
មានតម្លៃចំពោះព្រះវរបិតា
ដោយJames Banks
April 3, 2025
វិវរណៈ ៥:៧-១៤
តួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ... កាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ។ វិវរណៈ ៥:៨
ឪពុករបស់ខ្ញុំមានកូនកាំបិតចាស់មួយដែលរិចរិល និងមានពណ៌ស្រអាប់ ដោយឆ្លងកាត់ពេលវេលាជាយូរមកហើយ។ ផ្លែកាំបិតនោះបានឆែប ហើយដងរបស់វាក៏មានស្នាមទ្រុឌ តែវាជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលគាត់បានទុកក្នុងប្រអប់ ក្នុងទូរខោអាវរបស់គាត់ រហូតដល់ពេលដែលគាត់ប្រគល់វាមកឲ្យខ្ញុំ។ គាត់ប្រាប់ខ្ញុំថា កាំបិតនេះ ស្ថិតក្នុងចំណោមកេរដំណែលបន្តិចបន្តួចដែលគាត់ទទួលបានពីជីតារបស់ខ្ញុំ។ តារបស់ខ្ញុំបានលាចាកលោក កាលឪពុករបស់ខ្ញុំនៅក្មេងនៅឡើយ ហើយឪពុករបស់ខ្ញុំបានចាត់ទុកកាំបិតរបស់គាត់ ជាវត្ថុមានតម្លៃ។
ព្រះគម្ពីរប៊ីបបានប្រាប់យើងថា ព្រះអម្ចាស់ក៏មានទ្រព្យសម្បត្តិ ដែលយើងមិននឹកស្មានដល់ផងដែរ។ កណ្ឌគម្ពីរវិវរណៈ បានពិពណ៌នាថា នៅជុំវិញបល្ល័ង្ករបស់ព្រះនៅស្ថានសួគ៌ មាន “តួមានជីវិតទាំង៤” និងពួកចាស់ទុំ២៤នាក់ ក្រាបចុះ ដើម្បីថ្វាយបង្គំព្រះយេស៊ូវ(ជំពូក ៤-៥)។ ចាស់ទុំម្នាក់ៗកំពុងកាន់ “ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ”(៥:៨)។ នៅសម័យបុរាណ គ្រឿងក្រអូបជាវត្ថុមានតម្លៃ សម្រាប់ឲ្យពួកស្តេចប្រើ(សូមយើងគិតអំពី មាស កំញាន និងគ្រឿងក្រអូប ដែលពួកហោរបានថ្វាយព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ២:១១)។ នៅពេលខ្លះ ការអធិស្ឋានរបស់យើងហាក់ដូចជាមិនមានតម្លៃចំពោះយើងទេ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យពួកចាស់ទុំទាំងនោះលើកសេចក្តីអធិស្ឋានរបស់យើងថ្វាយព្រះអង្គជានិច្ច។
កណ្ឌគម្ពីរវិវរណៈ ជំពូក៥ បាននិយាយសង្កត់ធ្ងន់ អំពីភាពសក្ដិសមរបស់ព្រះយេស៊ូវ ដោយសារព្រះអង្គមានព្រះជន្មដែលគ្មានបាប និងបានសុគតដោយសេចក្តីស្រឡាញ់ ដើម្បីយើង។ ភាពសក្ដិសមរបស់ព្រះយេស៊ូវចង្អុលបង្ហាញយើង អំពីមូលហេតុដែលព្រះទ្រង់ ឲ្យតម្លៃមកលើការអធិស្ឋានរបស់យើង។ សេចក្តីអធិស្ឋានរបស់យើងមានតម្លៃ ចំពោះព្រះ ព្រោះយើងមានតម្លៃចំពោះព្រះអង្គយ៉ាងខ្លាំង។ ដោយសារព្រះអង្គស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ ដែលមិនអាត្មានិយម មិនអាចកាត់ថ្លៃបាន និងមានសេចក្តីមេត្តា នោះព្រះអង្គក៏សព្វព្រះទ័យឲ្យយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយការអធិស្ឋានផងដែរ។—James Banks
តើអ្នកស្រឡាញ់ព្រះ ដោយការអធិស្ឋានរបស់អ្នកដូចម្តេចខ្លះ នៅថ្ងៃនេះ? តើអ្នកអាចអធិស្ឋានឲ្យនរណាខ្លះ
និងអធិស្ឋានអំពីរឿងអ្វីខ្លះ ដល់ព្រះអង្គនៅថ្ងៃនេះ?
ឱព្រះអង្គសង្គ្រោះដែលមានសេចក្តីស្រឡាញ់ ព្រះអង្គសក្តិសមនឹងទទួល “ព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា
ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ”(វិវរណៈ ៥:១២)។
Visit ODBU.org/SF120 to discover more about the life-enriching power of prayer.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងរស់ ១-៤ និង លូកា ៨:១-២៥