
ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ
ដោយLisa Samra
May 29, 2025
កិច្ចការ ១:១-៩
កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ ... រហូតដល់ចុងផែនដីបំផុតផង ។ កិច្ចការ ១:៨
ពេលមួយ ទីក្រុងរបស់ខ្ញុំស្ទើរតែងងឹតគ្រប់ទីកន្លែង ដោយសារព្យុះទឹកកកធំមួយ ដែលបានធ្វើឲ្យដាច់ខ្សែភ្លើងជាច្រើនគីឡូម៉ែត្រ ធ្វើឲ្យមិត្តភក្តិខ្ញុំជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ដើម្បីកម្តៅផ្ទះរបស់ពួកគេ ក្នុងរដូវរងាដែលមានអាកាសធាតុត្រជាក់ស្ទើរកក។ ក្រុមគ្រួសារជាច្រើនរង់ចាំមើលឡានរបស់ជាងជួសជុលដែលត្រូវមក ដើម្បីតភ្ជាប់អគ្គិសនីឡើងវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា គេបានប្រើកន្លែងចតឡានរបស់ព្រះវិហារមួយ ធ្វើជាទីបញ្ជាការបណ្ដោះអាសន្ន សម្រាប់រថយន្ត ដែលគេបានបញ្ជូនទៅជួយអ្នកដែលមានតម្រូវការផ្សេងៗ។
ពេលដែលខ្ញុំបានឮគេនិយាយ អំពីឡានរបស់ជាងជួសជុលទាំងនោះ ខ្ញុំក៏បាននឹកចាំ អំពីព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ទៅកាន់ពួកសាវ័ករបស់ព្រះអង្គ ក្នុងកណ្ឌគម្ពីរកិច្ចការ។ រយៈពេល៤០ថ្ងៃ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានបង្ហាញអង្គទ្រង់ ដល់ពួកសាវ័ក ដើម្បីលើកទឹកចិត្ត និងបង្រៀនពួកគេ អំពីនគរព្រះ(កិច្ចការ ១:៣)។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គក៏បានប្រទានព្រះបន្ទូលសន្យាចុងក្រោយថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា”(ខ.៨)។
ព្រះគ្រីស្ទបានសន្យាថា ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន នឹងបានប្រទានមកពួកសាវ័ក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ គោលបំណងនៃការប្រទានព្រះចេស្តានេះ មិនមែនដើម្បីឲ្យពួកគេប្រើសម្រាប់តែខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពួកសាវ័កបានអនុញ្ញាតឲ្យព្រះទ្រង់ប្រទានព្រះចេស្តា ក្នុងការងារបេសកកម្ម ដែលជាការប្រាប់អ្នកដទៃ ឲ្យពួកគេបានដឹងថា ពួកគេបានដាច់ចេញពីព្រះ ដោយសារអំពើបាប ហើយត្រូវផ្សះផ្សារទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ ដោយទទួលសេចក្តីសង្គ្រោះ ព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ខណៈពេលដែលយើងចូលទៅក្នុងសហគមន៍របស់យើង យើងមានព្រះចេស្តា និងការត្រាស់ហៅ ដូចនេះផងដែរ។ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណ យើងអាចចែកចាយដល់អ្នកដែលកំពុងរងទុក្ខ និងចែកចាយអំពីរបៀបដែលពួកគេក៏អាចទទួលព្រះចេស្តារបស់ព្រះអង្គ។—Lisa M. Samra
តើអ្នកបានដកពិសោធន៍ជាមួយព្រះចេស្តានៃព្រះវិញ្ញាណព្រះ ដែលបានជួយអ្នកដូចម្តេចខ្លះ?
តើអ្នកអាចចែកចាយទីបន្ទាល់នេះដល់អ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់អំណោយនៃព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