
សុចរិតក្នុងការប្រព្រឹត្តិ
ដោយAlistair Begg
March 10, 2026
«ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិត ផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត ។ ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ» ។ អេភេសូរ ៥:៨-១០
ការរាប់ជាសុចរិត គួរតែបណ្តាលចិត្តយើងឲ្យរស់នៅដោយសុចរិត ។
យើងបានសុចរិតដោយសារជំនឿលើព្រះគ្រីស្ទតែប៉ុណ្ណោះ គឺមិនមែនដោយសារអំពើល្អឡើយ ។ យើងមិនត្រូវមើលរំលេងសេចក្តីពិតនេះឡើយ ។ ប៉ុន្តែ យើងក៏ត្រូវដឹងថា សេចក្តីសុចរិតដែលព្រះគ្រីស្ទបានប្រទានយើង បង្ហាញចេញមក នៅក្នុងការប្រព្រឹត្តដែលសុចរិត ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា ក្នុងនាមយើងជាអ្នកជឿ យើងត្រូវតែ «ដើរដូចជាមនុស្សភ្លឺ» ។ តើហេតុអ្វី ? ព្រោះ «ផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត» ។ និយាយឲ្យខ្លី ព្រះអម្ចាស់ធ្វើឲ្យយើងសុចរិត ដូចនេះ យើងត្រូវតែប្រព្រឹត្តដោយសុចរិត ។
យើងមិនអាចធ្វើជាអ្នកទទួលសេចក្តីសុចរិតនៃព្រះគ្រីស្ទ ដោយមិនរស់នៅដោយសុចរិត ធ្វើជាភស្តុតាងបង្ហាញថា យើងបានទទួលសេចក្តីសុចរិតនោះឡើយ ។ លោក ស៊ីនឃ្លែរ ហ្វឺគូសិន (Sinclair Ferguson) បានមានប្រសាសន៍ថា «ឥឡូវនេះ យើងគឺជាអ្នកទទួលការរាប់ជាសុចរិត (ឬសេចក្តីសុចរិត)ក្នុងព្រះគ្រីស្ទ ដែលគ្មាននរណាអាចដកហូតបាន ដែលសេចក្តីសុចរិតនេះនាំទៅរកការលូតលាស់ នៅក្នុងសេចក្តីសុចរិត នៅក្នុងជីវិតយើង»22
ស្រដៀងគ្នានេះដែរ លោក ចន កាន់វីន (John Calvin) បានសរសេរថា «ទោះព្រះរាជបុត្រានៃព្រះល្អឥតខ្ចោះ ក៏ទ្រង់នៅតែទទួលយកភាពទុរយស និងភាពអាម៉ាសនៃបាបយើង ហើយក៏បានគ្របដណ្តប់ពីលើយើងដោយសេចក្តីបរិសុទ្ធរបស់ទ្រង់» ។ 23
ព្រះគ្រីស្ទបានទទួលបាបរបស់យើង ប្រទានយើងនូវភាពគ្រប់លក្ខណ៍របស់ព្រះអង្គ ហើយបន្ទាប់មកប្រទានអំណាចយើង ដោយព្រះវិញ្ញាណទ្រង់ «ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់» (កូល៉ុស ១:១០) ។
ក្រុមគ្រីស្ទបរិស័ទភួរីទិន បានបកស្រាយថា សេចក្តីសុចរិតដែលព្រះអង្គបានប្រទានយើង និងសេចក្តីសុចរិតដែលធ្វើការក្នុងជីវិតយើង ។ ត្រង់ចំណុចនេះ ពួកគេបានព្យាយាមបង្ហាញភាពខុសគ្នារវាងសេចក្តីសុចរិតដែលព្រះគ្រីស្ទប្រទាន និងសេចក្តីសុចរិតសកម្មដែលបង្ហាញចេញមកក្នុងជីវិតយើង ដោយអំណាចនៃព្រះវិញ្ញាណ ។ ក្នុងនាមយើងជាអ្នកជឿ យើងមានសេចក្តីសុចរិតទាំងពីរប្រភេទនេះ ដោយការដឹងគុណ ។ ទោះអ្នកចង់ប្រើពាក្យបច្ចេកទេស ដើម្បីបកស្រាយដូចម្តេចក៏ដោយ ក៏យើងនៅតែត្រូវចងចាំជានិច្ចថា ដំណឹងល្អនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនមែនជាបណ្ណអនុញ្ញាតមិនគិតថ្លៃ សម្រាប់ឲ្យយើងប្រើជាលេស ដើម្បីធ្វើអ្វីតាមចិត្តនោះទេ ។ ទេ ដំណឹងល្អត្រាស់ហៅយើង និងផ្តល់អំណាចឲ្យយើងធ្វើអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យ ។ គន្លឹះគឺស្ថិតនៅត្រង់ថា ដំណឹងល្អតែងតែបង្វែរយើងឲ្យត្រឡប់ទៅរកព្រះយេស៊ូវវិញ ។ ខណៈពេលដែលយើងពឹងផ្អែកលើព្រះគ្រីស្ទ ដើម្បីទទួលបានសេចក្តីសុចរិត ព្រះអង្គនឹងជួយយើងឲ្យអាច «ចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ» ហើយប្រទានកម្លាំងឲ្យយើងរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ (ហេព្រើរ ១២:១-២) ។ ដូចនេះ នៅថ្ងៃនេះ ចូរប្រាកដថា អ្នកមិនទុកចិត្តលើការខំរស់នៅឲ្យបានសុចរិត ដើម្បីឲ្យបានសង្គ្រោះ ឬព្រះពរពីព្រះអម្ចាស់នោះទេ ។ ប៉ុន្តែ ចូរប្រាកដថា អ្នកមិនរស់នៅក្តៅៗមិនក្តៅត្រជាក់មិនត្រជាក់ ក្នុងការដេញតាមការរស់នៅ ដែលសុចរិតនោះឡើយ ។ ព្រះអង្គបានរាប់អ្នកជាសុចរិតហើយ ដូចនេះ ចូរចេញទៅ និងរស់នៅដោយសុចរិត ។
ខគម្ពីរជញ្ជឹងគិត៖ អេភេសូរ ៥:៨-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១៤-១៦ និង ១កូរិនថូស ៦