
ជួយឲ្យរួចពីដាវដ៏អាក្រក់
ដោយTim Gustafson
May 26, 2025
ទំនុកដំកើង ១៤៤:១-២,៨-១៥
ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់។ ទំនុកដំកើង ១៤៤:៩
រូបចម្លាក់ដែលគួរឲ្យកត់សំគាល់ ដែលលោកសាប៊ីន ហោវើត(Sabin Howard) បានឆ្លាក់ មានចំណងជើងថា ការធ្វើដំណើររបស់ទាហានម្នាក់ បានបង្កប់នូវភាពក្លៀវក្លា និងការឈឺចាប់យ៉ាងខ្លាំង។ រូបចម្លាក់នោះ ជាចម្លាក់នៅលើជញ្ជាំង មានប្រវែង១៧ម៉ែត្រ ដែលក្នុងនោះ មានចម្លាក់រូបមនុស្ស៣០នាក់ធ្វើពីលង្ហិន ទ្រេតខ្លួនទៅមុខ ជាការឆ្លុះបញ្ចាំងអំពីជីវិតរបស់ទាហានម្នាក់ ក្នុងសម័យសង្គ្រាមលោកលើកទី១។ គាត់បានឆ្លាក់រូបនេះចប់សព្វគ្រប់នៅឆ្នាំ២០២៤ ជាផ្ទាំងចម្លាក់វែងអន្លាយ មានការពិពណ៌នា ដែលចាប់ផ្តើមដោយការគ្រវីដៃលាក្រុមគ្រួសារដោយចិត្តឈឺឆាប់ ចូលទៅក្នុងការធ្វើដំណើរដ៏រំភើប និងការយល់ដឹង ឆ្ពោះទៅរកភាពតក់ស្លុតនៃសង្គ្រាម។ ទីបំផុត រូបចម្លាក់នោះក៏បាននិយាយអំពីការវិលត្រឡប់មកផ្ទះវិញ ដោយមានកូនស្រីរបស់អតីតយុទ្ធជន បើកមើលមួកដែករបស់គាត់ ដែលជាការបង្ហាញឲ្យដឹងជាមុន អំពីសង្គ្រាមលោកលើទី២។
តាមរយៈស្នាដៃសិល្បៈនេះ លោកហោវើត បានព្យាយាម “បើកបង្ហាញអំពីខ្សែជីវិតរបស់មនុស្ស ដែលអាចឈានទៅដល់កំរិតខ្ពស់បំផុត ហើយក៏អាចលិចលង់ដល់កំរិតរបស់សត្វតិរច្ឆាន”។ គេអាចដឹងអំពីការពិតមួយនេះ តាមរយៈសង្គ្រាម។
ស្តេចដាវីឌជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើង បានជ្រាបច្បាស់ អំពីផលវិបាកនៃសង្គ្រាម ដែលមានការបង្ហូរឈាម។ ទ្រង់បានជ្រាប អំពីភាពចាំបាច់នៃសង្គ្រាម ដើម្បីប្រយុទ្ធប្រឆាំងនឹងការអាក្រក់ បានជាទ្រង់សរសើរដំកើងព្រះដែលបានបង្ហាត់ព្រះហស្តទ្រង់ ឲ្យចេះធ្វើសង្គ្រាម(ទំនុកដំកើង ១៤៤:១)។ តែទ្រង់ក៏បានដកព្រះកាយចេញពីការប្រយុទ្ធគ្នា ដោយអធិស្ឋានសូមព្រះអម្ចាស់រំដោះទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់(ខ.១០-១១)។ ស្តេចដាវីឌបានសម្លឹងឆ្ពោះទៅរកពេលដែលយុវជនមិនស្លាប់ដោយសារសង្គ្រាម តែ “នឹងបានដូចជាដើមណា ដែលចំរើនធំឡើងពីកាលនៅក្មេង”
ហើយយុវតីនឹងបានដូចជាសសរថ្ម “ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង”(ខ.១២)។ នៅថ្ងៃនោះ “នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ”(ខ.១៤)។
ពេលយើងក្រឡេកមកក្រោយ យើងអាចនឹកចាំ អ្នកដែលបានដួលក្នុងសង្គ្រាម។ ពេលយើងមើលទៅមុខ យើងអាចច្រៀងជាមួយស្តេចដាវីឌថា “ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់
ដោយដេញពិណខ្សែ១០”(ខ.៩)។—Tim Gustafson
តើសង្គ្រាមមានផលប៉ះពាល់មកលើអ្នក យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចូលរួមបង្កើតឲ្យមានសន្តិភាព?
ឱព្រះវរបិតា យើងខ្ញុំនឹកចាំអ្នកដែលបានស្លាប់ក្នុងសង្គ្រាម។ យើងខ្ញុំស្រេកឃ្លានចង់បានសន្តិភាពដ៏ស្ថិតស្ថេររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៨-២៩ និង យ៉ូហាន ៩:២៤-៤១