
ចិត្តដែលសប្បុរស
ដោយWinn Collier
June 12, 2025
ហេព្រើរ ១៣:១៥-២១
កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ហេព្រើរ ១៣:១៦
លោក សាដូ ម៉ានេ(Sadio Mané) ជាតារាបាល់ទាត់ មកពីប្រទេសសេនេហ្កាល់ កំពុងប្រកួតឲ្យក្រុមលីវើភូល ក្នុងការប្រកួតព្រីមាលីក នៅប្រទេសអង់គ្លេស គាត់ស្ថិតក្នុងចំណោមកីឡាករអាហ្វ្រិក ដែលមានថ្លៃខ្លួនខ្ពស់បំផុត ដោយរកប្រាក់ចំណូលបានរាប់លានដុល្លា ក្នុងមួយឆ្នាំ។ អ្នកគាំទ្ររបស់គាត់បានឃើញរូបថតគាត់កំពុងកាន់ទូរស័ព្ទអាយហ្វូន ដែលមានអេក្រង់ប្រេះ ហើយក៏បាននិយាយកំប្លែង អំពីរឿងដែលគាត់ប្រើឧបករណ៍ដែលខូចនេះ។ គាត់ក៏បានឆ្លើយតបដោយការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ គាត់សួរគេវិញថា “តើឲ្យខ្ញុំយករថយន្តទំនើបហ្វារ៉ារី១០គ្រឿង នាឡិការដាំពេទ្យ២០គ្រឿង និងយន្តហោះ២គ្រឿង ទៅធ្វើអ្វី? ខ្ញុំធ្លាប់រស់នៅដោយភាពអត់ឃ្លាន ខ្ញុំធ្វើការនៅកណ្តាលវាល លេងបាត់ទាល់ដោយជើងទទេ ហើយមិនបានទៅធ្វើការទេ។ ឥឡូវនេះ ខ្ញុំអាចជួយអ្នកដទៃបានហើយ។ ខ្ញុំសុខចិត្តសាងសង់សាលារៀន ចែកអាហារ និងសម្លៀកបំពាក់ដល់អ្នកក្រ... និយាយរួម គឺឲ្យរបស់ខ្លះ ដែលខ្ញុំទទួលបានក្នុងជីវិត”។
លោកម៉ានេ បានដឹងថា ការបង្គរទ្រព្យទុកសម្រាប់ខ្លួនឯង ជាទង្វើដ៏ល្ងង់ខ្លៅ ខណៈពេលដែលមនុស្សជាច្រើន នៅស្រុកកំណើតរបស់គាត់ កំពុងជួបការលំបាកយ៉ាងត្រដាបត្រដួស។ កណ្ឌគម្ពីរហេព្រើរបានរំឭកយើងថា យើងក៏ត្រូវរស់នៅ ដោយចិត្តសប្បុរសដូចនេះផងដែរ មិនមែនទាល់តែយើងមានទ្រព្យសម្បត្តិច្រើននោះឡើយ។ “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ការប្រព្រឹត្តដោយចិត្តសប្បុរស មិនគ្រាន់តែជាទង្វើដ៏ត្រឹមត្រូវប៉ុណ្ណោះទេ តែយោងតាមព្រះគម្ពីរ អំពើសប្បុរសធម៌ក៏បានធ្វើឲ្យព្រះទ្រង់ញញឹមផងដែរ។ តើនរណាមិនចង់ធ្វើឲ្យព្រះសព្វព្រះទ័យ?
យើងមិនអាចវាស់សេចក្តីសប្បុរស ដោយទំហំនៃអំណោយរបស់យើងបានឡើយ។ ផ្ទុយទៅវិញ សេចក្តីសប្បុរសសំដៅទៅលើសណ្ឋាននៃចិត្តរបស់យើង។ យើងអាចធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ(ខ.២១) នៅពេលដែលយើងបើកដៃរបស់យើងឲ្យទូលាយ ហើយចែកអ្វីដែលយើងមានដល់គេ ដោយស្ម័គ្រពីចិត្ត ដោយមិនចង់បានអ្វីពីគេមកវិញ។—Winn Collier
តើអ្នកបានបង្ហាញសេចក្តីសប្បុរស ដល់អ្នកដទៃដូចម្តេចខ្លះ? តើធ្វើដូចម្តេចឲ្យអ្នកមានចិត្តសប្បុរស?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលបានបង្ហាញព្រះទ័យសប្បុរសដល់ទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តសប្បុរសផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៣-៥ និង យ៉ូហាន ២០