
រង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស
ដោយJohn Piper
July 28, 2023
ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅផងចុះ។ រ៉ូម ១២:១៣ តើយើងនឹងទទួលរង្វាន់អ្វី បើយើងបានទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះ និងដាក់ដង្វាយឲ្យ ដោយស្ម័គ្រពីចិត្ត ហើយបើកទ្វារផ្ទះស្វាគមន៍គ្នាទៅវិញទៅមក និងស្វាគមន៍អ្នកក្រខ្សត់?
- ១) ការរងទុក្ខរបស់ពួកបរិសុទ្ធនឹងមានភាពធូរស្រាល ឬយ៉ាងហោចណាស់ មានការថយចុះ។ នេះជាអត្ថន័យនៃខគម្ពីរនេះ ដែលបានចែងថា “ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ”។ យើងលើកបន្ទុករបស់ពួកគេ។ យើងនាំឲ្យពួកគេបាត់ស្រ្តេស។ យើងនាំឲ្យពួកគេមានក្តីសង្ឃឹមឡើង។ នោះហើយជារង្វាន់!
- ២) យើងបានបង្ហាញឲ្យគេឃើញក្តីសង្ឃឹមរបស់ព្រះ។ “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការដាក់ដង្វាយឲ្យគេ ដោយស្ម័គ្រពីចិត្ត និងបើកទ្វារផ្ទះស្វាគមន៍គេ គឺបានបង្ហាញសិរីល្អ និងសេចក្តីល្អ និងតម្លៃរបស់ព្រះ ក្នុងជីវិតអ្នក។ មូលហេតុដែលព្រះទ្រង់ប្រទានឲ្យយើងមានលុយ និងផ្ទះ គឺដើម្បីឲ្យយើងអាចប្រើ ឲ្យគេមើលឃើញថា ពួកវាមិនមែនជារបស់យើង តែជារបស់ព្រះអង្គ។ តែព្រះអង្គជាព្រះរបស់យើង។ និងជាកំណប់ទ្រព្យរបស់យើង។
- ៣) យើងក៏បានបង្ហាញចេញនូវការអរព្រះគុណព្រះ។ “ការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្តីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះទ្រង់បានប្រទានយើងនូវប្រាក់កាស និងផ្ទះសម្បែង មិនគ្រាន់តែដើម្បីឲ្យយើងអរព្រះគុណព្រះអង្គប៉ុណ្ណោះទេ តែដើម្បីឲ្យយើងបង្ហាញចេញនូវសេចក្តីសប្បុរស និងការស្វាគមន៍ ដែលនាំឲ្យមនុស្សជាច្រើនអរព្រះគុណព្រះផងដែរ។
- ៤) មានការបញ្ជាក់ អំពីសេចក្តីស្រឡាញ់ដែលយើងមានចំពោះព្រះអង្គ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមានក្នុងយើង។ “បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន?”(១យ៉ូហាន ៣:១៧)។ បានសេចក្តីថា ពេលណាយើងដាក់ដង្វាយ ដោយចិត្តសប្បុរស ហើយបើកទ្វារផ្ទះស្វាគមន៍គេ នោះបញ្ជាក់ថា សេចក្តីស្រឡាញ់របស់ព្រះ មានក្នុងជីវិតយើង។ យើងជាអ្នកជឿពិតប្រាកដ មិនមែនជាគ្រីស្ទបរិស័ទតែសម្បកក្រៅនោះឡើយ។
- ៥) រង្វាន់ចុងក្រោយគឺ យើងសន្សំទ្រព្យនៅស្ថានសួគ៌។ “ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ … ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង”(លូកា ១២:៣៣-៣៤)។