
អំណាច ក្នុងភាពកម្សោយ
ដោយAlistair Begg
January 22, 2026
«បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ។ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ។ តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកម្សោយ»។ ២កូរិនថូស ១២:៧-៩
ការលំបាក ការខកចិត្ត បរាជ័យ និងភាពកម្សោយ សុទ្ធតែជាអ្វីដែលយើងមិនអាចជៀសរួចក្នុងជីវិត។ ប៉ុន្តែ តើអ្នកធ្លាប់គិតដែរឬទេថា បញ្ហាទាំងអស់នេះអាចមានប្រយោជន៍ ដល់ការងារបម្រើព្រះគ្រីស្ទ? យើងច្រើនតែនិយាយ ឬគិតថា «ព្រះអង្គអាចប្រើខ្ញុំបានច្រើនជាង ឬល្អជាងនេះ បើសិនជាខ្ញុំមិនមានបញ្ហាទាំងអស់នេះ ឬកាលៈទេសៈរបស់ខ្ញុំមានភាពខុសប្លែកពីនេះ ឬមួយខ្ញុំមានសុខភាព ឬកាយសម្បទាល្អជាងនេះ»។ យើងប្រហែលជាប្រាថ្នា ឲ្យខ្លួនឯងអាចធ្វើជាមនុស្សម្នាក់ ខុសពីខ្លួនយើងក្នុងពេលសព្វថ្ងៃ ជាជាងជឿព្រះគម្ពីរដែលបានចែងថា ព្រះទ្រង់បានបង្កើតយើងឲ្យចេញជារូបរាងឡើយ ក្នុងផ្ទៃម្តាយរបស់យើង ដោយមានគោលបំណង និងភាពល្អិតល្អន់ ហើយមើលការខុសត្រូវមកលើយើងជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលនោះមក(ទំនុកដំកើង ១៣៩:១៣) ដោយបង្កើត និងសូនយើងម្នាក់ៗ ឲ្យមានលក្ខណៈជាបុគ្គលពិសេសរៀងៗខ្លួន។
ពេលណាយើងមានការសង្ស័យថា យើងជាមនុស្សគ្មានតម្លៃ សាតាំងក៏បានប្រញាប់លើកទឹកចិត្តយើងឲ្យចោទសួរថា តើយើងអាចទុកចិត្តលើចារិតលក្ខណៈ និងព្រះបន្ទូលសន្យារបស់ព្រះបានដែរឬទេ? ផ្ទុយទៅវិញ សាវ័កប៉ុលបានហៅភាពកម្សោយ ដែលជាបន្លាក្នុងសាច់នោះថា ទេវតារបស់អារក្សសាតាំង។ ហេតុអ្វី? ព្រោះសាតាំងធ្លាប់បានប្រើវា ដើម្បីធ្វើឲ្យសាវ័កប៉ុលមានការសង្ស័យថា «ប៉ុល ហេតុអ្វីឯងវេទនាយ៉ាងនេះ? ហេតុអ្វីពេត្រុសមិនមានបន្លានេះក្នុងសាច់គាត់? បើអ្នកមិនមានវាទេ តើការងាររបស់អ្នកនឹងមិនមានប្រសិទ្ធិភាពជាងមុនទេឬ? តើព្រះមិនចម្លងអ្នកឲ្យរួចផុតពីបន្លានេះទេឬ?» ប៉ុន្តែ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជ្រាបច្បាស់អំពីរឿងនេះ ហើយទ្រង់កំពុងគូររូប នៅលើផ្ទាំងគំនូរដែលធំយ៉ាងខ្លាំង ខណៈពេលដែលអ្នកមើលឃើញផ្ទាំងគំនូរនោះ តែមួយផ្នែកតូចប៉ុណ្ណោះ។ គោលបំណងរបស់ព្រះអង្គ មិនមែនដើម្បីឲ្យការធ្វើដំណើររបស់អ្នក ឆ្លងកាត់ជីវិតនៅលើផែនដី មានភាពសប្បាយរីករាយ ឬដើម្បីឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតឡើយ។ ព្រះអង្គមានគោលបំណងធំជាងនេះឆ្ងាយណាស់ គឺដើម្បីឲ្យយើងត្រឡប់ដូចជារូបអង្គនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រា។
