
បានលាក់ នៅក្នុងព្រះគ្រីស្ទ
ដោយAlistair Begg
January 24, 2026
«ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ»។ កូល៉ុស ៣:៣
ការចោទប្រកាន់ ស្ថិតក្នុងចំណោមកិច្ចកលធំបំផុត ដែលអារក្សប្រើ ដើម្បីវាយប្រហារមកលើអ្នកជឿ(វិវរណៈ ១២:១០)។ ក្នុងនាមជាឪពុកនៃសេចក្តីកំភូត(យ៉ូហាន ៨:៤៤) វានឹងប្រើអាវុធនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដើម្បីបណ្តាលឲ្យគ្រីស្ទបរិស័ទមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ទោះសេចក្តីពិតបានចែងច្បាស់ថា «នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»(រ៉ូម ៨:១)។
ដូចនេះ តើធ្វើដូចម្តេចឲ្យយើងអាចឈរមាំ ក្នុងព្រះគ្រីស្ទ នៅពេលណាមេចោទប្រកាន់ព្យាយាមល្បួងយើង ឲ្យធ្លាក់ចូលភាពអស់សង្ឃឹម? ពេលណាវាខ្សឹបដាក់ត្រចៀកយើងថា «អ្នកជាគ្រីស្ទាន ហេតុអ្វីអ្នកមានគំនិតយ៉ាងដូចនេះ?» ឬ «ហេតុអ្វីអ្នកធ្វើការអាក្រក់យ៉ាងដូចនេះ?» តើយើងនឹងនិយាយប្រាប់ខ្លួនឯងដូចម្តេចខ្លះ? តើយើងគួរតែចង្អុលបង្ហាញខ្លួនយើងថា សប្តាហ៍មុន យើងបានធ្វើរឿងដែលមានប្រយោជន៍ជាច្រើន ឬថា ការអានព្រះគម្ពីរប៊ីប ឬការចំណាយពេលអធិស្ឋាននៅពេលនោះ គួរតែជាមូលហេតុដែលយើងត្រូវឈប់ប្រកាន់ទោសខ្លួនឯងឬទេ?
ជាការពិតណាស់ ការល្អទាំងអស់ដែលកើតមានក្នុងជីវិតយើង គឺជាភស្តុតាងបញ្ជាក់ថា ព្រះគុណព្រះកំពុងធ្វើការ។ ប៉ុន្តែ ទោះមានការល្អច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យមេចោទប្រកាន់មានការចុះខ្សោយបានឡើយ។ ការឆ្លើយតបល្អបំផុតរបស់យើង គឺត្រូវប្រឈមមុខដាក់អារក្ស ដោយប្រកាសថា ព្រះយេស៊ូវបានផ្ទុកបាបរបស់យើង នៅលើអង្គទ្រង់ ក្នុងការសុគតរបស់ទ្រង់ ហើយទ្រង់ក៏មានជ័យជម្នះ ដោយការមានព្រះជន្មរស់ឡើងវិញ ហើយយើងមានការរួបរួមជាមួយព្រះអង្គ ហើយទទួលបានអត្ថប្រយោជន៍គ្រប់យ៉ាងពីព្រះអង្គ ដោយសារព្រះគុណ និងតាមរយៈសេចក្តីជំនឿ។ យើងពិតជាចង់រស់នៅ តាមរបៀបដែលបង្ហាញជំនឿពិត សកម្ម និងរស់រវើក តែទោះជាយ៉ាងណាក៏ដោយ ការប្រព្រឹត្តរបស់យើង មិនសំខាន់ដូចអត្តសញ្ញាណដែលយើងមានក្នុងព្រះគ្រីស្ទឡើយ។ «ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ»(កូល៉ុស ៣:៣) «ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្ដម»(១:២៧)
ក្នុងចំណុចស្នូលនៃការតយុទ្ធខាងឯសេចក្តីជំនឿនេះ បញ្ហាចម្បងគឺស្ថិតនៅលើដំណឹងល្អ។ យើងត្រូវសួរខ្លួនឯងថា «តើខ្ញុំបានថ្វាយខ្លួនដល់ព្រះគ្រីស្ទហើយឬនៅ? តើខ្ញុំបានទទួលស្គាល់ថា ព្រះអង្គជានរណា ខ្ញុំជានរណា ហេតុអ្វីខ្ញុំត្រូវការព្រះអង្គ? តើក្តីសង្ឃឹមរបស់ខ្ញុំ ពឹងផ្អែកទៅលើការអ្វីដែលព្រះយេស៊ូវ និងការអ្វីដែលព្រះអង្គបានធ្វើសម្រាប់ខ្ញុំ មិនមែននៅលើរបៀប ឬការអ្វីដែលខ្ញុំធ្វើថ្វាយព្រះអង្គមែនទេ?» បើសិនដូច្នោះមែន នោះយើងអាចប្រឈមមុខដាក់ការកុហករបស់អារក្ស ដោយផ្អែកទៅលើដំណឹងល្អ។ ដូចនេះ ពេលណាមេចោទប្រកាន់ធ្វើឲ្យអ្នកសង្ស័យថា អ្នកមិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដ មិនពិតជាបានសង្គ្រោះ អ្នកចាំបាច់ត្រូវពឹងផ្អែកទៅលើកិច្ចការដែលព្រះអម្ចាស់បានធ្វើសម្រេច ដើម្បីអ្នក។ ព្រះយេស៊ូវបានទទួលជ័យជម្នះហើយ។ ដូចនេះ ចូរជ្រកនៅក្នុងព្រះអង្គ ដ្បិតជ័យជម្នះរបស់ព្រះអង្គ ក៏ជាជ័យជម្នះរបស់អ្នក ហើយគ្មានកល្បល្បិចណាមួយរបស់អារក្ស ដែលអាចកែប្រែសេចក្តីពិតដ៏រុងរឿងនេះបានឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ កូល៉ុស ៣:១-៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៧-៩ និង ម៉ាកុស ៣