
ព្រះអង្គនឹងពរអ្នក
ដោយAlistair Begg
January 26, 2026
«កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់អញ»។ អេសាយ ៤១:១០
មានរឿងមួយបានដំណាល អំពីគ្រូគង្វាលម្នាក់ ដែលកំពុងរើបន្ទប់សម្រាប់អានសៀវភៅទៅផ្ទះថ្មីរបស់គាត់ ហេតុនេះហើយ គាត់ត្រូវរើសៀវភៅរាប់រយក្បាល ចេញពីបណ្ណាល័យរបស់គាត់។ ប៉ុន្តែ គាត់មិនបានធ្វើកិច្ចការនេះតែម្នាក់ឯងទេ។ គាត់បាននាំកូនប្រុសអាយុ៤ឆ្នាំរបស់គាត់ទៅជាមួយ ដើម្បីជួយកាន់សម្ភារៈមួយចំនួនឡើងទៅជាន់លើ។ ឪពុកម្នាក់នេះមិនចង់ឲ្យកូនប្រុសតូចល្អិតរបស់គាត់ ធ្វើការហួសកម្លាំងទេ បានជាគាត់ឲ្យវាកាន់ក្រដាសមួយដុំ និងទស្សនាវដី្តបួនប្រាំក្បាល។ ប៉ុន្តែ នៅពេលដែលលោកគ្រូគង្វាលចុះមកជាន់ក្រោមវិញ បន្ទាប់ពីបានតម្រៀបសៀវភៅបានមួយគំនរក្នុងបន្ទប់អានសៀវភៅហើយ គាត់ក៏បានឮកូនប្រុសគាត់ស្រែកយំ នៅលើជណ្តើរខាងលើ។
គាត់ក៏បានប្រញាប់ឡើងទៅរកកូនតូចរបស់គាត់ ដែលកំពុងព្យាយាមលើកសៀវភៅខគម្ពីរយោងមានទំហំធំ ក្រាស់ ហើយធ្ងន់លើសសមត្ថភាពរបស់វា។ បុរសជាឪពុកក៏បានប្រាប់កូនប្រុសគាត់ថា «ប៉ាមិនដែលឲ្យកូនទ្រាំទ្រការលំបាកដូចនេះទេ។ ប៉ាមិនដែលចង់ឲ្យកូនកាន់របស់ធ្ងន់អញ្ចឹង ដោយខ្លួនឯងឡើយ!»។ បន្ទាប់មក គាត់ក៏បានលើកកូនប្រុសគាត់ពរ ជាមួយនឹងបន្ទុកដ៏ធ្ងន់របស់វា ឡើងទៅជាន់លើ។
តើមានពេលប៉ុន្មានដងហើយ ដែលយើងព្យាយាមសែងបន្ទុកលើសទម្ងន់ដែលព្រះអង្គមិនដែលឲ្យយើងសែង ដោយខ្លួនឯង! យើងជាអ្នកជ្រើសរើសឲ្យខ្លួនឯងព្រួយបារម្ភអំពីរឿងនេះ ឬរឿងនោះ នៅពេលដែលព្រះទ្រង់មិនបានឲ្យយើងសែងបន្ទុករបស់យើងតែម្នាក់ឯង។ ព្រះវរបិតានៃយើងសព្វព្រះទ័យឲ្យយើងផ្ទេរការថប់បារម្ភទាំងអស់ដល់ព្រះអង្គ(១ពេត្រុស ៥:៧)។ ព្រះអង្គសព្វព្រះទ័យនឹងទទួលយក ហើយសែងទាំងខ្លួនយើង និងបញ្ហារបស់យើង ទោះតាមរយៈកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះអង្គដោយផ្ទាល់ ឬតាមរយៈរាស្រ្តរបស់ព្រះអង្គ ដែលជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ក៏ដោយ(កាឡាទី ៦:២)។
ចូរយើងស្រមៃអំពីគ្រូគង្វាលដែលបានលើកពរកូនប្រុសគាត់ និងសៀវភៅជាបន្ទុករបស់វា ក្នុងពេលតែមួយ។ ហោរាអេសាយបានធ្វើការពិពណ៌នាអំពីព្រះនៃយើង ដោយប្រើរូបភាពដូចនេះឯង ឲ្យយើងដឹងថា ព្រះអង្គមិនគ្រាន់តែសព្វព្រះទ័យនឹងជួយ តែក៏អាចជួយយើង ក្នុងពេលដែលយើងត្រូវការព្រះអង្គជួយយើង។ យើងគ្មានហេតុផលដែលត្រូវព្រួយបារម្ភ ភ័យខ្លាច ឬអស់សង្ឃឹមនោះឡើយ។ ព្រះអង្គបានប្ដេជ្ញាព្រះទ័យថា នឹងចម្រើនកម្លាំង ហើយទ្រទ្រង់យើង។ គឺដូចដែលព្រះអង្គបានសន្យាថា «គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង» (អេសាយ ៤៦:៤)។
តើអ្នកកំពុងសែងបន្ទុកអ្វី នៅថ្ងៃនេះ? អ្នកមានព្រះមួយអង្គ ដែលតែងតែគង់នៅក្បែរ ហើយព្រះចេស្ដារបស់ព្រះអង្គគ្មានដែនកំណត់ឡើយ។ ព្រះអង្គនឹងជួយអ្នក។ ព្រះអង្គនឹងពរអ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវទូលសូមព្រះអង្គជួយអ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៤១:៥-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ១៤-១៦ និង ម៉ាកុស ៤:២១-៤១