ព្រឹក

ប្ដេជ្ញាចិត្តធ្វើតិចជាងមុន
ដោយMonica Larose
December 31, 2025
យ៉ូហាន ១៥:៤-១២
ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ។ យ៉ូហាន ១៥:៥
នៅពេលដែលយើងគិតអំពីការប្ដេជ្ញាចិត្ត សម្រាប់ឆ្នាំថ្មី យើងប្រហែលជាគិតឃើញរឿងជាច្រើន ជាក្តីប្រាថ្នាធំដែលយើងកម្រនឹងសម្រេចបាន (ព្រោះ ៨០ភាគរយ នៃការប្ដេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ត្រូវបានគេបោះបង់ចោល នៅពាក់កណ្តាលខែកុម្ភៈ)។ អ្នកស្រីអេមី វីលសិន(Amy Wilson) ដែលជាអ្នកនិពន្ធ បានលើកឡើងថា យកល្អ យើងគួរតែបោះបង់ចោលទាំងស្រុង នូវ “គំនិតដែលគិតថា យើងត្រូវតែកែតម្រង់ខ្លួនឯងឲ្យបានល្អឥតខ្ចោះ ដើម្បីឲ្យយើងមានជីវិតល្អជាងមុន”។ អ្នកស្រីអេមី បានលើកឡើងថា ជាជាងបន្ថែមការប្ដេជ្ញាចិត្ត យើងគួរតែចាត់ទុកឆ្នាំថ្មី ជាឱកាសដើម្បីធ្វើឲ្យបានតិចជាងមុន ពោលគឺ ត្រូវ “ចាប់ផ្តើមនិយាយថា ទេ” ចំពោះ “ការប្ដេជ្ញាចិត្តហួសហេតុ ដែលតម្រូវឲ្យយើងចំណាយពេល និងកម្លាំងច្រើន ដោយទទួលបានលទ្ធផលតិចតួចត្រឡប់មកវិញ”។
ក្នុងលោកិយដែលមានពេញទៅដោយការដាក់សំពាធឲ្យយើងធ្វើកាន់តែច្រើន និងមានអ្វីៗច្រើនជាងមុន យើងងាយនឹងមើលរំលងចង្វាក់នៃជីវិតខុសពីនេះ ដែលព្រះយេស៊ូវបានត្រាស់ហៅសិស្សរបស់ព្រះអង្គឲ្យមាន គឺជីវិតដែលនៅជាប់នឹងព្រះអង្គ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក ១៥ ព្រះយេស៊ូវបានពិពណ៌នាថា ព្រះអង្គគឺជា “ដើមទំពាំងបាយជូរដ៏ពិត”(ខ.១) ហើយពួកសិស្សរបស់ព្រះអង្គគឺជា “ខ្នែង”(ខ.៥)។ ខ្នែងមិនលូតលាស់តាមរយៈការខិតខំលូតលាស់កាន់ខ្លាំងនោះទេ តែតាមរយៈជីវជាតិដែលពួកវាទទួលបានពីដើម។ ដូចនេះ ការលូតលាស់ដែលយើងប្រាថ្នាចង់បាន អាចកើតមាន តែនៅពេលដែលយើងលះបង់ការពឹងផ្អែកលើខ្លួនឯង ហើយងាកមកសម្រាក និងស្វែងរកជីវជាតិក្នុងព្រះគ្រីស្ទវិញ ដ្បិតបើដាច់ពីព្រះអង្គ នោះយើងរាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ(ខ.៥)។
តាមរយៈព្រះយេស៊ូវ យើងមានក្តីសង្ឃឹមថា យើងនឹងមានជីវិតដែលថប់បារម្ភតិចជាងមុន មានសំពាធតិចជាងមុន ហើយសម្រាកកាន់តែច្រើនក្នុងសេចក្តីស្រឡាញ់របស់ព្រះ ហើយអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គហូរទៅកាន់មនុស្សនៅក្បែរយើង(ខ.១២,១៧)។—Monica La Rose
តើព្រះទ្រង់អាចដឹកនាំអ្នកឲ្យនិយាយថា ទេ ទៅកាន់អ្វីខ្លះ នៅថ្ងៃនេះ?
