
អំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព
ដោយJohn Piper
September 23, 2023
“បាបនាងបានអត់ទោសឲ្យនាងហើយ”។ លូកា ៧:៤៨ មានស្រ្តីម្នាក់បានចូលមករកព្រះយេស៊ូវ ដោយការទួញយំ ហើយក៏បានលាងព្រះបាទព្រះអង្គ។ យើងអាចដឹងច្បាស់ថា នាងមានអារម្មណ៍អៀនខ្មាស ព្រោះកែវភ្នែករបស់លោកស៊ីម៉ូនចង់បង្ហាញដល់មនុស្សម្នាក់ៗ ដែលមានវត្តមាននៅទីនោះថា ស្រ្តីនេះជាមនុស្សមានបាប ហើយចង់បង្ហាញថា ព្រះយេស៊ូវគ្មានមូលហេតុអ្វី ដែលត្រូវឲ្យនាងប៉ះព្រះបាទព្រះអង្គនោះឡើយ។ ជាការពិតណាស់ នាងជាមនុស្សមានបាប។ មានពេលដែលយើងមានភាពអាម៉ាសពិតប្រាកដ តែមិនអាម៉ាសជារៀងរហូតនោះទេ។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គបានអត់ទោសបាបឲ្យនាងហើយ (លូកា ៧:៤៨)។ ពេលដែលភ្ញៀវទាំងឡាយកំពុងរអ៊ូអំពីរឿងនេះ ព្រះអង្គក៏បានពង្រឹងជំនឿនាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”(លូកា ៧:៥០)។ តើព្រះយេស៊ូវបានជួយនាងជម្នះផលវិបាកនៃក្តីអាម៉ាស់ ដោយរបៀបណា? គឺព្រះអង្គបានមានបន្ទូលសន្យានាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”។ ត្រង់ចំណុចនេះ ព្រះអង្គបានប្រកាសថា ឥឡូវនេះ ការអត់ទោស ចំពោះអំពើបាបពីអតីតកាលបាននាំមកនូវសេចក្តីសុខសាន្ត ឬសន្តិភាព ក្នុងពេលអនាគតហើយ។ ដូចនេះ បញ្ហារបស់នាងនៅពេលនេះ គឺត្រូវមានជំនឿលើព្រះគុណរបស់ព្រះ សម្រាប់ពេលអនាគត ដែលបានចាក់ឫសចូលទៅក្នុងព្រះរាជកិច្ចនៃការអត់ទោសបាបរបស់ព្រះយេស៊ូវ និងព្រះបន្ទូលដែលរំដោះឲ្យមានសេរីភាព។ នេះជារបៀប ដែលយើងម្នាក់ៗត្រូវតយុទ្ធនឹងភាពអាម៉ាសដ៏ត្រឹមត្រូវ មិនមែនក្តីអាម៉ាសក្លែងក្លាយ តែក្តីអាម៉ាសដែលយើងពិតជាមានមែន ក្តីអាម៉ាសដែលគំរាមថា នឹងនៅបន្តមានយូរពេក ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងត្រូវតែជម្នះការមិនជឿ ដោយសារភាពអាម៉ាសដែលបណ្តាលឲ្យយើងធ្វើអ្វីមិនកើត ដោយប្រកាន់ខ្ជាប់នូវព្រះបន្ទូលសន្យា អំពីព្រះគុណ និងសន្តិភាពក្នុងពេលអនាគត ដែលបានប្រទានមក តាមរយៈការអត់ទោសរបស់ព្រះ ចំពោះការប្រព្រឹត្តដ៏អាម៉ាសរបស់យើង។
- “ទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់”(ទំនុកដំកើង ១៣០:៤)។
- “ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ”(អេសាយ ៥៥:៦-៧)។
- “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
- “ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់”(កិច្ចការ ១០:៤៣)។