លោកគ្រូចនន បឺរិជ(John Berridge) ជាគ្រូអធិប្បាយនៅសតវត្សរ៍ទី១៨ បានសង្កេតឃើញថា «គ្រីស្ទបរិស័ទមិនដែលលង់លក់ក្នុងភ្លើង ឬក្នុងទឹកឡើយ តែពួកគេស្ទើរលក់ស្ទើរភ្ញាក់ នៅក្នុងភាពសុខស្រួលក្រោមពន្លឺថ្ងៃ»។9 យើងសប្បាយភ្លេចខ្លួន ហើយចាប់ផ្តើមពឹងផ្អែកលើខ្លួនឯង នៅពេលដែលជីវិតមានភាពរលូន ហើយទុកចិត្តថា យើងមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការឲ្យព្រះអង្គជួយយើង។ ហេតុនេះហើយ ព្រះអង្គក៏បានប្រទានបន្លាក្នុងសាច់យើង ដោយព្រះគុណទ្រង់ ដើម្បីដាស់យើងឲ្យភ្ញាក់ខ្លួន។
ព្រះទ្រង់មិនបានកែប្រែការឈឺចាប់របស់សាវ័កប៉ុលឡើយ នៅពេលដែលព្រះអង្គប្រាប់សាវ័កប៉ុលថា «គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកម្សោយ»។ ទ្រង់បានផ្លាស់ប្តូរទស្សនៈរបស់គាត់។ សាវ័កប៉ុលអាចឈប់ផ្ដោតទៅលើភាពកម្សោយរបស់គាត់ ហើយចាប់ផ្តើមឲ្យតម្លៃមកលើកម្លាំងរបស់ព្រះគ្រីស្ទ ជាអំណោយតាមរយៈទុក្ខលំបាកនោះ។ ភ្លាមៗនោះ បន្លាក៏បានក្លាយជាផ្កាកុលាប គឺជាការអ្វីដែលព្រះទ្រង់ប្រទានដោយការប្រោសលោះ ជាជាងប្រទានតែទុក្ខលំបាក។ ចំពោះទុក្ខលំបាកដែលសាតាំងបានបង្កដោយកិច្ចកល្ប ព្រះអង្គបានប្រើវាជាប្រយោជន៍ដល់យើង បណ្តាលចិត្តយើងឲ្យងាកបែរទៅរកព្រះគ្រីស្ទ ដោយការពឹងផ្អែកទៅលើព្រះបន្ទូលសន្យា ដូចកូនក្មេង និងការអធិស្ឋាន។ បញ្ហាដែលយើងចង់រត់គេចេញ ឬលាក់ខ្លួនឲ្យរួចផុតពីវា ឬក៏បិទបាំងវា គឺជាបញ្ហាដែលអាចបើកទ្វារភ្លាមៗ ឲ្យយើងចូលទៅរកការងារបម្រើព្រះ ដែលយើងមិននឹកស្មានដល់។ តើអ្នកធ្លាប់គិតអំពីសេចក្តីពិតនេះទេ? តើអ្នកធ្លាប់ពិចារណាថា ភាពខ្វះចន្លោះ ការខកចិត្ត និងភាពកម្សោយរបស់អ្នក អាចជាទ្រព្យសម្បត្តិដ៏ពិត មិនមែនជាឧបសគ្គរារាំងការងាររបស់អ្នកមិនឲ្យមានប្រសិទ្ធភាពទេ ព្រោះបញ្ហាទាំងអស់នេះបានលើកទឹកចិត្តអ្នកឲ្យពឹងផ្អែកលើកម្លាំងរបស់ព្រះអង្គ? ចូរកុំមើលឃើញភាពកម្សោយរបស់អ្នក ជាឧបសគ្គដល់ការបម្រើព្រះឡើយ តែត្រូវមើលឃើញវាជាឱកាស ដើម្បីបម្រើព្រះអង្គវិញ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៤:៧-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣-៤ និង ម៉ាកុស ១:២៣-៤៥