
សញ្ញាសំគាល់នៃការគោរពប្រតិបត្តិព្រះពិតប្រាកដ
ដោយAlistair Begg
May 10, 2026
«ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ» ។ ១ពេត្រុស ៥:៥
ការគោរពប្រតិបត្តិពិតប្រាកដ មានការលូតលាស់ចេញពីដីនៃការបន្ទាបខ្លួន ។ យើងប្រហែលជាមានអំណោយទានដែលលេចធ្លោ សមត្ថភាពពិសេស និងការលើកទឹកចិត្តដ៏អស្ចារ្យ ចិត្តឆេះឆួលលើសលប់ មានចិត្តឧស្សាហ៍បំផុត ហើយយើងថែមទាំងប្រហែលជាមានជោគជ័យ និងមានប្រយោជន៍ ប៉ុន្តែ អ្វីគ្រប់យ៉ាងដែលយើងមាននេះ មិនមានប្រយោជន៍អ្វីទេ បើសិនជាយើងខ្វះការបន្ទាបខ្លួននោះ ។ ដូចនេះ តើការបន្ទាបខ្លួនគឺជាអ្វី ? ការបន្ទាបខ្លួនពិតប្រាកដបង្ហាញខ្លួនចេញមក នៅក្នុងរបៀបដែលយើងឆាប់ប្រឈមមុខដោះស្រាយបញ្ហានៃអំពើបាបរបស់យើងឆាប់រហ័សប៉ុណ្ណា ដោយចូលទៅរកព្រះជាទៀងទាត់ ដោយចិត្តដែលផ្លាស់ប្រែ និងទទួលស្គាល់ថា យើងត្រូវការជំនួយពីព្រះអង្គជារៀងរាល់ថ្ងៃ និងគ្រប់ស្ថានភាពទាំងអស់ ។ ការបន្ទាប់ខ្លួនពិតប្រាកដកើតចេញពីការដឹងថា យើងត្រូវការព្រះយេស៊ូវ ហើយព្រះចេស្តារបស់ព្រះអង្គដែលកែប្រែជីវិតយើង មិនមែនធ្វើការតែមួយផ្នែក តែធ្វើការទាំងស្រុង ។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលប្រាប់យើងថា «បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន ១៥:៥) ។ ការបន្ទាបខ្លួន គឺជាការទទួលស្គាល់ថា គ្រប់ដង្ហើមដែលយើងដក អ្វីៗទាំងអស់ដែលយើងមាន និងអត្តសញ្ញាណរបស់យើង គឺដោយសារព្រះគុណ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង ។
ការបន្ទាប គឺមានន័យថា យើងបម្រើគេ ជាជាងឲ្យគេបម្រើយើង ។ បានសេចក្តីថា យើងឲ្យ ជាជាងទទួលយក ហើយយើងឆ្លើយតប ចំពោះការដឹកនាំរបស់អ្នកដទៃ ជាជាងទទូចឲ្យគេស្តាប់តាមយើងជានិច្ច ។ ពោលគឺមានន័យថា យើងចុះចូលនឹងការរៀបចំរបស់អ្នកដទៃ ជាជាងតម្រូវឲ្យគេរាល់គ្នាចុះចូលយើង ។
ប៉ុន្តែ អ្នកបម្រើព្រះគ្រីស្ទមានការបន្ទាបខ្លួន មិនគ្រាន់តែនៅពេលដែលពួកគេមិនមានអំនួត ឬបានដឹងថា សមត្ថភាពរបស់ខ្លួនមានកំណត់ប៉ុណ្ណោះទេ ។ ផ្ទុយនឹងការស្រឡាញ់ខ្លួនឯង គឺមិនមែនជាការស្អប់ខ្លួនឯងនោះទេ តែជាការស្រឡាញ់ព្រះ ។ ដំណោះស្រាយសម្រាប់ការអួតបំប៉ោងខ្លួនឯង គឺមិនមែនជាការស្អប់ខ្លួនឯង ឬបដិសេធអំណោយទានដែលព្រះបានប្រទានយើងនោះទេ តែជាការផ្ដោតទៅលើព្រះអម្ចាស់ ដោយទទួលស្គាល់ ដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានលើកឡើងថា ព្រះទ្រង់លើកដំកើងព្រះនាម និងព្រះបន្ទូលទ្រង់ខ្ពស់លើសអ្វីៗទាំងអស់ (ទំនុកដំកើង ១៣៨:២) ។ មនុស្សដែលព្រះទ្រង់នឹងលើកឡើងនៅចុងបញ្ចប់ គឺជាមនុស្សដែលបន្ទាបខ្លួន ជាអ្នកដែលបានទទួលស្គាល់ថា ខ្លួនឯងជានរណា ខ្លួនឯងជាអ្វី ហើយខ្លួនឯងត្រូវការព្រះខ្លាំងប៉ុណ្ណា ។ ព្រះអម្ចាស់បានប្រកាសតាមរយៈហោរាអេសាយថា «អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប» (អេសាយ ៥៧:១៥) ។ បន្ទាបមក ព្រះអង្គមានបន្ទូលទៀតថា «អញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ» (អេសាយ ៦៦:២) ។
ចូរមើលទៅព្រះអម្ចាស់យេស៊ូវគ្រប់ពេលវេលា ហើយព្រះអង្គនឹងទតមើលអ្នក ។ អ្នកមិនបង្កើតខ្លួនឯង ។ អ្នកមិនសង្គ្រោះខ្លួនឯង ។ អ្នកមិនឲ្យអំណោយទានមកខ្លួនឯង ។ អ្នកមានការពឹងផ្អែកទាំងស្រុងទៅលើព្រះគុណព្រះ ។ ចូរមើលទៅព្រះអង្គ ហើយព្រះអង្គនឹងលើកអ្នកឡើង ។ ហើយអ្នកនឹងបានឃើញព្រះអង្គលើកអ្នកឡើង ដោយសេចក្តីស្រឡាញ់របស់ទ្រង់ បន្ទាប់មក អ្នកនឹងត្រៀមជាស្រេចដើម្បីបម្រើរាស្រ្តទ្រង់ ដោយអ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានមកអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ១:៤៦-៥៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣៥-៣៦ និង ម៉ាថាយ ៥:១-២៦