
នគរព្រះ និងឈើឆ្កាង
ដោយAlistair Begg
March 30, 2026
«នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ» ។ យ៉ូហាន ១៨:៣៦
កាលព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម នៅថ្ងៃអាទិត្យនៃស្លឹកចាក ទ្រង់គឺជាក្សត្រដែលគង់នៅលើសត្វលា ក្សត្រដែលគ្មានវាំង និងគ្មានបល្ល័ង្ក និយាយរួមព្រះអង្គគឺជាក្សត្រដែលគ្មាននគរនៅលើផែនដី ។ គេក៏បានដឹងច្បាស់ថា ព្រះគ្រីស្ទបានយាងមក ក្នុងនាមជាក្សត្រដែលរងទុក្ខ ដូចដែលព្រះគម្ពីរបានថ្លែងទំនាយ គឺមិនមែនក្នុងនាមព្រះអង្គជាក្សត្រមានជ័យជម្នះដែលមនុស្សជាច្រើនចង់បាននោះទេ ។ រឿងនេះបានធ្វើឲ្យមនុស្សជាច្រើនទាស់ចិត្ត ។
មនុស្សជាច្រើនដែលកោតសរសើរព្រះយេស៊ូវ នៅថ្ងៃនោះ ក្នុងទីក្រុងយេរូសាឡិម ក៏បានបោះបង់ចោលព្រះអង្គនៅពេលក្រោយ ។ ពួកគេនិយាយថា ខ្ញុំមិនចង់រងទុក្ខទេ ។ ខ្ញុំគ្រាន់តែចង់បានជ័យជម្នះ ខ្ញុំគ្រាន់តែចង់បានអំណាច ខ្ញុំគ្រាន់តែចង់គ្រប់គ្រង ។ មនុស្សក្នុងពេលបច្ចុប្បន្នក៏មិនខុសពីមនុស្សសម័យនោះឡើយ ។ យើងច្រើនតែមិនអើពើចំពោះការអ្វីដែលយើងមិនចូលចិត្ត ក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ហើយពេញចិត្តចំពោះព្រះអង្គ តែត្រង់ចំណុចដែលព្រះអង្គធ្វើការអស្ចារ្យ ព្រះអង្គដោះស្រាយបញ្ហា ព្រះអង្គបង្រៀនយើងឲ្យជោគជ័យ ឬកែទម្រង់នយោបាយ ។
ប៉ុន្តែ នគរព្រះមានឈើឆ្កាងជាចំណុចកណ្តាល គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា «ដ្បិតខ្ញុំបានផ្ដាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្គាល់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (១កូរិនថូស ២:២) ។ អាចនិយាយម្យ៉ាងទៀតថា យើងមិនដែលយល់អ្វីដែលព្រះយេស៊ូវធ្វើ មិនដែលបានស្គាល់ និងស្រឡាញ់ព្រះអង្គពិតប្រាកដ មិនដែលបានចូលនគរព្រះអង្គ ទាល់តែយើងបានយល់ដឹងថា ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ គឺជាផ្លូវចូលនគរព្រះអង្គ និងជាចំណុចស្នូលនៃនគរព្រះអង្គ ។ គឺជាផ្លូវឲ្យយើងចូលនគរព្រះអង្គ និងជាគំរូសម្រាប់ឲ្យយើងរស់នៅតាម ក្នុងនគរព្រះអង្គ ។
វប្បធម៌មានការផ្លាស់ប្រែអាចកើតមាន មិនមែនដោយសារយើងបានកែប្រែស្ថាប័ន និងគោលនយោបាយ តែដោយសារនគរដែលមានឈើឆ្កាងជាចំណុចស្នូល បានកែប្រែចិត្តមនុស្ស ។ ក្នុងប្រវត្តិសាស្រ្ត មិនដែលមានការផុសផុលដែលបានចាប់ផ្តើមពីសកម្មភាពនយោបាយនោះឡើយ តែជានិច្ចជាកាល ការផុសផុលកើតចេញពីគ្រីស្ទបរិស័ទអធិស្ឋាន បង្រៀនព្រះបន្ទូល ទូលអង្វរ និងរស់នៅតាមការត្រាស់ហៅរបស់ព្រះគ្រីស្ទ ។ លោកិយនឹងមានការផ្លាស់ប្រែទៅបាន ទាល់តែយើងបានផ្លាស់ប្រែខ្លួនឯងជាមុនសិន ។
នគរព្រះគឺជាបុព្វហេតុដែលធំល្មមនឹងឲ្យយើងស្លាប់រស់ដើម្បីព្រះអង្គ ។ តើអ្នកចង់បោះបង់មហិច្ឆតាដ៏តូចរបស់អ្នក ហើយថ្វាយខ្លួនអ្នកដល់ព្រះអង្គដែរឬទេ ? បើដូច្នោះមែន នោះចូរឈប់ប្រើបុព្វហេតុនយោបាយ ធ្វើជាមធ្យោបាយដើម្បីការពារសុខុមាលភាពរបស់ពួកជំនុំ ឬសង្គមរបស់អ្នក ឬធ្វើជាមធ្យោបាយដើម្បីឲ្យមានការផុសផុលកើតឡើងនោះឡើយ ។ ផ្ទុយទៅវិញ ចូលទៅកន្លែងដែលគ្មាននរណាស្គាល់ព្រះយេស៊ូវ ហើយចូរនាំពួកគេស្គាល់ព្រះអង្គ ។ ប្រហែលនៅក្នុងការិយាល័យដែលអ្នកកំពុងធ្វើការ ។ ប្រហែលក្នុងតំបន់ដែលអ្នកកំពុងរស់នៅ ។ ឬប្រហែលនៅក្នុងទីក្រុងដែលមានមនុស្សជាច្រើនមិនទាន់បានជឿព្រះអង្គ ។ អ្នកមិនជឿព្រះអង្គអាចមាននៅគ្រប់ទីកន្លែង ដ្បិតព្រះទ្រង់គង់នៅគ្រប់ទីកន្លែង និងមនុស្សគ្រប់គ្នាត្រូវការព្រះអង្គ ។ ចូរឈប់រស់នៅ តាមការកំណត់របស់ប្រព័ន្ធនៃលោកិយនេះ ហើយដើរតាមក្សត្រ ដែលបានភ្លក់សេចក្តីស្លាប់មុនពេលព្រះអង្គចូលទៅក្នុងសិរីល្អរបស់ទ្រង់វិញ (លូកា ២៤:២៦) ។
អ្នកជឿព្រះមានឯកសិទ្ធិដ៏អស្ចារ្យ និងបញ្ហាប្រឈមដែលពិបាកយ៉ាងខ្លាំង ក្នុងការនាំដំណឹងល្អអំពីនគរព្រះ ចូលទៅក្នុងសង្គមដែលខ្លាចសេចក្តីស្លាប់ និងបានដឹងបន្តិចបន្តួចអំពីជីវិតពិត ។ ការបង្គាប់នេះមិនងាយស្រួលឲ្យយើងធ្វើតាមទេ ហើយការស្តាប់តាមអាចធ្វើឲ្យអ្នកមានការលះបង់យ៉ាងខ្លាំង ក្នុងជីវិតនេះ ។ ប៉ុន្តែ អ្នកដែលបានលះបង់យ៉ាងខ្លាំង សម្រាប់ព្រះយេស៊ូវ មិនមានហេតុផលដែលត្រូវស្តាយក្រោយទេ ទាំងក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ៩:១៨-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ១៩-២០ និង ហេព្រើរ ១