ព្រឹក

សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ
ដោយKaren Huang
December 30, 2025
លោកុប្បត្តិ ៣៩:២០-២៣
ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្ដល់សេចក្ដីសប្បុរសដល់គាត់។ លោកុប្បត្តិ ៣៩:២១
ក្នុងអំឡុងពេលដែលពួកជំនុំរបស់ខ្ញុំធ្វើកម្មវិធីឈោងចាប់ ក្នុងមជ្ឈមណ្ឌលចាស់ជរាមួយកន្លែង មានជនចាស់ជរាម្នាក់បាននិយាយប្រាប់ខ្ញុំ អំពីពេលដែលកូនស្រីគាត់បានបណ្តេញគាត់ចេញពីផ្ទះកាល៣ឆ្នាំមុន ទុកឲ្យគាត់រស់នៅតាមចិញ្ចើមថ្នល់។ ដោយសារគាត់អង្គុយនៅលើរទេះរុញ គាត់មិនអាចទៅតាមកូនស្រីគាត់បានទេ។ នាងបានវិលត្រឡប់ទៅរកឡានរបស់នាងវិញ ដោយមិនងាកបែរក្រោយ ហើយក៏បានបើកឡានចេញទៅបាត់។ មុនពេលនាងបោះបង់គាត់ចោល នាងកុហកគាត់ថា នាងនឹងនាំគាត់ទៅស្នាក់នៅក្នុងសណ្ឋាគារដ៏ស្រស់ស្អាតមួយ។ ថ្ងៃនោះជាថ្ងៃចុងក្រោយ ដែលគាត់បានឃើញនាង។ ក្រុមគ្រួសារជាច្រើនដែលមានក្តីស្រឡាញ់ បានថែរក្សាជនចាស់ជរាបានល្អ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីរឿងដ៏តក់ស្លុតដែលលោកអ៊ែត(Ed)បានជួប។ គាត់នៅតែមានសុបិនអាក្រក់ ឃើញហេតុការណ៍នោះ រហូតមកដល់ពេលសព្វថ្ងៃ។
កាលប៉ុន្មានសតវត្សរ៍មុន មានបុរសវ័យក្មេងម្នាក់បានជួបរឿងដ៏តក់ស្លុតផងដែរ(លោកុប្បត្តិ ៣៧:១២-៣៦)។ បងប្អូនរបស់លោកយ៉ូសែប បានបោះគាត់ចូលទៅក្នុងរណ្តៅ ហើយក៏បានលក់គាត់ឲ្យទៅពួកឈ្មួញ ដែលកំពុងធ្វើដំណើរទៅទឹកដីអេស៊ីព្ទ។ ប៉ុន្តែ “ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប”(៣៩:២)។ ក្នុងទឹកដីសាសន៍ដទៃ គាត់បានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះ ដោយចិត្តក្លាហាន ទាំងនៅក្នុងផ្ទះរបស់ម្ចាស់គាត់(ខ.៧-១០) ក៏ដូចជានៅក្នុងគុក ព្រោះគាត់ដឹងថា ព្រះអម្ចាស់បានបង្ហាញក្តីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់(ខ.២១)។ ទោះគាត់មានបទពិសោធន៍ដ៏តក់ស្លុតកាលពីមុនក៏ដោយ ក៏គាត់នៅតែអាចមានភាពជោគជ័យ ក្នុងការអ្វីដែលគាត់ធ្វើ ព្រោះព្រះទ្រង់បានជួយគាត់(ខ.២៣)។ ទីបំផុត គាត់ក៏បានក្លាយជាអ្នកមានអំណាចជាងគេទី២ បន្ទាប់ពីស្តេចផារ៉ោន ហើយក៏មានគ្រួសារផ្ទាល់ខ្លួន(៤១:៤១-៥២)។ ក្រោយមក គាត់ថែមទាំងបានផ្សះផ្សារជាមួយបងប្អូនរបស់គាត់ទៀតផង(៤៥:១២-១៥)។
