
ភាពពិការខាងវិញ្ញាណ
ដោយAlistair Begg
January 9, 2026
«វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ វាមិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ»។ សេផានា ៣:១-២
អ្នកជឿព្រះខ្លះបានដើរទៅរកភាពពិការខាងវិញ្ញាណ ដោយមិនដឹងខ្លួន។ វាមិនមែនជាអ្វីដែលយើងបានជ្រើសរើសទេ។ គ្មាននរណាម្នាក់ចង់សម្រេចចិត្តទទួលយកភាពជាប់គាំង និងភាពពិការនោះឡើយ។ ប៉ុន្តែ មានផ្លូវមួយឆ្ពោះទៅរកគ្រោះមហន្តរាយ។ តើមានអ្វីអាចបណ្តាលឲ្យមានភាពពិការ និងអន្តរាយយ៉ាងដូចនេះ ដល់វិញ្ញាណមនុស្ស?
ភាពពិការដ៏ហិនហោចដូចនេះ ច្រើនតែបណ្តាលមកពីការស្តាប់ឮព្រះសូរសៀងព្រះ ក្នុងព្រះគម្ពីរប៊ីប ហើយមិនបានស្តាប់បង្គាប់ព្រះអង្គ។ គឺមិនខុសពីការមើលឃើញព្រះភក្ត្រព្រះអង្គ តាមរយៈព្រះគម្ពីរប៊ីប តែសម្រេចចិត្តមិនអើពើចំពោះព្រះអង្គ។ ទង្វើនេះគឺជាការប្រឈមមុខដាក់សេចក្តីពិតមកពីព្រះអាទិកររបស់អ្នក ហើយអះអាងថា អ្នកចេះជាងព្រះអង្គ ក្នុងនាមអ្នកជាស្នាព្រះហស្តរបស់ព្រះអង្គ។
នៅសម័យហោរាសេផានា ព្រះវិញ្ញាណរបស់ព្រះបានកែតម្រង់រាស្រ្តរបស់ព្រះ ដោយប្រើពាក្យ «វេទនាហើយ» ជាការព្រមាន អំពីការរស់នៅជាឈ្លើយសឹក និងជាប់ច្រវាក់។ «ទីក្រុងដែលទទួលរងការកៀបសង្កត់» គឺជាទីក្រុងយេរូសាឡិម គឺជាទីក្រុងនៃរាស្រ្តរបស់ព្រះ។ រឿងដែលអាចកើតឡើងចំពោះទីក្រុងយេរូសាឡិម ក្នុងន័យខាងសាច់ឈាម ក៏នឹងកើតឡើងចំពោះយើង ក្នុងន័យខាងវិញ្ញាណផងដែរ បើសិនជាយើងបដិសេធន៍មិនព្រមស្តាប់ព្រះសូរសៀងរបស់ព្រះ ហើយមិនទទួលយកការកែតម្រង់ពីព្រះអង្គ។ ព្រះពរ ជីវិត និងកម្លាំង មិនអាចកើតមាន នៅកន្លែងដែលគេមិនអើពើ ឬមិនស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គឡើយ។
ដូចនេះ ចូរយើងសួរខ្លួនឯងនូវសំណួរពិបាកៗ ជាជាងសន្និដ្ឋានថា ការព្រមានទាំងអស់នេះ សម្រាប់តែអ្នកដទៃ។ នេះជាទង្វើដ៏ឆ្លាតវៃ។ តើព្រះទ្រង់បានមានបន្ទូលមកកាន់អ្នក អំពីទម្លាប់នៃការប្រព្រឹត្តបាប ក្នុងជីវិតអ្នក ដែលអ្នកបានសម្រេចចិត្តថា នឹងប្រកាន់ខ្ជាប់តាមដោយមិនលែងឬទេ? តើព្រះអង្គបានមានបន្ទូលមកកាន់អ្នក អំពីការមានទម្លាប់ដ៏បរិសុទ្ធ ដែលអ្នកគួរតែមាន ហើយតើអ្នកដឹងថា អ្នកគួរតែបង្កើតទម្លាប់នោះ តែអ្នកមិនដែលបានបង្កើតឬ? តើព្រះអង្គបានមានបន្ទូលមកកាន់អ្នក អំពីការផ្សះផ្សា ដែលចាំបាច់ត្រូវកើតមាន ជាមួយមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារខាងសាច់ឈាម ឬក្នុងគ្រួសារនៃព្រះឬទេ?
សូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គតែងតែទទួលស្វាគមន៍កូនព្រះអង្គ ដោយព្រះហស្តបើកចំហ ពេលណាយើងងាកទៅរកព្រះអង្គ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយវិញ។ ដោយសារព្រះគ្រីស្ទ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។ ពេលណាយើងមានការបន្ទាបខ្លួនដែលល្មមនឹងឲ្យយើងស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយទុកចិត្តព្រះអង្គ យើងនឹងបានអរសប្បាយនឹងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គឡើងវិញ។ តើព្រះវិញ្ញាណបរិសុទ្ធកំពុងបណ្តាលចិត្តអ្នកយ៉ាងណាខ្លះ ខណៈពេលដែលអ្នកអានខគម្ពីរនេះ នៅថ្ងៃនេះ? ថ្ងៃនេះជាថ្ងៃល្អបំផុត សម្រាប់ឲ្យយើង បោះជំហានចេញពីភាពពិការខាងវិញ្ញាណ ហើយស្វែងរកព្រះគុណ ក្នុងព្រះពាហុនៃព្រះអង្គសង្គ្រោះរបស់យើង។
ព្រះគម្ពីរសញ្ជឹងគិត៖ សេផានា ៣:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៣-២៤ និង រ៉ូម ៨:២២-៣៩