
បែរកំផ្លៀងម្ខាងទៀត
ដោយAlistair Begg
January 11, 2026
«អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្ដាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត បើអ្នកណាប្ដឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង»។ ម៉ាថាយ ៥:៣៨-៤០
យើងប្រហែលជាបានឮព្រះបន្ទូលព្រះយេស៊ូវ ក្នុងខគម្ពីរនេះជាញឹកញាប់ ប៉ុន្តែ យើងក៏ពិបាកអនុវត្តតាមដែរ ហើយយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ គឺមិនត្រូវកាត់បន្ថយអំណាចនៃការបង្គាប់ក្នុងខគម្ពីរនេះ ដោយប្រញាប់ព្យាយាមបកស្រាយ តាមបំណងចិត្តយើង តាមរាប់ពាន់របៀបនោះឡើយ។ តែយើងក៏ចាំបាច់ត្រូវប្រាកដថា យើងបានយល់អំពីអ្វីដែលព្រះអង្គមានបានបង្គាប់ក្នុងខគម្ពីរនេះ។ ខគម្ពីរនេះមិនបានលើកទឹកចិត្តយើងឲ្យរង់ចាំគេធ្វើអ្វីៗមកលើយើងនោះទេ ទោះអ្នកខ្លះបានជំរុញឲ្យយើងយល់ឃើញដូចនេះក៏ដោយ។ ដូចនេះ តើយើងគួរតែកាត់ស្រាយព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរនេះដូចម្តេចខ្លះ? យើងតែងតែចាំបាច់ត្រូវប្រៀបធៀបខគម្ពីរជាមួយខគម្ពីរ។ ការបង្គាប់ក្នុងបទគម្ពីរនេះ គឺសម្រាប់តែទំនាក់ទំនងរវាងមនុស្សនិងមនុស្សប៉ុណ្ណោះ គឺមិនបានប្រទានមក ដើម្បីកំណត់តួនាទីរបស់រដ្ឋអំណាច ក្នុងសង្គ្រាម ឬក្នុងការសម្រេចសេចក្តីយុត្តិធម៌នោះឡើយ(រ៉ូម ១៣:១-៧)។ គន្លឹះដើម្បីអនុវត្តតាមបទគម្ពីរនេះ គឺយើងត្រូវញែកឲ្យដាច់រវាងការល្បួងដែលនាំឲ្យយើងសងសឹក និងភារកិច្ចដែលព្រះអង្គប្រទានឲ្យយើងលើកតម្កើងសិរីល្អរបស់ព្រះ និងច្បាប់របស់ទ្រង់។ ព្រះយេស៊ូវមិនសព្វព្រះទ័យឲ្យយើង មិនខ្វល់ពីបញ្ហានៃសេចក្តីពិត សេចក្តីសុចរិត ឬយុត្តិធម៌នោះទេ។ ប៉ុន្តែ ព្រះអង្គមិនសព្វព្រះទ័យឲ្យយើងទទួលការជំរុញ ពីបំណងចិត្តដែលចង់ការពារសិទ្ធិខ្លួនឯង ឬចង់សងសឹកនោះឡើយ។
ស្តេចដាវីឌទ្រង់ជ្រាបអំពីភាពខុសគ្នានេះ នៅពេលដែលទ្រង់ទូលសូមព្រះអម្ចាស់ដាក់ទោសមកលើមនុស្សអាក្រក់ (ឧទាហរណ៍ ទំនុកដំកើង ៥:១០)។ ទ្រង់មិនបានព្យាយាមស្វែងរកឱកាសសងសឹកមកលើគេឡើយ។ ផ្ទុយទៅវិញ ទ្រង់កំពុងមើលទៅសិរីល្អ និងភាពអស្ចារ្យរបស់ព្រះអម្ចាស់ និងមើលទៅការបះបោរនៅក្នុងវប្បធម៌ ហើយទ្រង់ទូលសូម ឲ្យព្រះអម្ចាស់ដោះស្រាយបញ្ហាទាំងនោះ ដើម្បីសិរីល្អ និងព្រះកិត្តិនាមរបស់ព្រះអង្គ។
ស្រដៀងគ្នានេះដែរ ទោះសាវ័កប៉ុលបានបង្រៀនយើងថា យើងមិនត្រូវសងសឹកក៏ដោយ(រ៉ូម ១២:១៩) ក៏គាត់បានទទួលស្គាល់ថា យើងត្រូវញែកឲ្យដាច់រវាងការសងសឹក និងបញ្ហានៃផ្លូវច្បាប់។ កាលនៅទីក្រុងភីលីព គាត់ និងលោក ស៊ីឡាស ត្រូវគេចោទប្រកាន់ថា បានប្រព្រឹត្តខុសច្បាប់ ហើយត្រូវគេអូសចូលគុក។ បទគម្ពីរ កិច្ចការ ជំពូក១៦ ក៏បានចែងផងដែរថា នៅពេលដែលពួកមេភូឃុំចង់ដោះលែងពួកគេស្ងាត់ៗ សាវ័កប៉ុលក៏បានប្រាប់គេថា «ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្ដាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផងដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ»(កិច្ចការ ១៦:៣៧-៣៨)។ ពួកគេមានការភ័យខ្លាច ព្រោះពួកគេដឹងថា ការអ្វីដែលពួកគេបានធ្វើជាទង្វើខុសច្បាប់។ ប៉ុន្តែ សាវ័កប៉ុលមិនបានសងសឹកឡើយ។ ផ្ទុយទៅវិញ គាត់បានធ្វើតាមច្បាប់វិញ។
ការនឹកចាំ អំពីភាពខុសគ្នារវាងការសងសឹក និងការធ្វើតាមផ្លូវច្បាប់ មានប្រយោជន៍ចំពោះយើង។ យើងត្រូវការការបន្ទាបខ្លួន ក្នុងការទុកចិត្តថា ព្រះទ្រង់នឹងប្រទានយុត្តិធម៌ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ហើយត្រូវការសេចក្តីក្លាហាន ក្នុងការលើកកម្ពស់សេចក្តីសុចរិត និងសិរីល្អនៃព្រះនាមទ្រង់ ព្រមទាំងភាពត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែ អ្វីដែលយើងត្រូវធ្វើនោះ គឺយើងត្រូវតែស្វែងឱកាសឲ្យពរដល់អ្នកដែលធ្វើខុសមកលើយើង ហើយចែករំលែកជាមួយអ្នកដែលយកអ្វីមួយពីយើង ហើយនៅតែស្វែងរកយុត្តិធម៌តាមច្បាប់ បើសិនជាចាំបាច់។ តើអ្នកអាចអនុវត្តដូចនេះ យ៉ាងណាខ្លះ ក្នុងការរស់នៅ?
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១២:១៣-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៧-២៨ និង រ៉ូម ៩:១៦-៣៣