំណាចនៃព្រះវិញ្ញាណផ្តល់ឲ្យអ្វីៗដែលយើងត្រូវការ ដើម្បីងាកបែរចេញពីទង្វើអាក្រក់ ដែលព្រះទ្រង់មិនសព្វព្រះទ័យ គឺទង្វើដែលបំផ្លាញខ្លួនឯង។
ការផ្លាស់ប្រែមិនតែងតែកើតមានភ្លាមៗ ឬមានភាពងាយស្រួលឡើយ។ ប៉ុន្តែ ចូរយើងចាំថា ព្រះទ្រង់អាចកែប្រែចិត្តគំនិតយើង ពេលណាយើងជម្នះទុក្ខលំបាក សូម្បីតែការញៀននឹងអ្វីមួយ ឬអំពើបាបក៏ដោយ(យេរេមា ៣១:៣៣)។ ព្រះអង្គមានបន្ទូលថា គេនឹងបាន “ស្គាល់”ព្រះអង្គ(ខ.៣៤) ហើយយើងក៏អាចស្គាល់ព្រះចេស្តា ដែលកែប្រែចិត្តរបស់យើងផងដែរ។—Tom Felten
ហេតុអ្វីយើងអាចងាកចេញពីអំពើបាបដ៏រ៉ាំរ៉ៃ ដោយព្រះចេស្តាព្រះ?
តើអ្នកអាចរស់នៅ ដោយចិត្តដែលបានកែប្រែជាថ្មី ដោយជំនួយរបស់ព្រះវិញ្ញាណដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែចិត្តរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៥-៨ និង វិវរណៈ ១៩
ល្ងាច

ថ្នាំបន្សាបសម្រាប់អំនួត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 28, 2025
«ចូរប្រុងមើលហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន» (ម៉ាកុស ៨:១៥)។
មានមនុស្សជាច្រើនបានឃើញព្រះអម្ចាស់យេស៊ូវ ស្តាប់ឮការបង្រៀនរបស់ព្រះអង្គ និងបានឃើញព្រះអង្គធ្វើការអស្ចារ្យ តែពួកគេនៅតែបដិសេធមិនព្រមទទួលជឿព្រះអង្គ។ នេះជាការដែលគួរឲ្យយើងយកមកពិចារណា។
ថ្ងៃមួយ ពួកគេបានឃើញព្រះអង្គប្រទានអាហារដល់មនុស្ស៤ពាន់នាក់ដោយប្រើត្រី និងនំប៉័ងតែបន្តិចបន្តួច ដោយបង្ហាញអង្គទ្រង់ឲ្យគេដឹងថា ព្រះអង្គគឺជាព្រះដែលធ្លាប់ផ្គត់ផ្គង់រាស្ត្ររបស់ព្រះអង្គ នៅវាលរហោស្ថាន (ម៉ាកុស ៨:១-១០ មើល និក្ខមនំ ១៦) នៅថ្ងៃដដែលនោះ ពួកផារិស៊ីក៏បានសូមឲ្យព្រះអង្គ «សម្ដែងទីសម្គាល់ពីលើមេឃឲ្យគេឃើញ» (ម៉ាកុស ៨:១១)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយដាស់តឿនសិស្សរបស់ព្រះអង្គថា «ចូរប្រុងមើលហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន»។
គេដឹងថា ពួកផារិស៊ីគឺជាមនុស្សមានពុត ហើយស្ដេចហេរ៉ូឌទាស់ប្រឆាំងនឹងព្រះអង្គ។ ពួកផារិស៊ីចង់ប្រកាន់ខ្ជាប់តាមជំនឿដែលរាប់ខ្លួនឯងជាមនុស្សសុចរិតបានជាពួកគេគិតថា ខ្លួនស័ក្តិសមនឹងទទួលព្រះពរពីព្រះ ហើយមិនត្រូវការព្រះអង្គសង្គ្រោះទេ។ ស្ដេច ហេរ៉ូឌ ចង់បន្តអំណាចគ្រប់គ្រងមកលើប្រជាជនយូដា ដូចនេះ ទ្រង់មិនត្រូវចង់ឲ្យមានស្ដេចផ្សេងមកប្រជែងជាមួយទ្រង់ទេ។ ដូចនេះ ពួកគេបានតាំងចិត្តថា នឹងនៅតែខ្វាក់មើលមិនឃើញសេចក្តីពិត។ របៀបដែលពួកគេនិយាយ គឺបានបដិសេធន៍មិនព្រមជឿ ឬយល់ដឹងថា ព្រះយេស៊ូវជានរណា។ ពួកគេកំពុងនិយាយក្នុងន័យថា ខ្ញុំមិនចង់ដឹងថា អ្វីដែលព្រះយេស៊ូវធ្វើ និងមានបន្ទូលមានន័យដូចម្ដេចនោះទេ ហើយខ្ញុំនឹងមិនទទួលស្គាល់ព្រះអង្គ ជាព្រះអង្គសង្គ្រោះ និងស្ដេចរបស់ខ្ញុំទេ។ ព្រះយេស៊ូវក៏បានដាស់តឿនមិនឲ្យអ្នកដើរតាមទ្រង់មានអត្តចរិតដូចនេះ ព្រោះដំបែរនៃការមិនជឿតែបន្តិច អាចនាំឲ្យមានការផ្លាស់ប្ដូរធ្ងន់ធ្ងរ។
