
ភ្ញាក់ឡើង ហើយមានជីវិតរស់
ដោយAlistair Begg
March 31, 2026
«ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ» ។ អេភេសូរ ២:៤-៥
អ្នកខ្លះបានអះអាងថា មនុស្សជាតិមានបញ្ហាគ្រប់យ៉ាង មិនមែនដោយសារយើងមានបាបនោះទេ តែដោយសារយើងមានជំងឺ ។ ពួកគេថា បើសិនជាយើងអាចផ្តល់ឲ្យខ្លួនឯង នូវការថែទាំ ថ្នាំពេទ្យ ឬបច្ចេកវិទ្យាដ៏ត្រឹមត្រូវ ជីវិតយើងនឹងមានការផ្លាស់ប្តូរ ហើយយើងនឹងបានសុខសប្បាយ ព្រោះមនុស្សមានលក្ខណៈល្អ គឺមិនមានបាបពីកំណើតទេ ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមព្រះគម្ពីរប៊ីប មូលហេតុដែលយើងជួបបញ្ហាគ្រប់យ៉ាងក្នុងជីវិត គឺដោយសារមនុស្សជាតិកំពុងរស់ក្នុងសេចក្តីស្លាប់ខាងវិញ្ញាណ ។ មានតែការបកស្រាយនេះទេដែលមានភាពគ្រប់គ្រាន់ និងអាចទទួលយកបាន ។ ដូចនេះ មូលហេតុមិនមែនដោយសារយើងមានជំងឺខាងវិញ្ញាណនោះទេ ប៉ុន្តែ ដោយសារយើងនៅក្រៅព្រះគ្រីស្ទ គឺមានន័យថា យើងបាន «ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប» (អេភេសូរ ២:១) ។
ដូចនេះ តើមនុស្សស្លាប់អាចធ្វើអ្វីបានខ្លះ ដើម្បីជួយឲ្យខ្លួនឯងមានជីវិតឡើងវិញ ? គឺមិនអាចធ្វើអ្វីបានទេ ។
ដូចនេះ តាមន័យត្រង់ យើងមានបញ្ហាធំមួយដែលដោះស្រាយមិនចេញ ទាល់តែមានព្រះមួយអង្គដែលអាចមានបន្ទូលចូលទៅក្នុងសេចក្តីស្លាប់ខាងវិញ្ញាណដែលយើងកំពុងជាប់នៅក្នុងនោះ ហើយប្រោសយើងឲ្យមានជីវិតឡើង ដោយព្រះបន្ទូលទ្រង់ ។ ហើយជាការពិតណាស់ ជំនឿគ្រីស្ទបរិស័ទមានព្រះរាជសារដ៏ប្រសើរបំផុតមួយ ដែលបានប្រកាសថា «ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោក អ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ» (១កូរិនថូស ១៥:២២) ។
វិធីល្អបំផុតដើម្បីឲ្យយើងយល់អំពីសេចក្តីពិតខាងវិញ្ញាណនេះ គឺយើងត្រូវស្វែងយល់រឿងព្រះយេស៊ូវប្រោសលោក ឡាសាឲ្យរស់ឡើងវិញ ។ គ្រប់គ្នាដឹងថាលោក ឡាសាបានស្លាប់ហើយ ។ គេបានបញ្ចុះសពគាត់៤ថ្ងៃហើយ ។ ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅរកផ្នូរគាត់ ហើយមានបន្ទូលទៅកាន់បុរសដែលបានស្លាប់នោះ ដោយព្រះសូរសៀងឮៗថា «ឡាសារអើយ ចូរចេញមក» (យ៉ូហាន ១១:៤៣) ។ លោក ឡាសាក៏បានចេញមក ។
តើលោក ឡាសាបានមានជីវិតរស់ឡើងវិញ ដោយរបៀបណា ? គឺដោយសារព្រះសូរសៀងរបស់ព្រះយេស៊ូវ ដែលមានតែព្រះអង្គទេ ដែលអាចមានបន្ទូល ដើម្បីឲ្យមនុស្សស្លាប់ខាងវិញ្ញាណអាចស្តាប់ឮ ។ ដែលព្រះយេស៊ូវបានប្រោសលោក ឡាសាដែលបានស្លាប់ ឲ្យមានជីវិតឡើងវិញជាយ៉ាងណា នោះព្រះអង្គក៏ប្រទានដង្ហើមជីវិតដល់មនុស្សស្លាប់ខាងវិញ្ញាណផងដែរ ។ យើងគឺជាសាកសពខាងវិញ្ញាណ ដែលមានភាពស្លាប់ និងស្អុយរលួយមិនខុសពីលោក ឡាសា នៅក្នុងផ្នូរឡើយ ។ ប៉ុន្តែ ព្រះទ្រង់សម្រេចព្រះទ័យមានបន្ទូលមកកាន់យើង ហើយដាស់យើងឲ្យភ្ញាក់មានជីវិតឡើង ។ គឺដូចដែលអ្នកនិពន្ធទំនុកសកលបានសរសេរថា:
ព្រះអង្គមានបន្ទូល ហើយមនុស្សស្លាប់ទទួលបានជីវិតថ្មី
នៅពេលបានឮព្រះសូរសៀងព្រះអង្គ
ចិត្តដែលសោកសង្រេង និងប្រេះបែកបានអរសប្បាយ
អ្នកក្រដែលបន្ទាបខ្លួនក៏បានជឿ ។30
យើងមិនត្រូវទុកចិត្តខ្លួនឯងពេក ។ ប្រាជ្ញា និងការប្រឹងប្រែងរបស់យើងមិនអាចជួយឲ្យយើងមានជីវិតខាងវិញ្ញាណទេ ។ យើងមិនមានលទ្ធភាពលើកដំកើងព្រះយេស៊ូវឲ្យបានខ្ពស់ពេកឡើយ ។ ហើយមានតែព្រះអង្គទេគឺជាមូលហេតុដែលយើងមានជីវិត ។ ហើយយើងក៏មិនត្រូវមើលស្រាលការត្រាស់ហៅ ឲ្យចែកចាយដំណឹងល្អដល់មនុស្សនៅជុំវិញយើង ដ្បិតព្រះអង្គបានប្រទានឯកសិទ្ធិពិសេសបំផុត ក្នុងការធ្វើជាឧបករណ៍ដែលព្រះអង្គប្រើ ដើម្បីហៅមនុស្សស្លាប់ខាងវិញ្ញាណ ឲ្យចេញពីផ្នូរខាងវិញ្ញាណ ហើយរកឃើញជីវិតអស់កល្ប សម្រាប់រស់ជាមួយព្រះអង្គ ។ តើព្រះអង្គកំពុងបណ្តាលចិត្តអ្នកឲ្យចែកចាយអំពីព្រះអង្គ ដល់នរណាខ្លះ នៅថ្ងៃនេះ ?
ខគម្ពីរជញ្ជឹងគិត៖ អេសេគាល ៣៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ២១-២៣ និង ហេព្រើរ ២