មនុស្សអាចធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែ ព្រះអង្គមិនដែលធ្វើឲ្យយើងឈឺចាប់ឡើយ។ ទោះព្រះអង្គអាចជួយយើងឲ្យមានការប្រោសឲ្យជា តាមរបៀបខុសពីពេលដែលព្រះអង្គជួយលោកយ៉ូសែបក៏ដោយ ក៏ព្រះអង្គបានសន្យាថា ព្រះអង្គនឹងប្រទានសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ដល់យើងផងដែរ។ ចូរយើងដើរតាមការដឹកនាំរបស់ព្រះអង្គ ខណៈពេលដែលយើងទុកចិត្តថា ព្រះអង្គនឹងប្រោសចិត្តយើងឲ្យជា។—Karen Huang
តើព្រះអម្ចាស់បានជួយអ្នកជម្នះបទពិសោធន៍ដ៏តក់ស្លុតដូចម្តេចខ្លះ? តើអ្នកអាចទុកចិត្តថា ព្រះអង្គនឹងថែរក្សាអ្នកយ៉ាងណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានប្រោសទូលបង្គំឲ្យជា។
Visit GO.ODB.org/123025 to listen to how forgiveness can heal the wounds of the heart.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១៣-១៤ និង វិវរណៈ ២១
ល្ងាច

ធ្វើឲ្យអ្វីៗគ្រប់យ៉ាងថ្មីឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 30, 2025
«ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ» (វិវរណៈ ២១:៣-៤)។
មនុស្សពិបាកយល់អំពីការបង្រៀនទាំងមូលទាក់ទងនឹងផ្ទៃមេឃ និងផែនដីថ្មីណាស់។ តែយើងអាចនិយាយដោយទំនុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងយកអ្វីដែលមានស្រាប់ ហើយកែប្រែវា ហើយព្រះអង្គបានប្ដេជ្ញាថា គ្មាននរណា ឬអ្វីមួយអាចបំផ្លាញនគរដ៏ល្អឥតខ្ចោះរបស់ទ្រង់បានទេ។ យើងអាចនិយាយដោយការដឹងច្បាស់ដូចនេះ ព្រោះព្រះអង្គជាព្រះមានព្រះចេស្ដា ក្នុងការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចដែលព្រះអង្គបានបង្ហាញដោយសិរីល្អខ្ពស់បំផុត នៅលើឈើឆ្កាង និងផ្នូរដែលនៅទទេ។ សព្វថ្ងៃនេះ នៅពីក្រោយប្រវត្តិសាស្ត្រ ព្រះទ្រង់កំពុងតែត្រៀមបង្ហាញនគរព្រះអង្គឲ្យគេបានស្គាល់យ៉ាងពេញលេញ ហើយតាមពិត ព្រះអង្គបានត្រៀមទុកតាំងពីអស់កល្បជានិច្ច។ នៅពេលដែលព្រះគ្រីស្ទយាងមកវិញ ព្រះអង្គនឹងឲ្យនគរថ្មីមួយនេះបង្ហាញខ្លួនឡើង ជាផ្ទៃមេឃ និងផែនដីថ្មី ដែលមានសេចក្តីសុចរិតពេញលេញ។
នៅពេលដែលនគរដ៏ល្អឥតខ្ចោះរបស់ព្រះអង្គបានតាំងឡើង នៅទីបញ្ចប់ ព្រះទ្រង់នឹងបានជំនុំជម្រះបាប ដោយយុត្តិធម៌ ហើយព្រះអង្គនឹងបំផ្លាញសេចក្តីអាក្រក់។ សេចក្តីស្លាប់ ការសោកសង្រេង ការទួញយំ ឬការឈឺចាប់នឹងលែងមានទៀត។ បញ្ហាទាំងអស់នេះ គ្រាន់តែជា «រឿងកាលពីមុន» ដែលនឹង «កន្លងផុតទៅ»។ នៅពេលដែលព្រះទ្រង់ធ្វើឲ្យនគរទ្រង់ចេញជារូបរាង នៅពេលដែលផែនការដ៏ឥតខ្ចោះរបស់ព្រះអង្គបានសម្រេច គ្មាននរណាម្នាក់ ឬអ្វីមួយអាចធ្វើឲ្យខូចនគររបស់ទ្រង់បានទេ។