មានផ្នែកណាខ្លះក្នុងជីវិតអ្នក ដែលព្រះទ្រង់អាចអញ្ជើញអ្នកឲ្យមានការលះបង់កាន់តែខ្លាំង?
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គជួយទូលបង្គំ ឲ្យលះបង់ការពឹងផ្អែកលើខ្លួនឯង ដើម្បីឲ្យបានសម្រាកក្នុងព្រះអង្គវិញ។
For further study, read How God Loves Us at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ម៉ាឡាគី ១-៤ និង វិវរណៈ ២២
ល្ងាច

ការថ្លែងអំណរគុណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 31, 2025
មុនពេលឃ្លា «សេចក្តីពិតសម្រាប់ជីវិត» បានក្លាយជាចំណងជើងរបស់សៀវភៅនេះ ដែលសម្រាប់អានព្រះបន្ទូលប្រចាំថ្ងៃ ពាក្យមួយឃ្លានេះ គឺជាឈ្មោះកម្មវិធីបង្រៀនព្រះគម្ពីរប្រចាំថ្ងៃ និងអង្គការគ្រីស្ទបរិស័ទ មានមូលដ្ឋាននៅភាគឦសាននៃរដ្ឋអូហៃយ៉ូ។ បើមិនមែនដោយសារក្រុមការងារនៅអង្គការ «សេចក្តីពិតសម្រាប់ជីវិត» ទេ នោះគម្រោងនេះក៏មិនបានចេញជារូបរាងដែរ។ ខ្ញុំសូមថ្លៃអំណរគុណជាពិសេស ចំពោះអ្នកស្រី អាលីសា ឆែក (Alyssa Scheck) ខុនស្ទិន ប្រែននុន បូរីង (Constance Brannon Boring) ខេតនី (Kate Nees) ខេធី ធូមីណូ (Katie Tumino) និង ម៉ាត ដាមីកូ (Matt Damico) ដែលបានធ្វើជាជំនួយការក្នុងការនិពន្ធសៀវភៅនេះ និងលោក អ័ដាម ម៉ាស៊ល (Adam Marshall) ដែលបានប្រើជំនាញក្នុងដំណើរការនៃការកែសម្រួលទាំងមូល។ ជាចុងក្រោយ ខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណជាពិសេស ដល់លោក បប់ បាត់ (Bob Butts) ដែលបានលើកទឹកចិត្តខ្ញុំឲ្យធ្វើការតែងនិពន្ធដូចនេះ តាំងពីយូរមកហើយ ហើយសព្វថ្ងៃនេះ សៀវភៅនេះក៏បានចេញជារូបរាងមក។ គាត់បានពិនិត្យមើលទំព័រនីមួយៗ ហើយក៏បានផ្តល់ឲ្យនូវមតិយោបល់ដ៏មានប្រយោជន៍ ហើយទន្ទឹមនឹងនោះ គាត់ក៏បានដឹកនាំដំណើរនៃអង្គការសេចក្តីពិតសម្រាប់ជីវិតជារៀងរាល់ថ្ងៃផងដែរ។
ខ្ញុំក៏សូមថ្លែងអំណរគុណ ក្រុមហ៊ុនបោះពុម្ពផ្សាយ The Good Book Company និងជាពិសេសអ្នកកែសម្រួលអត្ថបទរបស់ខ្ញុំ គឺលោក ខាល ឡាហ្វឺតុន (Carl Laferton)។ ខ្ញុំមានអំណរណាស់ ដែលបានធ្វើការជាមួយអ្នកទាំងអស់គ្នា ជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ។