
សេចក្តីពិត និងសេចក្តីស្រឡាញ់
ដោយAlistair Begg
January 10, 2026
«អ្នករាល់គ្នាហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណាដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន នឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរហើយក្នុងសិរីល្អរបស់ទ្រង់»។ ១ថែស្សាឡូនិច ២:១០-១២
យើងដឹងច្បាស់ ដោយឥតសង្ស័យថា ការរស់នៅ និងការងាររបស់សាវ័កប៉ុល បាននាំមកនូវការផ្លាស់ប្តូរ ក្នុងពិភពលោក។ ប៉ុន្តែ តើមានអ្វីបណ្តាលចិត្តគាត់ ហើយតាំងគាត់ឲ្យជាប់នៅក្នុងបេសកកម្មនោះ?
សំបុត្រទីមួយ ដែលគាត់បានសរសេរផ្ញើពួកជំនុំ នៅទីក្រុងថែស្សាឡូនីច បានផ្តល់ឲ្យយើងនូវការយល់ដឹងដ៏ប្រសើរ អំពីកត្តាអ្វីខ្លះ ដែលបានបណ្តាលចិត្តគាត់។ គាត់មានការប្ដេជ្ញាចិត្តច្បាស់លាស់ ចំពោះសេចក្តីពិត និងសេចក្តីស្រឡាញ់មកលើសេចក្តីពិតនៃព្រះបន្ទូលព្រះ និងរាស្រ្តរបស់ព្រះអង្គ។ កត្តាទាំងពីរនេះបានគួបផ្សំគ្នា និងបានជំរុញឲ្យការងារគាត់បន្តដំណើរការទៅមុខ។ សាវ័កប៉ុលបានដឹងថា ការប្ដេជ្ញាចិត្តទាំងពីរប្រភេទនេះ មិនអាចមានទម្ងន់ធ្ងន់ជាងគ្នាបានឡើយ ពុំនោះទេ ការខាតបង់ដ៏ធំនឹងកើតមានមិនខាន។ សេចក្តីពិត ដោយគ្មានសេចក្តីស្រឡាញ់នាំឲ្យមានភាពតឹងរឹង ដែលអាចបណ្តាលឲ្យមនុស្សធ្វើការងារបម្រើព្រះ ដើម្បីផលចំណេញផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលគ្មានសេចក្តីពិត មិនមានការចាក់ឫសបានរឹងមាំ ហើយបណ្តាលឲ្យមានការងារបម្រើព្រះ ដែលឃ្លាតចេញឆ្ងាយពីដំណឹងល្អ។
សាវ័កប៉ុលមិនមានចំណាប់អារម្មណ៍ចំពោះឥទ្ធិពល ទ្រព្យសម្បត្តិ ឬប្រជាប្រិយភាពឡើយ។ គាត់គ្រាន់តែចង់ឃើញបងប្អូនរួមជំនឿរបស់គាត់ «ដើរតាមរបៀបដែលសក្តិសមនឹងព្រះអម្ចាស់»។ គាត់ពិតជាចង់ឃើញពួកគេមានភាពពេញវ័យខាងវិញ្ញាណ។ ក្នុងគំនិត និងសំណេររបស់សាវ័កប៉ុល ការដើរដែលសក្តិសមនឹងព្រះ គឺមានន័យថា យើងរស់នៅ ដោយការដឹងថា ព្រះអង្គបានទទួលចិញ្ចឹមយើងក្នុងនគររបស់ព្រះអង្គ ដោយសារព្រះគុណ។ យើងមិនអាចកសាងនគរណាផ្សេងទៀតឡើយ។ យើងមិនត្រូវព្យាយាមបង្កើតអាណាចក្រណាមួយ សម្រាប់ខ្លួនឯង ឬសម្រាប់ពួកជំនុំ ឬក៏សម្រាប់ការងារបម្រើព្រះរបស់យើងទេ ហើយក៏មិនត្រូវផ្ដោតទៅលើភាពជោគជ័យ ឬប្រជាប្រិយភាពដែរ។ យើងត្រូវមានចិត្តដែលចង់មើលឃើញការប្ដេជ្ញាចិត្តចំពោះព្រះគ្រីស្ទ ក្នុងជីវិតរបស់យើង និងបុរសស្ត្រីនៅជុំវិញយើង ជាការប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់តាមសេចក្តីពិត និងការរស់នៅ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាជាងស្មោះស្ម័គ្រចំពោះបុគ្គល ឬស្ថាប័នណាមួយ។
លោក យ៉ូហាន បាទីស្ទ បានធ្វើជាគំរូនៃការបន្ទាបខ្លួន នៅពេលដែលគាត់ប្រកាស អំពីព្រះគ្រីស្ទថា «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»(យ៉ូហាន ៣:៣០)។ គាត់ដឹងថា គាត់គ្រាន់តែជាអ្នកបម្រើព្រះអម្ចាស់ បានទទួលតែអ្វីដែល «បានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ»(ខ.២៧)។ មិត្តសំឡាញ់របស់កូនកំឡោះ ដែលបានជួយរៀបចំពិធីមង្គលការ មិនទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនគាត់ ឬចង់បានកូនក្រមុំធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ តែផ្ទុយទៅវិញ គាត់អរសប្បាយ ពេលដែលបានឃើញកូនកំឡោះអរសប្បាយ។ ដូចគ្នានេះដែរ យើងក៏ត្រូវមានក្តីអំណរដ៏ពោរពេញ ដោយដឹងថា ព្រះគ្រីស្ទកំពុងតាមរក និងសង្គ្រោះកូនក្រមុំរបស់ទ្រង់ ដែលជាពួកជំនុំ ទោះព្រះអង្គប្រើយើង តាមរបៀបដែលគេកត់សំគាល់យើងឬអត់ក៏ដោយ។
នៅពេលដែលអ្នកធ្វើការសម្រេចចិត្ត ឬឆ្លើយតបចំពោះការអន់ថយ ឬក៏យកអសារអ្នកដទៃ ឬមួយធ្វើការបម្រើព្រះ តើអ្នកមានបំណងចិត្តដែលគ្រាន់តែចង់ «ដើរតាមរបៀបដែលសក្តិសមនឹងព្រះអម្ចាស់» ឬទេ? តើអ្នកចង់ធ្វើជាមនុស្សដែលមានសេចក្តីពិត និងសេចក្តីស្រឡាញ់ឬទេ? ស៊ូឲ្យគេនិយាយអំពីអ្នក ដូចដែលគេនិយាយអំពីសាវ័កប៉ុលថា អ្នកស្រឡាញ់សេចក្តីពិតរបស់ព្រះ ហើយអ្នកពិតជាស្រឡាញ់រាស្រ្តរបស់ព្រះ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៤:១-៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៥-២៦ និង រ៉ូម ៩:១-១៥