
ព្រះនៃសេចក្តីសង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 1, 2026
«សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ នឹងសេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានសេចក្ដីសង្ឃឹមជាបរិបូរ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ» (រ៉ូម ១៥:១៣)។
សព្វថ្ងៃនេះ យើងស្ថិតនៅក្នុងយុគសម័យមួយ ក្នុងប្រវត្តិសាស្ត្រ ដែលយើងងាយនឹងចោទសួរ អំពីក្តីសង្ឃឹមក្នុងហានិភ័យនៃលោកិយ។ ការសិក្សាខ្លីៗអំពីប្រវត្តិសាស្ត្រនៅសតវត្សរ៍មុនៗ ក៏អាចក្រើនរំឭកយើងផងដែរថា យើងមិនមែនកំពុងរស់នៅក្នុងសម័យដែលអាក្រក់ ឬខ្មៅងងឹតបំផុត ដែលមនុស្សជាតិធ្លាប់បានឆ្លងកាត់នោះទេ ប៉ុន្តែ ដោយសារការយល់ដឹងមានកំណត់ យើងងាយនឹងមានការភ័យព្រួយ និងបែកអារម្មណ៍ ឬថប់បារម្ភ។ យកល្អ យើងគួរតែអានការបង្រៀនរបស់សាវ័កប៉ុល ដែលជាការអធិស្ឋានដោយប្រយោល សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង ដែលសូមឲ្យព្រះនៃការស៊ូទ្រាំ ប្រទានយើងនូវការលើកទឹកចិត្ត ក្នុងពេលដែលមានការភ័យខ្លាច និងការសង្ស័យ ដោយបំពេញយើងនូវក្តីអំណរ និងសន្តិភាព។
កណ្ឌគម្ពីររ៉ូម បានផ្តល់ឲ្យនូវការបង្រៀនទេវសាស្រ្តស៊ីជម្រៅបំផុត ដែលសាវ័កប៉ុលបាននិពន្ធឡើង សម្រាប់ពួកជំនុំចម្រុះមួយ ក្នុងទីក្រុងរ៉ូម ដែលមានជនជាតិយូដា និងសាសន៍ដទៃ បុរស និងស្រ្តី អ្នកមាន និងអ្នកក្រ ដែលមានកំរិតនៃភាពពេញវ័យខាងវិញ្ញាណខុសៗគ្នា។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសំបុត្រដ៏រុងរឿងនេះ គាត់ចង់អំពាវនាវពួកគេ ឲ្យរស់នៅដោយទុកចិត្តព្រះ ក្នុងនាមជាមនុស្សដែលមានក្តីសង្ឃឹមដ៏ស្ថិតស្ថេរ ខុសពីលោកិយ។ យើងរកឃើញក្តីសង្ឃឹមដូចនេះ ដោយគ្រាន់តែស្គាល់ព្រះរបស់យើង។ ព្រះអង្គគឺជាព្រះនៃសេចក្តីសង្ឃឹម ដោយមានហេតុផលពីរយ៉ាង។
ទីមួយ ព្រះទ្រង់គឺជាអ្នកបង្កើតឲ្យមានក្តីសង្ឃឹមនៅក្នុងចិត្តយើង។ ព្រះបន្ទូលរបស់ព្រះអង្គ «បានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា»(រ៉ូម ១៥:៤) ដើម្បីឲ្យយើងអាចគិត និងរៀនសូត្រអំពីភាពស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ក្តីសង្ឃឹម ការស៊ូទ្រាំ ការលើកទឹកចិត្ត និងសន្តិភាពក្នុងចិត្ត មិនមែនជាអ្វីដែលយើងអាចដើរប្រមូលពីខាងក្រៅមក ដោយខ្លួនឯងបានទេ តែបានកើតមានឡើងពីខាងក្នុងចិត្តយើងមក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងចិត្តយើង។
ទីពីរ ព្រះអង្គគឺជាកម្មវត្ថុនៃក្តីសង្ឃឹមរបស់យើង។ ហោរាយេរេមា បានប្រកាសនៅក្នុងកាលៈទេសៈដែលគួរឲ្យភ័យខ្លាចរបស់គាត់ថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់»(បរិទេវ ៣:២៤)។ អ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើងក៏យល់ស្របដូចនេះផងដែរ នៅពេលដែលគាត់បាននិពន្ធទំនុកដំកើងនោះឡើង ជាការឆ្លើយតប ចំពោះកាលៈទេសៈដែលធ្វើឲ្យគាត់បាក់ទឹកចិត្ត យ៉ាងដូចនេះថា «ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ»(ទំនុកដំកើង ៧៣:២៦)។ អាចនិយាយម្យ៉ាងទៀតថា ទោះទុក្ខលំបាកបានបន្តមានក្នុងជីវិតយើងយូរប៉ុណ្ណាក៏ដោយ បើយើងមានព្រះគង់នៅជាមួយ នោះទ្រង់ជាព្រះរបស់យើងអស់កល្បជានិច្ច ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់យើងអស់កល្បជានិច្ច។ ដូចនេះ ព្រះដែលយើងជួបក្នុងព្រះគម្ពីរប៊ីប គឺជាព្រះនៃក្តីសង្ឃឹម គឺក្តីសង្ឃឹមដែលមិនមែនតែសម្បកក្រៅ ឬបណ្ដោះអាសន្ននោះឡើយ។ ព្រះអង្គសង្គ្រោះដ៏អស់កល្បនៃយើង មានព្រះជន្មគ្រប់សម័យកាល។
ពេលណាអ្នកជួបរឿងវិបត្តិ អ្នកឆាប់រកឃើញថា អ្នកបានទុកដាក់ក្តីសង្ឃឹមទៅលើអ្វី។ បើអ្នកមានជំនឿទៅលើព្រះបន្ទូលសន្យារបស់ព្រះ នោះក្តីសង្ឃឹមរបស់អ្នកក៏ជាប់នៅ ក្នុងព្រះបន្ទូលសន្យាទាំងនោះ ហើយនឹងមិនមានការខកចិត្តឡើយ។ ក្តីសង្ឃឹមនោះនឹងជាប់នៅ ក្នុងការឆ្លងកាត់ទុក្ខលំបាកទាំងអស់នៃជីវិត។ ទោះមានរឿងអ្វីដែលគួរឲ្យភ័យខ្លាច នៅពីមុខអ្នកក៏ដោយ ក៏អ្នកដឹងច្បាស់ថា ព្រះរបស់អ្នកដែលបានបង្កើតពិភពលោក និងនាំអ្នកចេញពីសេចក្តីស្លាប់ទៅរកជីវិត ហើយរក្សា ព្រមទាំងទ្រទ្រង់អ្នក ដោយព្រះចេស្តារបស់ព្រះអង្គ។
យើងអាចរកឃើញក្តីសង្ឃឹម នៅក្នុងព្រះអង្គតែប៉ុណ្ណោះ។ ហើយមានតែមើលទៅព្រះអង្គទេ ទើបយើងអាចមានពេញដោយអំណរ និងសន្តិភាព នៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃ រហូតអស់កល្បជានិច្ច។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកដំកើង ៤៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១-៣ និង រ៉ូម ១