ព្រឹក

នៅតែបង្កើតផលផ្លែថ្វាយព្រះ
ដោយJohn Blase
January 19, 2025
ទំនុកដំកើង ៩២:១២-១៥
កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល។ ទំនុកដំកើង ៩២:១៤
មានរឿងចាស់បុរាណមួយ បានដំណាលអំពីស្រ្តីម្នាក់ដែលបានចុះទៅដងទឹកពីទន្លេដាក់ផ្ទះ ជារៀងរាល់ថ្ងៃ ដោយប្រើដងរ៉ែកដែលមានធុងទឹកពីរនៅសង្ខាង។ ធុងទឹកមួយនៅថ្មី មានភាពរឹងមាំ ហើយធុងទឹកមួយទៀតចាស់ មានស្នាមប្រេះ។ នៅពេលដែលគាត់ទៅដល់ផ្ទះ ធុងទឹកថ្មីនៅមានទឹកពេញ តែធុងទឹកចាស់បានជ្រាបទឹកស្ទើរតែនៅទទេ។ ធុងទឹកចាស់មានអារម្មណ៍សោកស្តាយ ហើយក៏បានសុំទោសគាត់។ ស្រ្តីនោះក៏បានងាកទៅមើលចិញ្ចើមផ្លូវ ហើយក៏បានសួរធុងទឹកចាស់នោះថា “តើឯងបានឃើញដើមផ្កាទាំងអស់នោះ ដែលដុះនៅលើចិញ្ចើមផ្លូវទេ? រៀងរាល់ថ្ងៃ ទឹកដែលបានស្រក់ចេញពីឯង បានស្រោចដើមផ្កាទាំងអស់នោះ ហើយពេលខ្ញុំដើរទៅដងទឹកម្តងៗ ខ្ញុំតែងតែមានចិត្តស្រស់ស្រាយ ដោយសារសម្រស់របស់ដើមផ្កាទាំងនោះ”។
យើងកំពុងរស់នៅក្នុងលោកិយដែលឲ្យរង្វាន់ និងកោតស្ញប់ស្ញែង ចំពោះយុវភាព ដែលនៅក្មេងវ័យ និងរឹងមាំ មិនប្រេះស្រាំ ហើយមានប្រសិទ្ធភាព។ តែព្រះគម្ពីរប៊ីបបានប្រាប់យើងយ៉ាងច្បាស់ អំពីសម្រស់ដែលមានភាពសុចរិត ដែលកើតចេញពីមនុស្សចាស់ និងមានភាពទន់ខ្សោយជាង ហើយប្រហែលជាមានភាពប្រេះស្រាំ និងងាយរងគ្រោះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដែលមានវ័យចាស់បានពោលថា “ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ”(ទំនុកដំកើង ៩២:១២)។
ការមានវ័យចាស់មិនតែងតែមានន័យថា មានប្រាជ្ញានោះទេ តែមនុស្សចាស់អាចរួមចំណែកក្នុង ជួយជីវិតយើងឲ្យលូតលាស់ តាមរបៀបដែលមនុស្សវ័យក្មេងមិនអាចផ្តល់ឲ្យបាន ដោយសារមនុស្សចាស់ខ្លះបានរស់នៅបានច្រើនឆ្នាំជាង និងមានបទពិសោធន៍ច្រើនជាង ហើយក៏បានចាក់ឫសចូលជ្រៅជាង និងមានការចម្រើនឡើង ក្នុងការទុកចិត្តព្រះ។ មនុស្សប្រភេទនេះ “កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ខ.១៤)។
មនុស្សចាស់ ដែលមានភាពចាស់ទុំខាងវិញ្ញាណ នៅតែបន្តបង្កើតផលផ្លែដ៏ស្រស់ស្អាត។ ចូរយើងចំណាយពេលមើលផលផ្លែនោះ ហើយជួយទំនុកបម្រុងពួកគាត់។ —John Blasé
តើមានអ្នកចាស់ទុំណាខ្លះ ដែលបានជួយអ្នកចម្រើនឡើងក្នុងព្រះគ្រីស្ទ? តើអ្នកនឹងផ្តល់កិត្តិយសដល់ពួកគេដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវភ្នែក ឲ្យមើលឃើញមនុស្សដែលនៅតែបន្តបង្កើតផលផ្លែ ក្នុងវ័យចាស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០