នៅពេលដែលអំនួតអើតក្បាលចេញមក វាអាចនាំឲ្យយើងវិនិច្ឆ័យព្រះគម្ពីរជាជាងរៀនសូត្រពីព្រះគម្ពីរ។ ពេលណាយើងវិនិច្ឆ័យព្រះបន្ទូលព្រះ ការបន្ថែមបន្ថយសេចក្តីពិត ដែលយើងគិតថា ជារឿងតូចតាចមិនសំខាន់នឹងក្លាយជាទៅដំបែរ ដែលរីករាលដាលពេញនំប៉័ងនៃជំនឿរបស់យើង។
ព្រះយេស៊ូវបានជំរុញយើងឲ្យបន្ទាបខ្លួនទទួលស្គាល់ព្រះអង្គជានរណា ដើម្បីអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះយើងឲ្យរួចពីបាប និងគ្រប់គ្រងជីវិតយើងទាំងមូល។ ព្រះអង្គបានក្រើនរំឭកយើងដោយព្រះទ័យអត់ធ្មត់ម្តងហើយម្តងទៀតឲ្យយើងចាំថា ព្រះអង្គជានរណា។ ការជំរុញរបស់ព្រះអង្គមានលក្ខណៈជាបទទំនាយ និងប្រៀបដូចជាការប្រៀនប្រដៅរបស់ឪពុកម្តាយ ដែលនិយាយត្រង់ៗដោយក្តីស្រឡាញ់។
យើងត្រូវការជំនួយពីព្រះគ្រីស្ទ ដើម្បីជម្នះផលវិបាករបស់ដំបែរនៃសេចក្តីអំនួត។ យើងត្រូវការឲ្យព្រះអង្គជួយយើង ដើម្បីឲ្យយើងអាចយល់អំពីកិច្ចការដែលព្រះគ្រីស្ទបានធ្វើក្នុងជីវិតយើង។ ហេតុនេះហើយ មនុស្សអាចអានព្រះគម្ពីរ តែមើលមិនឃើញអ្វីសោះ អាចស្តាប់ឮដំណឹងល្អ តែមិនឮអ្វីសោះ។ ទាល់តែភ្នែក និងត្រចៀកនៃការយល់ដឹងបានបើកឡើង ទើបយើងអាចជៀសវាងដំបែរនៃអំនួតបាន។ តែជារៀងរាល់ថ្ងៃ ព្រះវិញ្ញាណរបស់ព្រះ បង្ហាញឲ្យយើងឃើញសេចក្តីល្អរបស់ព្រះយេស៊ូវ និងក្រើនរំឭកយើងថា យើងត្រូវការព្រះអង្គខ្លាំងប៉ុណ្ណា ទើបចិត្ត និងគំនិតយើងអាចច្រៀងថា៖
ខ្ញុំមិនដឹងយ៉ាងណាព្រះវិញ្ញាណ បានឲ្យស្គាល់បាបខ្លួនផង
រួចឲ្យឃើញព្រះយេស៊ូវជាស្ពាន ឲ្យបានជានឹងព្រះអង្គ
តែខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា។143
ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណ គឺជាថ្នាំបន្សាបសម្រាប់ដំបែររបស់ពួកផារិស៊ី និងស្ដេច ហេរ៉ូឌ។ ចូរកុំមានអំនួតពេក ដោយសន្និដ្ឋានថា អ្នកមិនត្រូវការព្រះអង្គឡើយ។ ចូរអធិស្ឋានសូមព្រះអង្គបង្ហាញអ្នកឲ្យស្គាល់ព្រះយេស៊ូវជាថ្មី ក្នុងព្រះបន្ទូលព្រះអង្គ នៅថ្ងៃនេះ ដើម្បីឲ្យអ្នកអាចថ្វាយបង្គំព្រះអង្គសង្គ្រោះ និងក្សត្ររបស់អ្នក ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតអ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៨:៩-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាការី ៥-៨ និងលូកា ២៣:១-២៥