ពាក្យ «ថ្មី» ដែលគេប្រើដើម្បីពណ៌នាអំពីផ្ទៃមេឃ និងផែនដីថ្មី ក្នុងបទគម្ពីរវិវរណៈមិនបានពណ៌នាអំពីពេលវេលា ឬដើមកំណើតនោះទេ តែពណ៌នាអំពីប្រភេទ និងគុណភាព។ អាចនិយាយម្យ៉ាងទៀតថា ព្រះទ្រង់នឹងកែប្រែស្នាព្រះហស្តរបស់ទ្រង់ ដើម្បីឲ្យវាឆ្លុះបញ្ចាំងអំពីសិរីល្អ និងភាពធំប្រសើរដែលព្រះអង្គសព្វព្រះទ័យឲ្យមានតាំងពីដើមមក។ ព្រះទ្រង់នឹងមិនឲ្យសាតាំងមានការពេញចិត្ត នៅពេលវាឃើញព្រះអង្គបំផ្លាញស្នាព្រះហស្តរបស់ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គនឹងប្រើភ្លើងដុតវាឲ្យបរិសុទ្ធ គឺដូចដែលព្រះអង្គធ្លាប់ប្រើទឹកក្នុងសម័យលោក ណូអេ (២ពេត្រុស ៣:៥-៧)។
ដូចនេះ ផែនដីថ្មីនឹងនៅតែជាផែនដី។ វានឹងក្លាយជាទីកន្លែងខាងរូបកាយ ជាទីលំនៅរបស់មនុស្សមានរូបកាយ ប៉ុន្តែ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ» (អេសាយ ១១:៩)។ ហេតុនេះហើយ ស្នាព្រះហស្តទាំងមូលបានទន្ទឹងរង់ចាំ ដោយចិត្តស្រេកឃ្លានរកការរំដោះឲ្យរួចពីចំណងរបស់អំពើបាប និងភាពពុកផុយ (រ៉ូម ៨:១៩-២២)!
ស្នាព្រះហស្តថ្មីនេះ គឺស័ក្តិសមនឹងឲ្យយើងរង់ចាំ។ វាស័ក្តិសមនឹងឲ្យយើងរស់នៅ និងស្លាប់ដើម្បីស្នាព្រះហស្តនោះ។ ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងថ្មីឡើង ទាំងវិញ្ញាណ គំនិត និងរូបកាយរបស់យើង និងថែមទាំងបរិស្ថានដែលយើងកំពុងរស់នៅ។ អ្វីៗដែលធ្វើឲ្យខូចជីវិតនៅលើផែនដីនឹងមិនមានវត្តមាននៅទីនោះទេ ហើយយើងនឹងមានការស្កប់ចិត្ត ចំពោះអ្វីៗដែលយើងសង្ឃឹម និងរំពឹងរង់ចាំ។
ដូចនេះ យើងរង់ចាំដោយចិត្តឆេះឆួល (រ៉ូម ៨:២៣)។ យើងមិនចាំបាច់ត្រូវអស់សង្ឃឹមឡើយ ទោះជីវិតមានភាពងងឹតយ៉ាងណាក៏ដោយ ព្រោះថ្ងៃដែលព្រះទ្រង់នឹងជួតអស់ទាំងទឹកភ្នែកជិតមកដល់ហើយ។ ហើយយើងរង់ចាំថ្ងៃនេះ ដោយចិត្តអត់ធ្មត់ (ខ.២៥)។ អ្នកមិនត្រូវព្យាយាមស្រវាស្រទេញអ្វីៗដែលអ្នកគិតថា អ្នកត្រូវការនោះឡើយ ទោះមានការល្បួងឲ្យយើងចង់បានពួកវាខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះថ្ងៃដែលព្រះទ្រង់នឹងប្រទានក្តីអំណរ និងការស្កប់ចិត្តលើសពីក្តីស្រមៃរបស់អ្នក គឺនៅជិតបង្កើយទេ។ ចូរឲ្យភាពឆេះឆួល និងការអត់ធ្មត់មាននៅក្នុងផ្នត់គំនិតរបស់អ្នកនៅថ្ងៃនេះចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៨:១៨-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាការី ១៣-១៤ និងលូកា ២៤:១-៣៥